ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​ត្រៀម​ឈាម​៥០០​ប្លោក​ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល ​នឹង​ត្រៀម​ឈាម​៥០០​ប្លោក​ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ដល់​ជនរង​គ្រោះ​ ដោយសារតែ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ ​ក្នុង​ចំណោម​ពិធីបុណ្យ​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍ថា ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ត្រៀម​ឈាម​ប្រមាណ​៥០០​ប្លោក​ សម្រាប់​ជួយ​ផ្គត់ផ្គង់​នៅតាម​មន្ទីរពេទ្យ​នានា​ដើម្បី​ឲ្យ​មានលទ្ធភាព​គ្រាប់​គ្រាន់​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​ដោយសារ​ជំងឺ​ទាក់ទិន​នឹង​ការ​ហូរឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការ​ហូរ​ឈាម​មិន​ប្រក្រតី​នៅមុន​ និង​ក្រោយពេល​សម្រាលកូន ជំងឺ​ខ្សោយ​តម្រង់​នោម ​និង​ការ​ព្យាបាល​ថែទាំ​ជំងឺ​មហារីក​ជាដើម​។​

ថ្លែង​ក្រោយ​ចូលរួម​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ ក្រោម​ប្រធានបទ «​បង្ហាញ​ក្តី​ស្រឡាញ់​របស់​អ្នក​បរិច្ចាគ​ឈាម​ថ្ងៃនេះ​» កាលពី​ព្រឹក​ថ្ងៃទី​០៤ ​ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បន្ត​ថា​ នៅ​ដើមខែ​មេសា​នេះ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ចំនួន​៤​ធំៗ​រួចហើយ ​ដើម្បី​ត្រៀម​បម្រុង​ក្នុង​ការ​ប្រើប្រាស់​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ ដោយសារ​ពិធីបុណ្យ​នេះ​មានការ​ឈប់​សម្រាក​រយៈ​ពេល​វែង។​

លោក​វេជ្ជបណ្ឌិត​បា​ន​បន្ថែម​ទៀតថា ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​នេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​នៅពេលដែល​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវបាន​កាត់បន្ថយ​វា​ក៏​នឹង​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ឈាម​ផង​ដែរ​ដោយ​បង្វិល​ឈាម​ទាំងនោះ​ទៅ​ជួយ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

លោក​វេជ្ជបណ្ឌិត​ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ ជាពិសេស​ក្រុមយុវជន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ឲ្យ​បាន​ទាន់​ពេល​វេលា​ ខណៈ​បច្ចុប្បន្ន​ការ​ផ្ដល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ដែល​តម្រូវ​ឲ្យ​ក្រុមគ្រួសារ ​ឬ​សាច់ញាតិ​របស់​អ្នកជំងឺ​ផ្តល់​ឈាម​ជំនួស​។​

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ​ក្រសួងសុខាភិបាល ​បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ជាច្រើន ​ក្នុង​នោះ​មានការ​បង្កើតជា​ស្ថានីយ​ទទួល​អំណោយ​ឈាម​ឲ្យ​បាន​ច្រើន​កន្លែង​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​បរិច្ចាគ​ឈាម​ ខណៈ​បច្ចុប្បន្ននេះ​ មានតែ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ ​និង​ទី​២​ប៉ុណ្ណោះ​ ដែល​ធ្វើ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​។​

ជាមួយគ្នានេះដែរ​ លោក​វេជ្ជបណ្ឌិត​ បាន​ឲ្យ​ដឹង​ទៀតថា​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ជាតិ​ ក៏បាន​សហការ​ជាមួយ​ក្លឹប ​នៃ​ក្តី​ស្រលាញ់​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រឹះស្ថាន​សាកលវិទ្យាល័យ​ និង​វិស័យ​ឯកជន​ផ្សេងៗ​ទៀត ​ដើម្បី​ប្រមូល​ឈាម​ឲ្យ​បាន​ច្រើន​សម្រាប់​ទុក​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​។​

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​សន្យា​ថា​ នឹង​បន្ត​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​មាន​ឈាម​ក្នុង​ស្តុក​សម្រាប់​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។​

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ កម្ពុ​ជា មាន​តម្រូវការ​ឈាម​ប្រមាណ​២០០​ប្លោក ​ក្នុង​១​ថ្ងៃ ​ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​មន្ទីរពេទ្យ​នានា​ ដែល​ឆ្នាំ​២០១៨​កន្លង​ទៅ បាន​ប្រើប្រាស់​ឈាម​ប្រមាណ​ជាង​៨​ម៉ឺន​ប្លោក​ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ ត្រូវការ​រហូតដល់​ជាង​៩​ម៉ឺន​ប្លោក ​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114