ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្វីត្បិតតែ​ផ្ទុះ​ការរិះគន់​ លោក ហង្ស ព្រី​ន្ស​យ៉ា នៅតែ​បន្ត​រំពឹង​ថា ​កម្ពុជា​នឹង​ក្លាយ​ជា​ហង្ស​អាស៊ី

ភ្នំពេញ ​៖ ​ថ្វីត្បិតតែ​ផ្ទុះ​ការរិះគន់​​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​មហាជន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​​ លោក ហង្ស ព្រី​ន្ស​យ៉ា ​​នៅតែ​អះអាង​ថា ​​កម្ពុជា នឹង​ក្លាយខ្លួនជា​ហង្ស​នៅ​អាស៊ី​ ​ ដោយ​បាន​ទាំង​លើកឡើង​នូវ​យុទ្ធសាស្ត្រ ​និង​ហេតុផល​យក​មក​បញ្ជាក់។

ការ​​​បញ្ជាក់​បែប​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការិយាល័យ​លក់​ដីចម្ការ​ដូង​ក្រអូប​នៅ​ខេត្ត​ពោធិ៍សាត់​កាលពី​យប់​ថ្ងៃ​ទី​០៣​ ខែ​មេសា ឆ្នាំ​២០១៩​កន្លង​មក​នេះ។ នៅ​ចំពោះ​មុខ​អភិបាលខេត្ត​ពោធិ៍សាត់​លោក​នៅតែ​ប្រកាន់​ជំហរ​ថា​ មិន​លើស​ពី​៣​ឬ​៥​ឆ្នាំ​ទៀត​ទេ ​កម្ពុជា​នឹង​ក្លាយជា​ហង្ស​ធំ​មួយ​នៅ​អាស៊ី ខណៈដែល​ក្នុង​ពេលនេះ​លោ​កថា​កម្ពុជា​កំពុង​ក្លាយជា​កូន​ហង្ស​ដែល​ចាប់ផ្ដើម​ដុះ​រោម និង​ចេះ​ដើរ​តេះតាស់​ជា​បណ្ដើរៗ​ហើយ។

ថ្លែង​ក្រោយ​ពិធី​កាត់​ខ្សែបូ​រលោក ហង្ស ព្រី​ន្ស​យ៉ា និយាយ​បន្តថា ​កម្ពុជា​មិនអាច​ប្រដូច​ខ្លួន​ទៅជា​ខ្លា ឬ​ជា​នាគ​នៅក្នុង​តំបន់​អាស៊ី​បានទេ​។ ​ប៉ុន្តែ​កម្ពុជា​នឹង​អាច​ប្រដូច​ខ្លួន​ជា​ហង្ស​នៅក្នុង​តំបន់​ធំ​មួយ​ក្នុង​រយៈពេល​៣​ឬ ៥​ឆ្នាំ​ទៀត​តាមរយៈ​យុទ្ធសាស្ត្រ​ពង្រីក​កសិកម្ម​និង​វិស័យសេដ្ឋកិច្ច​។ លោ​កថា ​សត្វ​ហង្ស​គឺ​សត្វ​សុភាព​ហើយ​អ្នកណា​ក៏​ស្រលាញ់​អ្នកណា​ក៏​ចង់​ធ្វើជា​ម្ចាស់​ដោយសារតែ​រូប​សម្រស់​និង​រូបរាង​ដ៏​ទាក់ទាញ​របស់​សត្វ​នេះ​។​ មិន​ខុសគ្នា​ដែរ​កម្ពុជា​ក៏​មិន​ខុសពី​ហង្ស​មួយ​ក្បាល​ដែរ​ដោយសារតែ​កម្ពុ​ជាមាន​ទាំង​ធនធានធម្មជាតិ​ធនធាន​ចំណេះដឹង​ហើយ​អ្វីដែល​សំខាន់​គឺ​កម្ពុជា​នៅមាន​កត្តា​ច្រើនណាស់​ដែល​អាច​ក្លាយជា​ហង្ស​និង​ក្លាយជា​ប្រទេស​អ្នកមាន​ទៅបាន​។

លោក​ឧទាហរណ៍​ថា ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​និង​ឧស្សាហកម្ម​ទំនើប កម្ពុជា​មិន​អាច​ទៅរួច​ជាមួយ​ប្រទេស​ក្នុង​តំបន់​នោះទេ ​ប៉ុន្តែ​ពឹង​លើ​សណ្ឋាន​ដី​និង​វិស័យ​កសិកម្ម​តែមួយ​ផ្នែក​ក៏​កម្ពុជា​អាច​ក្លាយជា​ហង្ស​ធំ​មួយ ដែល​អាច​រក​ចំណូល​ចូល​ហោប៉ៅ​ពលរដ្ឋ និង​ជួយ​អោយ​កម្ពុជា​រួចផុត​ពី​បន្ទាត់​ក្រីក្រ​បានដែរ​។​

លោក​បន្ត​លើកឡើងថា​ នៅក្នុង​ពេលនេះ​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​របស់​លោក​បាន​បោះ​ទុន​វិនិយោគ​ប្រមូល​ទិញ​ដី​ទុកចោល​របស់​ពលរដ្ឋ​រាប់ម៉ឺន​ហិកតារ​នៅក្នុង​បណ្ដា​ខេត្ត​សំខាន់ៗ​រួមមាន​៖ ខេត្ត កំពត ខេត្តពោធិ៍សាត់ ខេត្ត​មណ្ឌល​គិរី និង​ខេត្តសៀមរាប​ជាដើម​ដើម្បី​វិនិយោគ​ដាំ​ដុះ​ជា​ចម្ការ​ធុរេន ជា​ចម្ការ​ដូង​ក្រអូប ជា​ចម្ការ​ប៊័រ និង​ជា​ចម្ការ​ក្រូច​ជាដើម ដោយ​ក្រុមហ៊ុន​របស់លោក​បាន​ទាំង​យុទ្ធសាស្ត្រ​ពុះ​ដី​ធំៗ​ទាំងនោះ​ជា​ចម្ការ​មួយ​ហិកតារៗ​លក់​អោយ​ពលរដ្ឋ ក្នុង​លក្ខខណ្ឌ​បង់​រំលស់ ឬ បង់​ផ្ដាច់ ដើម្បីអោយ​ពលរដ្ឋ​បានរួម​ចំណែក​ធ្វើជា​អ្នកវិនិយោគ​ក្នុង​គម្រោង​របស់លោក​។​

លោក​បន្តថា នៅក្នុង​ដំណាក់កាល​កំពុង​ឈូសឆាយ និង​ធ្វើ​ការដាំដុះ​នេះ កម្ពុជា​មើល​មិនទាន់​ឃើញថា​ខ្លួន​គឺជា​ហង្ស​ដូច​អ្វីដែល​លោក​អះអាង​នោះទេ ប៉ុន្តែ​នៅ​រយៈពេល​៣​ឆ្នាំក្រោយ ទៅ​៥​ឆ្នាំ​​​ក្រោយ ក្នុងពេលដែល​ដី​ទំនេរ ដី​មិន​ប្រើការ​ដែល​លោក​វិនិយោគ​ហើយ​ពុះ​ជា​ឡូ​តិ៍​ទាំងៗ​នោះ​ប្រែក្លាយជា​ចម្ការ​ដំណាំ​ដែល​លក់បាន​ចំណូល នៅពេលនោះ​ហើយ​ដែល​កម្ពុជា​នឹង​មើលឃើញថា​ខ្លួន​គឺជា​ប្រទេស​ដែល​អាច​ទាក់ទាញ​ក្រុម​វិនិយោគទុន​បរទេស និង អន្តរជាតិ​កម្រិត​ណា។

លោក​ថ្លែង​បញ្ជាក់ថា ​កាលពីមុន​ក្រុមហ៊ុន​ធំៗ​គាត់​ធ្វើ​ចម្ការ​តែម្នាក់ឯង​អញ្ចឹង​ទោះ​ចង់​មិន​ចង់​ដើមទុន​ដែល​គាត់​ប្រឹង​ធ្វើ​គឺ​នឹង​បាត់​និរន្តរភាព។ ប៉ុន្តែ​រូប​ខ្ញុំ ខ្ញុំ​ហ៊ាន​និយាយ​ថា ​កម្ពុជា​នឹង​ក្លាយ​ជា​ហង្ស​នៅ​អាស៊ី​ទៅ​បាន គឺ​ដោយសារតែ​ក្នុង​ពេលនេះ ខ្ញុំ​ចាប់អារម្មណ៍​ថា ​គម្រោង​លក់​ចម្ការ​របស់​ក្រុមហ៊ុន​ទៅកាន់​បងប្អូន​យើង​គឺ​បងប្អូន​យើង​រួម​គ្នា​ទិញ​ច្រើន អញ្ចឹង​បើ​មួយ​គ្រួសារៗ​សុទ្ធ​តែ​មាន​ចម្ការ ហើយ​ចម្ការ​ទាំងនោះ​ ត្រូវ​បាន​ថែទាំ​ដោយ​ក្រុមហ៊ុន ដើម្បី​អោយ​កកើត​ជា​ដំណាំ​លើ​ផ្ទៃដី ​ដែល​ក្រុមហ៊ុន​ប្រកាស​លក់​រាល់ថ្ងៃ តើ​កម្ពុជា​នឹង​ខ្វះ​ភោគផល​ទៀត​ទេ ហើយ​បើ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​កសិកម្ម​ធំ​មួយ​ក្រៅពី​អង្ករ​ ដែល​ធ្លាប់​មាន​ តើ​កម្ពុជា​អាច​ចាត់ទុកថា​ជា​ហង្ស​នៅ​អាស៊ី​ ឬ​ក្នុង​តំបន់​បាន​ឬ មិនបាន​?”។

ឯកឧត្តម ចេង ឡៃ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍​បាន​គូសបញ្ជាក់ថា ​កម្ពុជា​ពិតជា​អាច​ក្លាយជា​ហង្ស​នៅ​អាស៊ី​បាន ប្រសិនបើ​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ដែល​ប្រកាស​វិនិយោគ​លើ​ដី​រាប់​ម៉ឺន​ហិកតារ​ដែល​ដី​ទាំងនោះ​ភាគច្រើន​ជា​ដី​កសិកម្ម​ពលរដ្ឋ​ទុកចោល អោយ​ក្លាយ​ជា​ចម្ការ​ទ្រង់ទ្រាយ​ធំៗ ដែល​ជួយ​អោយ​កម្ពុជា​អាច​ផ្គត់ផ្គង់​ផលិតផល​ធូរេន ដូង​ក្រអូប និង​ប៊័រ ឈាន​ដល់​ការនាំចេញ​ដូច​ការគ្រោងទុក។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ពិធី​កាត់​ខ្សែបូ ​បើក​សម្ពោធ​ការិយាល័យ​លក់​ដីចម្ការ​នៅ​ខេត្ត​កំពត​នោះ ​ក៏​មាន​ពិធីជប់លៀង​ទ្រង់ទ្រាយ​ធំ ពិធី​ចាប់ឆ្នោត​យក​ចម្ការ យក​ប័ណ្ណ​បញ្ចុះតម្លៃ និង​ទៅ​កម្សាន្ត​នៅ​ម៉ា​កាវ ក៏​មាន​វត្តមាន​តារា​ល្បី​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា ,​អ្នកនាង ចាន់ កែវ​និមល និង លោក ជា វិបុល បង្ក​បរិយាកាស​យ៉ាង​អធិកអធម​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114