ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ វឿន ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​CARABAO ​ទម្ងន់​៥៧​គ​.​ក្រ​

ប្រដាល់ ៖ អ្នក​ប្រដាល់​លាភ រដ្ឋា ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ ខេត្ត​បន្ទាយមានជ័យ បាន​របូត​បាត់​ខ្សែក្រវាត់ បន្ទាប់ពី​គេ​ប្រកួត​ចាញ់ ​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើស​ង្វៀន​SEATV កាលពី​ល្ងាច​ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០១៩​នោះ ធ្វើឲ្យ វ៉ាន់ វឿន ក្លាយ​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​Carabao ទម្ងន់​៥៧​គីឡូក្រាម។​

វ៉ាន់ វឿន និង លាភ រដ្ឋា បាន​ឡើង​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​តំណែង​ជើងឯក​ខ្សែក្រវាត់​Carabao​នេះ បន្ទាប់ពី​ពួកគេ​ទាំង​២ រូបនេះ បាន​ឆ្លងកាត់​ក្នុងការ​ប្រកួត​ជម្រុះ​៤​ប្រកួត​កន្លងមក​នោះ។​

នៅក្នុង​ការប្រកួត​ដណ្ដើម​តំណែង​ជើងឯក​ខ្សែក្រវាត់​នេះ វ៉ាន់ វឿន ប្រកួត ​ឈ្នះ​ លាភ រដ្ឋា ដោយ​ពិន្ទុ​ដាច់​តែម្តង ពោល​គឺ​៥ ​ទល់​ និង​០ គឺ​ចៅក្រម​ទាំង​៥​រូប បាន​ផ្តល់​ពិន្ទុ​ឲ្យ ​វ៉ាន់ វឿន ឈ្នះ​ទាំងអស់គ្នា។

វ៉ាន់ វឿន បានទទួល​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់ ដោយ​បានទទួល​ខ្សែក្រវាត់​មួយ ពាន ១ និង​ប្រាក់រង្វាន់​២០.០០០.០០០​រៀល ប្រហាក់ប្រហែល​នឹង​៥.០០០​ដុល្លារ​អាមេរិក។ ចំពោះ ​លាភ រដ្ឋា ដែល​បាន​លេខ២​នោះ បានទទួល​ពាន​មួយ និង ប្រាក់រង្វាន់​១២.០០០.០០០​រៀល ប្រហាក់ប្រហែល​៣.០០០​ដុល្លារ​អាមេរិក។​

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ខ្សែក្រវាត់​Carabao រដូវ​កាល​ទី​៨ ទម្ងន់​៥៧​គីឡូក្រាម ដែល​ប្រកួត​លើស​ង្វៀន​SEA-TV នេះ មាន​អ្នក​ប្រដាល់​ចូលរួម​ចំនួន​៨​រូប ក្នុងនោះ​ខ្មែរ​៤​រូប និង​ថៃ​៤ រូប ហើយ​បាន​ដំណើរការ​ប្រកួត​អស់​រយៈពេល​ជាង​២​ខែ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១២​មករា ២០១៩ ហើយ​បានមក​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៩។

ចំពោះ​គូ​ដែល​ប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ជាការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នោះ ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ សាំង យុ​ត (Sang Yuot )។​ ឆៃ សា​រ៉ា គេ​ចាញ់​ទាំង​មិន​អស់ចិត្ត​ទេ។ តែ​យ៉ាងណា លទ្ធផល គឺ​៤​ទល់​១ ពោលគឺ​ក្នុង​ចំណោម​ចៅក្រម​ផ្តល់​ពិន្ទុ​ចំនួន​៥​រូប មាន​៤​រូប ​បាន​ផ្តល់​ពិន្ទុ​អោយ​ថៃ​ឈ្នះ និង​១​រូប​ផ្តល់​ពិន្ទុឲ្យ ​ឆៃ សា​រ៉ា ឈ្នះ។

ចំណែក បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក គេ​បាន​ផ្ដួល​យកឈ្នះ​ រ៉ែ​ម រាជ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ខេត្ត​សៀមរាប ក្នុង​ទឹក​ទី​២ ហើយ​ ឡុង សុ​ឃា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា គេ​វាយ​ឈ្នះ ​ប៉ិល សៀង​ហេង អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ពិន្ទុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114