ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រី​ស្អាត​ ស្រវឹង​ស្រា បើក​រថយន្ត​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ ​រួញ​ក្បាល​ខ្ទេច​ សំណាង​អ្នក​បើក​គ្មាន​រង​របួស

ភ្នំពេញ​ ៖​ រថយន្ត ម៉ាក​Audi A7 ស៊េរី​ទំនើប​មួយ​គ្រឿង បើកបរ​ ដោយ​នារី ស្រស់​ស្អាត​ម្នាក់ មាន ស្ថាន​ភាព​ស្រវឹង បាន​បើក​ក្នុង​ល្បឿន​លឿន ដូច​ហោះ ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​មួយ​កង់ ខ្ទេច​រថយន្ត​អស់​មួយ​កំណាត់​ខាងមុខ តែ​សំណាងល្អ​អ្នកបើកបរ​មិន​រង​របួស។ ចំណែក​អ្នក​បើកបរ​ ក្រោយពី​កើតហេតុ​ បាន​បើកទ្វារ​ចុះ ដើរ​ទ្រេតទ្រោត ហៅ​មិត្ត​ភក្ដិ​ ទៅយក ពី​កន្លែង​កើតហេតុ​បាត់​ទៅ។

គ្រោះថ្នាក់​ចរាចរណ៍​ នេះ​ដែរ​ បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ទល់មុខ​នឹង​ក្រសួងមហាផ្ទៃ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្កឡើង​ដោយ រថយន្ត​បង្ក​ម៉ាក​Audi A7 ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ 2AR-2303 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​ បើកបរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ដូច​ហោះ ​មកដល់​កន្លែង​កើតហេតុ ស្រាប់តែ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង​តែម្តង បណ្តាល​អោយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ ចំណែក​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​បាក់​មួយ​កង់។

ប្រភព​ដដែល​បន្ត​ថា ក្រោយពី​កើតហេតុ ​គេ​ឃើញ នារី​រូប​ស្រស់​ជា​អ្នក​បើករថយន្ត​បង្ក ​បាន​បើកទ្វារ​រថយន្ត​ចេញមក​ទាំង​ស្ថាន​ភាពស្រវឹង​ទ្រេតទ្រោត​ដើរ​ទៅ​កៀន​ចិញ្ចើមផ្លូវ​ មួយសន្ទុះ​ក្រោយ​ក៏មាន​រថយន្ត​មិត្តភក្ដិ​របស់​នាង​ មក​ដឹក​នាង​ចេញទៅ​បាត់​បន្សល់ទុក​តែ​រថយន្ត​នៅនឹងកន្លែង​កើតហេតុ រួច​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​តាម​នីតិវិធី​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114