ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ញុង ផ្ទុះ​កំហឹង​ខ្លាំងៗ ​លើ​បុគ្គល​ដែល​និយាយ​ផ្អែម​ពីមុខ ​តែ​ក្រោយខ្នង​ចរិត​ស្អុយរលួយ

ភ្នំពេញ ​៖​ តារា​កំប្លែង​ស្រី​ ស្ថិតក្នុង​ក្រុម​នាយ​ពែ​កមី គឺ ​អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង មុន​នេះ​មិន​ដឹង​ផ្ទុះ​កំហឹង​ ឬ​មាន​ជម្លោះ​ជាមួយ​បុគ្គល​ណា​ម្នាក់​នោះទេ​ បានជា​ថ្មីៗ​នេះ ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​តារា​ស្រី​រូបនេះ​ បាន​បញ្ចេញ​សារ​ផ្លែផ្កា​វាយបក​ទៅ​បុគ្គល​រូបនោះ​ថា ​ឲ្យ​ត្រូវ​ចេះ​ប្រើ​ខួរ​គិត​ផង​។​

ប្រតិកម្ម​របស់​តារា​កំប្លែង​សម្បូរ​វោហារ​សព្ទ​មិនចេះ​រីងស្ងួត​តែង​បង្ក​ភាពសប្បាយ​រីករាយ​ផ្ទុះសំណើច​ដល់​ទស្សនិកជន ​អ្នកនាង ខ្ញុង បាន​បញ្ចេញ​អារម្មណ៍​មិន​សប្បាយ​ចិត្តជា​សាធារណៈ​ថា ចរិត​ពិត​របស់ខ្ញុំ​ គឺ​ចូលចិត្ត​និយាយ​ត្រង់ៗ​សម្តី​ ក៏​មិន​ចេះ​ផ្អែម​រលួយ​ដែរ តែ​ក៏​គ្មាន​គំនិត​អាក្រក់​លើ​អ្នក​ណា​ម្នាក់​ឡើយ​។ មុននឹង​គិត​អ្វី​មក​លើ​ខ្ញុំ​រៀន​ប្រើ​ខួរ​ស្គាល់​ខ្ញុំ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​បន្តិច​ទៅ​( ចំណាំ​មុខ​អ្នកឯង​ទុក​ហើយ​)​។​

ថ្វី​ត្បិត​តែមាន​ការបញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​របស់​តារា​ស្រី ​អ្នកនាង ខ្ញុង បង្ហាញ​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ដូច​ខាងលើនេះ​ក៏ពិតមែន​ ប៉ុន្តែ​គិត​រហូត​មកទល់ពេលនេះ​គេ​ពុំ​ទាន់​ដឹង​ទេ​ថា ​តើ​តារា​ស្រី​រូបនេះ​ កំពុង​មាន​ជម្លោះ​ក្តៅ​គគុក​ជាមួយ​បុគ្គល​រូប​ណា​នោះទេ​?​។ ​គេ​មិនដឹងថា​បុគ្គល​រូបនេះ ​ស្ថិតក្នុង​រង្វង់​សិល្បៈ​ជាមួយគ្នា​ ឬ​ទំនាស់​នេះ​កើតចេញពី​បញ្ហា​ នៃ​ការរកស៊ី​យ៉ាងណា​ឡើយ​។​

ជាការ​កត់សម្គាល់​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ចាប់តាំងពី​ចូលប្រឡូក​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ទាំង​ប្រជាប្រិយភាព ​និង​សន្ទុះ​នៃ​ការគាំទ្រ​របស់​នាង​ គឺ​កាន់​តែមាន​ភាពលេច​ធ្លោ ​និង​ក្តាប់បាន​ឱកាស​ទីផ្សារ​ចេញ​សម្តែង​ច្រើន​ ដែល​កត្តា​នេះ​ ត្រូវបាន​ទស្សនិកជន​យល់ឃើញថា​ជា​ឱកាស​ធំ​សម្រាប់​តារា​ស្រី​រូបនេះ​ក្នុងឱកាស​កើប​លុយ​ពី​អាជីព​សិល្បៈ​ដើម្បី​ក្លាយជា​អ្នកមាន​ទ្រព្យធន​មិន​ចាញ់​តារា​ប្រុស​-​ស្រី​រួម​ជំនាន់​ ឬ​តារា​ក្មេងៗ​ជំនាន់​ក្រោយ​នោះ​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114