ព័ត៍មានទាន់​ហេតុការណ៏
Search

ខាត់ សុ​ឃីម រិះគន់​ និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ​ត្រូវ​ចូលរួម​​​គោរព​ទាំង​អស់​គ្នា

ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ​ចេះ​គ្រប់​ទម្រង់​សិល្បៈ​ អ្នកនាង ខាត់ សុ​ឃីម ដោយ​សង្កេតឃើញ​មួយរយៈ​នេះ​ កាន់​តែមាន​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន ​ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ហាក់​ល្មើសច្បាប់​ចរាចរណ៍​តាមរយៈ​ការមិន​គោរព​ភ្លើងស្តុប ស្លាក​សញ្ញា នាំ​ឲ្យ​មាន​ភាព​កក​ស្ទុះ​ ឬ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​នោះ ​នាង​បាន​ចេញមុខ​រិះគន់​ និង​ស្នើ​ដោយ​ទទូច​ឲ្យ​ពួកគាត់​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការ​គោរព​ច្បាប់។

ការ​ចេញមុខ​រិះគន់ ​និង​អំពាវនាវ​ពី​សំណាក់​តារា​ស្រី​កញ្ញា ​ខាត់ សុ​ឃីម ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​​បន្ទាប់​​​ពី​​ផ្ទុះ​ការរិះគន់​យ៉ាង​ភ្ល្លូកទឹកភ្លូកដី​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ជ្រោយចង្វារ​)​ ​​ ​ហើយ​មិន​គោរព​តាម​គន្លង​ផ្លូវ​ ឬ​គំនូស​កំណត់​លើ​ផ្លូវ​ម៉ូតូ​ និង​ផ្លូវ​រថយន្ត​នោះ។

មិនតែប៉ុណ្ណោះ​ ក៏មាន​ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​ផងដែរ​ កាលពី​ថ្ងៃទី​០៣​មេសា​ ព្រោះតែ​មិន​គោរព​ច្បាប់​ចរាចរណ៍ ​ហើយ ​បែរជា​បន្ទោស​មកលើ​ស្ពាន​ទៅវិញ​។

បើ​ផ្អែក​តាម​សំណេរ​សរសេរ​រៀបរាប់​របស់​តារា​ស្រី​ អ្នកនាង​ ខាត់ សុ​ឃីម បានលើកឡើង​ថា​ នេះ​ជា​ចរាចរណ៍​ធ្វើដំណើរ​របស់​ប្រជាជន​យើង​សព្វថ្ងៃ​ ការយល់ដឹង​ពី​ស្លាក​សញ្ញា គំនូស​បែងចែក​ផ្លូវ បត់​ឆ្វេង បត់​ស្តាំ មួយចំនួន​ ធ្វើដំណើរ​មិន​គោរព​ផ្លូវ​របស់គេ​ និង​យានយន្ត​ខ្លួនឯង​ទេ នេះ​គិត​ត្រឹម​ស្ពាន​ជ្រោយចង្វារ​តូច​មួយ​ផង​ នៅ​មិនដឹងថា​ខ្លួន​ត្រូវ​ជិះ​ផ្លូវ​ណា​ផង ជិះ​ផ្លូវ​ឡាន​ឡើង​ទៅ​ផ្លូវ​ម៉ូតូ ដួល​ខ្លួន​ឯង​មក​បន្ទោស​ស្ពាន​។​

តារា​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុ​ឃីម បាន​បន្ថែមទៀតថា ​រូបរាង​ស្ពាន​នៅ​ដដែល​សោះ ​គ្រាន់តែ​ថែម​ស្លាក​សញ្ញា​ និង​គំនូស​ថ្មី​សោះ ​នាំគ្នា​មិន​គោរព​ផង ចុះ​ទម្រាំ​មាន​ផ្លូវ​ហាយវ៉េ​ធំៗ​ដូច​ចរាចរណ៍​ស្រុក​គេ​ទៀត មិន​គេ​បុក​ស្លាប់​អស់ហើយ​ទេ​អី​។​ អធ្យាស្រ័យ ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា៕