ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ប្រកាស​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយពី​មាន​ភ្លើង​ខៀវ​ឲ្យ​ចូល​ស្រុក​វិញ

ភ្នំពេញ ​៖ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ៊្វុនស៊ិនប៉ិច ប្រកាស​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​អះអាងថា លែង​ហ៊ាន​និយាយស្តី​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​តទៅទៀត​ហើយ ជាមួយគ្នា​នោះ លោក​ក៏បាន​ប្រកាស​ចូលមក​ប្រទេស​កម្ពុជា​វិញ​ផងដែរ ក្រោយពី​មាន​ភ្លើង​ខៀវ​ពី​នាយករដ្ឋមន្ត្រី​។​

លោក លឺ ឡាយស្រេង ប្រកាស​បែបនេះ តាមរយៈ​វីដេអូ​ឡាយ​របស់លោក​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ និង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ហៅ​ឱ្យ​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ។

មាន​ប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ឃើញ​បាងកក​ប៉ុស្តិ៍​ចុះ ដែល​គេ​ធ្វើ​វីដេអូ​ឡាយ សុំ​ចូលមក​ស្រុក សម្តេច​អើយ សុំ​ចូលមក​ងាប់​នៅ​ស្រុក អញ្ជើញ​មក​ចុះ លោកតា គ្មាន​នរណា​គេ​ចាប់​ទេ ខ្ញុំ​ក៏​មិនចាំបាច់​ធ្វើ​សំបុត្រ​លើកលែងទោស​អី​ឱ្យ​តា​ឯង​ដែរ​។ តា​ឯង​អ្នក​និយាយ ខ្ញុំ​ក៏​និយាយ​ទៅវិញ ឥឡូវ​បើក​ឱ្យ លឺ ឡាយស្រេង ចូល​ស្រុក​មក​ខ្ញុំ​ប្រកាស​ហៅ បក់ដៃ​ហៅ តា​អើយ​តា​ត្រឡប់មកវិញ​មក តែ​សូមកុំ​ឡប់​តទៅទៀត កុំ​ហៅ​ព្រះមហាក្សត្រ​សុទ្ធតែ​មាន់គ្រៀវ ជាការ​ប្រមាថ​តែ​ប៉ុណ្ណឹង​ទេ​”​។​

ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី លោក លឺ ឡាយស្រេង បាន​បង្ហោះ​វីដេអូ មួយ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ដោយ​អះអាងថា លោក​នឹក​ស្រុក ហើយ​ចង់​វិល​មកវិញ​ឆាប់ៗ​នេះ ប្រសិនបើ​សម្តេច​តេ​ជោ ហ៊ុន សែន អភ័យទោស​ឲ្យ​លោក ដែល​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​។​

ក្រោយពី​ការប្រកាស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ភ្លាម លោក លឺ ឡាយស្រេង បាន​ឡាយ​វីដេអូ និយាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាងនេះ​ថា “​ថ្ងៃនេះ​ខ្ញុំ​មានការ​រំភើប​ចិត្តខ្លាំង​ណាស់ ដោយ​លឺ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ស្រុក​វិញ​។ កាលពី​ម្សិល​ម្ង៉ៃ​នោះ ខ្ញុំ​បាន​និយាយ ខ្ញុំ​បាន​និយាយ​នៅលើ facebook របស់ខ្ញុំ​ថា នឹក​ស្រុក ចូលឆ្នាំ​អី ស្រាប់តែ​លោក​អនុគ្រោះ​ភ្លាមៗ​ថា ឲ្យ​ចូល​ស្រុក​ចូលទៅ​វិញ គឺថា​រំភើប ហើយ​អរគុណ​បងប្អូន​ទាំងអស់ ដែល​បាន​ទូរស័ព្ទ​មក​គ្រាន់តែ​ឮ សម្ដេច​ប្រកាស​ប៉ុណ្ណឹង និយាយ​ពី​ទូរស័ព្ទ លើក​អត់​ទាន់​ទេ ទូរ​ស័ព្ទ​ពីរ​បី ហ្វេ​ស​ប៊ុ​ក​ផង​អី​ផង លើក​អត់​ទាន់​ទេ គឺថា​គេ​ជួយ​អបអរសាទរ ។ ថ្មី​ម្តងទៀត​សូម​អរគុណ​សម្តេច ដែល​បាន​អនុគ្រោះ ចេះ​យោគយល់​គ្នា ខ្ញុំ​ចេះតែ​មានជំនឿថា ថ្ងៃ​ណាមួយ​សម្ដេច​គង់​នឹកឃើញ​ចាស់ទុំ ធ្លាប់​នៅ​ជាមួយគ្នា ធ្លាប់​ប្រជុំ ធ្លាប់​បម្រើ​នៅ​រដ្ឋាភិបាល​ពីរ​បី​អាណត្តិ មិន​ដែលមាន​សៅហ្មង គ្មានអ្វី​ទាំងអស់ ប៉ុន្តែ​វា​ភ្លាត់មាត់ អា​មាត់​ហ្នឹង វា​និយាយ​ទៅ ចឹ​ង​បាន​ថា លែង​ហ៊ាន​ហើយ ជាមួយ​ព្រះកូណា លេង​និយាយ​លែង​អី​ហើយ និយាយ​ទៅ​វា​រត់ចោលស្រុក វា​ប៉ះពាល់​កិត្តិនាម​របស់​ព្រះ​កូ​ណា​”​។

លោក លឺ ឡាយស្រេង និយាយទៀតថា សូម​ស្មារទោស រាជទាន​ទោស ដល់​ទូលព្រះបង្គំ ដែល​ធ្លាប់​បម្រើ​ព្រះអង្គ តាំងពី​ព្រះ​រាជបិតា​រហូតមក ដល់​ប្រ​អង្គ​សព្វថ្ងៃ​ទៀត ព្រោះ​ចង់បាន​ព្រះអង្គ​ចេញមុខ​ដោះស្រាយ​ឲ្យ​បាន​ចប់​ឆាប់ៗ ហើយ​ខ្ញុំ​ក៏បាន​តាំងចិត្ត​ថា អ្វីៗ​ល្មម​ឈប់​និយាយ​ហើយ ឈប់​ថ្លែង​ហើយពី​ព្រោះ​អ្វីៗ​បាន​ថ្លែង​មក​អស់ហើយ​។ តា​ចាស់​ខ្ញុំ​នេះ គួរតែ​ធ្វើ​មូលនិធិ​ធ្វើបុណ្យ​ធ្វើ​ទាន​ទទួល​ចាស់ៗ​ទៅ​នៅ​ជាមួយ​ល្អជា​ជាង​។ ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អរគុណ អរគុណ​សម្ដេច ពីព្រោះ​ខ្ញុំ​បាន​ស្គាល់​សម្ដេច​ច្បាស់លាស់​ណាស់ ហើយ​អរគុណ​ណាស់ ដែល​ខ្ញុំ​អំពាវនាវ​ហើយ សម្ដេច​បាន​ឆ្លើយតប​ភ្លាមៗ ហើយ​ស្អែក​ខានស្អែក ខ្ញុំ​នឹង​ទៅ​បាងកក ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព …​អរគុណ​បងប្អូន​នឹង​ជួបគ្នា​ឆាប់​”​នេះ​។​

សូមបញ្ជាក់ថា កាលពីរ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មួយ​ឈ្មោះ សីហា បាន​ទម្លាយ​សំឡេង​សន្ទនា​រវាង​លោក លឺ ឡាយស្រេង ជាមួយ​លោកស្រី គី លំអង ដោយបាន​ប្រើពាក្យ​សម្តី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅលើ​ព្រះមហាក្សត្រ​។ ហ្វេ​ស​ប៊ុ​ក​នោះបាន​សរសេរថា ”​យើងខ្ញុំ បានទទួល​នូវ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក លឺ ឡាយស្រេង ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច កាលពី​វេលា​ម៉ោង​៧ និង ១៥​នាទី​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​នេះ ដោយ​លោក លឺ ឡាយស្រេង បាន​ប្រើ​ពាក្យសម្តី​ប្រមាថកាតទាន​យ៉ាងធ្ងន់ធ្ងរ​បំផុត ទៅលើ​អង្គ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរព​សក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​”​។ សម្ដី​ឆ្លើយឆ្លង​គ្នា​រវាង លោក លឺ ឡាយស្រេង ជាមួយ​លោកស្រី គី លំអង បានលើកឡើង​ពី​ផែនការ ដែល​នឹងមាន​មន្ត្រី​មួយចំនួន​ចង់ទៅ​ចូលគាល់​ព្រះមហាក្សត្រ ក្រោមលេស​ដែល​គេ​បាន​និយាយថា ដើម្បី​បន្ថយកម្ដៅ​នយោបាយ ហើយ​ទំនងជា​ចង់​សុំ​ការសម្រេច​ព្រះទ័យ​ពី​ព្រះមហាក្សត្រ ឱ្យធ្វើ​អ្វីមួយ​តាម​គោលបំណង​របស់​ពួកគេ ប៉ុន្តែ គី លំអង គិតថា ប្រហែល​ព្រះមហាក្សត្រ​មិន​ហ៊ាន​ទេ​។ នេះ​បើតាម​សំឡេង​ឆ្លើយឆ្លង​របស់លោក​ស្រី គី លំអង ក្នុងនោះ​មាន​ទាំង​បញ្ចេញ​ឈ្មោះ លោក ឡៅ ម៉ុងហៃ ក៏​នឹងត្រូវ​ចូល​ព្រះបរមរាជវាំង​គាល់​ព្រះករុណា​ផងដែរ ប៉ុន្តែ​លោក លឺ ឡាយស្រេង បាន​ឆ្លើយតប​ទៅ​លោកស្រី គី លំអង វិញ ដោយ​ប្រើ​សម្តី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​ព្រះមហាក្សត្រ​ថា “​បើ​មិន​ហ៊ាន​ទេ​ឲ្យ​ដាក់រាជ្យ​ទៅ ឲ្យ​គេ​ទៅធ្វើ​ម្តងវិញ មាន់គ្រៀវ​អញ្ចឹង​នោះ​។ បន្ទាប់ពី​លឺ​ពាក្យ​នេះ លោកស្រី គី លំអង បាន​សរសើរ​លោក លឺ ឡាយស្រេង ថា …​ក្នុងចំណោម​ហ៊្វុនស៊ិនប៉ិច ចាស់ៗ​មានតែ​បង​ឯង​ទេ​ដែល​ហ៊ាន​ងើប​នោះ​”​។ ក្នុងការ​សន្ទនា​គ្នា​នោះដែរ អ្នក​ទាំងពីរ​ក៏បាន​ប្រើពាក្យ​វាយប្រហារ​ទៅលើ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន ដោយ​ពាក្យ​អសុរោះ​មួយចំនួន ដូចជា ប្រើស​ម្តី​ថា អា​ស្តេច​ចោលម្សៀត​មួយ​នេះ​យ៉ាប់​មែនទែន … ថោកទាប​ណាស់​… អានេះ​បន្តុះបង្អាប់​រាជវង្ស​…​ជាដើម​។ គី លំអង បាន​បន្ទរ​ថា ត្រូវ​ហើយ​បង្អាប់​ព្រះ​កូ​ណា​ទៀត ។ លោក លឺ ឡាយស្រេង ថែមទាំង​បាន​បន្ត​ប្រមាថ​ព្រះមហាក្សត្រ​ទៀតថា បើ​អា​ព្រះ​កូ​ណា​ហ្នឹង​វា​អាប់​ស្រាប់​ផង​ទេ​….“​។​

ក្រោយពី​សារ​សំឡេង​នេះ ត្រូវបាន​បែកធ្លាយ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្តឹង​លោក លឺ ឡាយស្រេង ភ្លាមៗ ទាក់ទង​ករណី​ដេ​ល​លោក លឺ ឡាយស្រេង និយាយ​ចោទប្រកាន់​សម្តេចក្រុមព្រះ​។

ចំណែក​លោក គី តិច មេធាវី​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់ពាក្យ​បណ្តឹង​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក លឺ ឡាយស្រេង ផងដែរ ទាក់ទង​ករណី​ដែល​លោក លឺ ឡាយស្រេង បាន​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​លុយ​ទៅ​ឲ្យ​សមាជិក​គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុង​ម្នាក់ៗ​២ ម៉ឺន​ដុល្លារ ដែល​ចំនួន​សរុប​រហូត​ជិត​១​លាន​ដុល្លារ ហើយ​បានទាមទារ​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ និង​ផ្ដន្ទាទោស​ទៅលើ​លោក លឺ ឡាយស្រេង ទៅតាម​ច្បាប់ និង​ទាមទារ​ឲ្យ​លោក លឺ ឡាយស្រេង សងជំងឺចិត្ត​ទៅ​ដើមបណ្តឹង​៥០០ លាន​រៀល​។​

ក្រៅពី​បណ្ដឹង​របស់​មេធាវី​តំណាង​សម្ដេច ហ៊ុន សែន និង​ពាក្យបណ្ដឹង​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏​រង​នូវ​បណ្ដឹង​មួយទៀត​របស់​ព្រះរាជអាជ្ញា​អម​តុលាការ តាម​អធិបញ្ជា​របស់​ក្រសួងយុត្តិធម៌ ពាក់ព័ន្ធ​ករណី​ប្រមាថ​ចេស្ដា​ព្រះមហាក្សត្រ ហើយ​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឱ្យ​សងជំងឺចិត្ត​៥០០​លាន​រៀល និង​ចំនួន​៨​លាន​រៀល​ចូល​ថវិការដ្ឋ ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​៕


TAG