ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​គ្រប់រូប​គួរ​យល់ដឹង​ពី​ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់​

​ភ្នំពេញ ​៖ ​ជាទូទៅ​ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​សម្រាល​បុត្រ​តាមផ្លូវ​ធម្មជាតិ​ព្រោះ​ផលវិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ មាន​តិចតួច​ជាង​ការវះកាត់​។

ករណី​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះត្រាតែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ និង​កូន​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​ការវះកាត់ មានការ​កើន​ឡើងជា​លំដាប់​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​ការវះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។

ស្ត្រី​មួយចំនួន​យល់​ខុស​ថា​ ការ​សម្រាលកូន​ដោយ​វះកាត់​មាន​ភាព​ងាយស្រួល​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការ​ឈឺពោះ​សម្រាល និង​មើល​រំលង​ផលវិបាក​ផ្សេងៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្តាល​មក​ពី​ការវះកាត់​នេះ​។

តើ​មាន​ផលវិបាក​អ្វីខ្លះ​អំឡុង និង​ក្រោយពេល​ការវះកាត់​សម្រាលកូន​?
​ក​) ផលវិបាក​អំឡុងពេល​វះកាត់​៖
– ផលវិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)
– ការបាត់បង់​ឈាម​ច្រើន​ពេល​វះកាត់​
– ការ​ដាច់​រហែ​កក​ស្បូន​ខ្លាំង​
– របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ​

ខ​) ផលវិបាក​ក្រោយពេល​វះកាត់​ភ្លាមៗ ១០% ទៅ ៤២%
– ការបង្ក​រោគ​ផ្សេងៗ មានដូចជាៈ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោមពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម​។

– ការ​ហូរឈាម​ក្រោយពេល​វះកាត់ មាន​កកឈាម​លើ​ស្នាមរបួស​ស្បូន ឬ​ក្រោម​របួស​ស្បែក​

– ភាពស្លេកស្លាំង​
– ផលវិបាក​ស្ទះ​សរសៃឈាម​តូចៗ ជាពិសេស​សរសៃឈាម​ក្នុង​សួត​ធ្វើ​ឲ្យ​មាន​វិបត្តិ​ផ្លូវដង្ហើម​

​ គ​) ផលវិបាក​ក្រោយពេល​វះកាត់ នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង​៖
– ការវះកាត់​យក​កូន​សាជាថ្មី​
– ការ​ធ្លាយ​ស្បូន​
– សុក​ពាំង​មាត់ស្បូន​
– សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោកនោម​

ផលវិបាក​ទាំងអស់​នេះ​មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ តែ​ករណី​ខ្លះ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​ស្ត្រី​បាន​។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏ សមស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114