ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​ប្រុងប្រយ័ត្ន​ លោកអ្នក​អាច​នឹង​កំពុង​កើត​ជំងឺមហារីក​ថ្លើម​ដោយ​មិនដឹង​ខ្លួន​បាន​

​ភ្នំពេញ ​៖ ​ជំងឺមហារីក​ថ្លើម កើត​ចេញ​ពី​សាច់​ថ្លើម​ខ្លួនឯង ឬមួយ​ក៏​ឆ្លង​រាលដាល​ពី​សរីរៈ​ដទៃ​ព្រោះ​ជំងឺមហារីក​ថ្លើម​មាន​ច្រើន​ប្រភេទ ក្នុងចំណោម​នោះ​មាន​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើតមាន​ញឹកញាប់ និង​កាច​សាហាវ​ជាងគេ គឺជា​ពួក​ប្រភេទ​កើត​ចេញពី​កោសិកា​ថ្លើម​ដែល​ក្រិន​ឈ្មោះថា CHC (Carcinome Hépato-Cellulaire)​។

មូលហេតុ​ដែល​បង្ក​ជា​ជំងឺមហារីក​ថ្លើម​នោះ​មក​មាន​កត្តា​មួយចំនួន ដែលជា​មូលហេតុ​បង្ក​ជា​ជំងឺមហារីក​ថ្លើម​នោះ​ដូចជា​អ្នក​ពិសារ​ស្រា និង​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម
-​ជំងឺ​រលាក​ថ្លើម បេ និង សេ (B, C)
– ជំងឺ​ទឹកនោមផ្អែម បា​រ៉ា​ស៊ីត ថ្នាំ​ពន្យារ​កំណើត​
– វិទ្យុសកម្ម​
– សារ​ធាតុគីមី​មួយចំនួន​
– ការ​សាយភាយ​ពី​សរីរាង្គ​ដទៃ​

រោគសញ្ញា​ជំងឺមហារីក​ថ្លើម​ជាទូទៅ​ក្នុង​ដំណាក់​កាល​ដំបូង វា​មិន​ស្តែងចេញ​ជា​អាការៈ​អ្វី​នោះ​ទេ ហើយ​មាន​រោគសញ្ញា​មួយចំនួន ដែល​សង្កេតឃើញ​ក្នុង​ដំណាក់កាល​ជ្រៅ​ទៅ​ហើយ​ដូចជា​
– ឈឺពោះ​
– អស់​កម្លាំង មិនសូវ​ឃ្លាន ស្លេកស្លាំង ស្រក​ទម្ងន់​
– មាន​ដុំ ដោយ​ស្ទាប​ប៉ះ​នៅ​ពោះ​

បើ​មាន​ជំងឺមហារីក​ថ្លើម គួរ​ធ្វើ​បែបណា​?
មាន​វិធីសាស្ត្រ​ជាច្រើន ត្រូវបាន​គេ​អនុវត្ត​មាន​ដូច​ជា​៖
– វិធី​វះកាត់​យក​ដុំ​ចេញ ឬ​វះកាត់​ប្តូរ​ថ្លើម​
– ការចាក់​ថ្នាំ​គីមី ដើម្បី​បិទ​សរសៃ​ឈាម​ចិញ្ចឹម​ដុំ​សាច់​
– ការដុត​ដុំ​ដោយ​ប្រើ​បច្ចេកទេស Radiofrequence ឬ Micro-onde ករណី​ដុំ​នៅ​តូច​
– បាញ់​កាំរស្មី។

វិធី​ការពារ​វិញ​យើង​អាច​អនុវត្ត​វិធី​មួយចំនួន ដើម្បី​ការពារ​ជំងឺមហារីក​ថ្លើម​ដូចជា​
– ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​
– បញ្ឈប់​ការ​ពិសារ​ស្រា និង​បារី​
– តាមដាន​សុខភាព ចំពោះ​ការប្រើ​ថ្នាំ​ពន្យារ​កំណើត​
– កាត់បន្ថយ​ការប្រើប្រាស់ និង​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​សម្ភារៈ និង​ទីតាំង​មាន​រលក​វិទ្យុសកម្ម ដែល​ប៉ះពាល់​ដល់​សុខភាព​។

ជាទូទៅ​ជំងឺមហារីក​ថ្លើម​ច្រើន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហេតុ​ដូច​នេះ​ត្រូវ​គប្បី​តាន​ដាន​សុខភាព​ជាប្រចាំ និង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ដែល​មាន​ឯកទេស​នៃ​ជំងឺ​នេះ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា ប្រកបដោយ​ប្រសិទ្ធភាព៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114