ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ម្ចាស់ការ​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ខណៈ​រយៈពេល​២​ខែ​នេះ​កម្ដៅ ​នឹង​ឡើងដល់​៤០​អង្សា​

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ម្ចាស់ការ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ខណៈ​ដែល​រយៈពេល​២​ខែ​នេះ កម្ដៅ​នឹង​ឡើង​ដល់​៤០​អង្សា ដែល​ងាយ​នឹងរង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ។

នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​បង្ការ​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង ដែល​ចុះហត្ថលេខា​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ មេសា​នេះ។

សេចក្តី​ជូនដំណឹង​នេះ​ បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​ទាំងអស់​អោយបាន​ជ្រាបថា តាម​ការព្យាករណ៍​ឧតុនិយម​បាន​ឲ្យ​ដឹងថា​ អាកាសធាតុ​នៅ​ប្រទេស​យើង​នឹង​ឡើង​កម្ដៅ​រហូតដល់​លើស ៤០ អង្សា​សេ ចាប់ពី​ពេលនេះ​តទៅ​រហូត​ដល់ពេល​ប្រមាណ​២ ខែ​ទៅ​មុខ​ទៀត ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ក្តៅ​ស្ងួត​ហួតហែង​ងាយ​នឹង​បណ្ដាល​ឱ្យ​កើត​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ។

អាស្រ័យហេតុនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ម្ចាស់ការ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ដើមចម​ ដែល​អាច​បង្កើត​អោយ​មាន​គ្រោះ​អគ្គិភ័យ​ដូចជា​ភ្លើងចង្ក្រាន​ភ្លើងចង្កៀង​ភ្លើង​ធូប​ទៀន ការ​ដុត​សំរាម ដុត​ព្រៃ​ចម្ការ​វាលស្រែ ការ​បោះចោល​កន្ទុយបារី​ផ្ដេសផ្ដាស​ការតភ្ជាប់ ​ឬ​ប្រើ​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធនៈ​ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ​ឬ​ងាយ​ផ្ទុះ​ឆេះ ។​ល​។ ដោយ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​បង្ការ​កុំ​ឲ្យ​មានការ​ឆេះ​រាលដាល​បង្កើតជា​គ្រោះ​អគ្គីភ័យ​ដែល​ធ្វើអោយមាន​ការឆេះ​រាលដាល​បង្កើតជា​គ្រោះ​អគ្គិភ័យ​ដែល​ធ្វើអោយ​បាត់បង់​ទាំង​ទ្រព្យសម្បត្តិ​និង​អាច​ដល់​អាយុជីវិត​។​

ដោយឡែក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​នឹង​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​កើតមាន​ជាយថាហេតុ នូវ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ស្របតាម​សេចក្តីអំពាវនាវ​លេខ ៦៤០ សជណ​ចុះ​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ ២០១៩ របស់​ក្រសួងមហាផ្ទៃ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​និង​មហន្តរាយ​ដែល​កើតមានឡើង​ដោយសារ​គ្រោះ​អគ្គិភ័យ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114