ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ​ជួយ​សម្រួល​ការ​ព្យាបាល​កូន​នេន​មាន​ជំងឺ​ខ្ទុះ​ក្នុង​ពោះ​វៀន​

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ស្រី​ចាស់​វស្សា​ កញ្ញា ​សូ ដា​នី​តា ដោយ​មើល​ឃើញ​ពី​ក្តី​អាណិតអាសូរ ​និង​មាន​ការ​ខ្វះខាត​របស់​គ្រួសារ​កូន​នេន​ ដែល​កំពុង​មាន​ជំងឺ​ខ្ទុះ​ក្នុង​ពោះវៀន​ ត្រូវ​ចូល​វះកាត់​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ នាង​ក៏បាន​ចូលរួម​លើកទឹកចិត្ត​តាមរយៈ​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​កូន​នេន​រូប​នេះ​ផង​ដែរ។

ការប្រកាស​បរិច្ចាគ​ថវិកា​ពី​សំណាក់​តារា​សម្ដែង ​អ្នកនាង​ សូ ដា​នី​តា នាពេលនេះ​ បានធ្វើ​ឡើង​ស្រប​ពេល​ដែលមាន​កា​រ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បានបង្ហាញ​ពី​ការ​អស់សង្ឃឹម​របស់​កូន​នេន​រូបនោះ ​ខណៈដែល​ក្រុមគ្រួសារ​ខ្វះខាត​លទ្ធភាព​ ដើម្បី​សម្រួល​ចេញថ្លៃ​ព្យាបាល​ក្នុង​ការ​វះកាត់​ខ្ទុះ​ក្នុង​ពោះវៀន​។​

បើតាម​ការបញ្ជាក់​ពី​ កញ្ញា សូ ដា​នី​តា បាន​លើកឡើងថា​ ទោះជា​មិនបាន​ជួយ​ច្រើន​ ក៏បាន​ជួយ​ថវិកា​បន្តិចបន្តួច​ប្រគេន​ដល់​គ្រួសារ​នេន​តូច សម្រាប់​ថ្លៃ​ថ្នាំ​ព្យាបាល​ក្នុង​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​របស់​នេន​តូច​ដែរ។​

សូមទោស​នាង​ខ្ញុំ​អត់​បាត់ទៅ​ប្រគេន​ផ្ទាល់ដៃ ​ព្រោះ​ខ្ញុំ​ជាប់រវល់ និង អរគុណ ដល់​ប្អូនៗ​សារព័ត៌មាន​ដែល​បាន​យក​ថវិកា​នាង​ខ្ញុំ​ប្រគេន​ដល់​នេន​តូច​ និងគ្រួសារ​នេន​។​

ជាមួយគ្នា ​នៃ​ការប្រកាស​បរិច្ចាគ​ថវិកា ​ដើម្បី​ជួយ​សម្រួល​ថ្លៃ​ព្យាបាល​របស់​តារា​សម្តែង​ស្រី​ កញ្ញា សូ ដា​នី​តា ខាងលើ​នេះដែរ​ ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ការ​គាំទ្រ​ និង​លើក​សរសើរ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​តារា​ស្រី​រូប​នេះ ​ក្នុង​ការ​ចូលរួម​ចែករំលែក​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កូន​នេន​ខាងលើនេះ​។​

សូមបញ្ជាក់ថា ​កាលពី​ថ្មីៗ​នេះ​ មានការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ចែករំលែក​បន្ត​ក្រោយពេល​ដែលមាន​ការលើក​ឡើង​បែបនេះ​ថា​ កូន​នេន​អាពាធ ​ហើយ​យកទៅ​ពេទ្យ​ថា​ ខ្ទុះ​ក្នុង​ពោះវៀន​ ពេទ្យ​ថា​ ត្រូវ​វះ​ ឥឡូវ​ញោម​លោក​កំពុង​គិត​គ្នា​សិន គួរ​ឲ្យ​អាណិត​ណាស់ ​សូម​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ និង​គុណព្រះពុទ្ធ​ជា​ម្ចាស់​តាម​ជួយ​ថែរក្សា​លោក​ប្អូន​ឆាប់​ជាសះស្បើយ​ណា​លោក​ប្អូន​ឆាប់​ជា ​និង​បាន​ទៅ​វត្ត​វិញ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114