ព័ត៍មានទាន់​ហេតុការណ៏
Search

បា​ឡា​ស្មាច់​មួយ​គ្រឿង និង​សាច់​អួន​១​វង់​ ដែល​ជា​ឧបករណ៍​ល្មើសច្បាប់​នៅ​លើ​បា​ឡា​នោះ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​​ឆេះ​ម៉ត់​ទាំង​ព្រឹក​

កំពង់ឆ្នាំង ៖ ឧបករណ៍​បទល្មើស​នេសាទ មាន​ទូក​បា​ឡា​ស្មាច់​មួយ​គ្រឿង និង​សាច់​អួន​១​វង់​ ដែល​ផ្ទុក​នៅលើ​ទូក ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​ចាក់​សាំង​ដុត​ឆេះ​ម៉ត់​ទាំង​ព្រឹក ដោយហេតុ​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង10 និង​15 នាទី ​ព្រឹក​ថ្ងៃទី​2 ខែ​មេសា ឆ្នាំ 2019 នៅ​ចំណុច​បឹង​ឆ្អឹង​ដំរី ស្ថិត​ក្នុង​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ទូក​បា​ឡា​ស្មាច់​ និង​សាច់​អួន ខាង​លើ​នេះ គឺជា​របស់​ ឈ្មោះ ចិន ជា​ជនជាតិ​វៀតណាម រស់នៅ​ក្នុង​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ។​ ដោយ​បុគ្គល​រូបនេះ ​តែងតែ​ធ្វើ​សកម្មភាព​អូស​អួន នៅ​ចំណុច​បឹង​ឆ្អឹង​ដំរី​ជា​រៀងរាល់​យប់ ដោយមាន​ការបើក​ដៃ​ពី​មន្ត្រីជលផល​ផងដែរ គឺ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អួន​អូស​នៅ​ក្នុង​បឹង​អភិរក្ស​ខាងលើនេះ។

​ការ​អនុញ្ញាត​ឲ្យ​គេ​នេសាទ​បែបនេះ វា​ប៉ះពាល់​ទៅដល់​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ។​

ប្រជាពលរដ្ឋ​បាន​សន្និដ្ឋាន​ថា​ ប្រហែលជា​គេ​ខឹង​ជនជាតិ​វៀតណាម​រូបនោះ ដែល​ធ្វើ​ឲ្យ​ដាច់​មង​សន្ទូច​របស់​គេ ទើប​គេ​លួច​ដុត​ទុក ​និង​សាច់​អួន​នោះ​ចោល​តែម្តង​ទៅ។ ដែល​នេះ ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​របស់​ពួកគាត់​តែប៉ុណ្ណោះ។ ​ប៉ុន្តែ​យ៉ាងណា ​ក៏​ពួកគាត់​មិន​គាំទ្រ​នូវ​ទង្វើ​ខុសច្បាប់​ណាមួយ​នោះដែរ ទាំង​ការរកស៊ី​អូស​អួន​ល្មើសច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស ទាំង​ការ​លួច​ដុត​កម្ទេច​ចោល​នូវ​សម្ភារៈ​ប្រើប្រាស់​ណាមួយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​បែបនេះ​។​

ប្រជាពលរដ្ឋ​រង់ចាំ​មើល​ករណី​មួយ​នេះ​ថា តើ​ម្ចាស់​ទូក នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​តាមផ្លូវ​ច្បាប់​ដែរឬទេ​..? បើ​ប្ដឹង​សមត្ថកិច្ច តើ​សមត្ថ​កិច្ចចាត់ការ​បែបណា​ចំពោះ​ម្ចាស់​ទូក​ដែលជា​អ្នករកស៊ី​នេសាទ​ល្មើសច្បាប់ ដែលមាន​វត្ថុតាង​ត្រូវគេ​ដុត​ម៉ត់​បែបនេះ៕

​