ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​អាជ្ញាកណ្តាល​កីឡា​គ្រប់​ប្រភេទ ខិតខំ​ពង្រឹង​នូវ​ក្រម​សីលធម៌​និង​ត្រូវដាក់​ពិន្ទុ​ដោយ​សុក្រឹត​បំផុត

ភ្នំពេញ ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អំពាវនាវ​ចំពោះ​អាជ្ញាកណ្តាល​ចំពោះ​កីឡា​គ្រប់​ប្រភេទ ពិសេស​កីឡាបាល់ទាត់ និង កីឡាប្រដាល់​ត្រូវខិតខំ​ពង្រឹង​នូវ​ក្រមសីលធម៌​សម្រាប់​អាជ្ញាកណ្តាល​ត្រូវដាក់​ពិន្ទុ​ដោយ​សុក្រឹត​បំផុត ដើម្បី​កុំ​ឲ្យ​ខូចខាត​កេរ្តិ៍ឈ្មោះ​របស់​ជាតិ​យើង។

សម្តេច​បាន​រិះគន់ថា មាន​អាជ្ញាកណ្តាល​នៃ​ទូរទស្សន៍​ខ្លះ បើ​ខ្មែរ​វ៉ៃ​បរទេស​មិន​ដួល​ទេ គឺ​ឲ្យ​ខ្មែរ​ចាញ់​ជា​ស្វ័យប្រវត្តិ​តែម្តង។ ខ្ញុំ​មិន​និយាយ​ឲ្យ​ចំឈ្មោះ​ទេ តែបើ​មិន​កែប្រែ​ទេនោះ ខ្ញុំ​នឹង​ចង្អុល​ឲ្យ​ចំ​តែម្តង។ ខ្ញុំ​សូម​ដាស់តឿន​អាជ្ញាកណ្តាល​ ដែល​ប្រកួត​ដោយ​ការផ្សាយ​បន្ត​ផ្ទាល់។ ព្រោះ​ការធ្វើ​បែបនេះ ជាការ​បំបាក់ទឹកចិត្ត​កីឡាករ​តែម្តង។ វា​ក៏​ដូចគ្នា​ដែរ មាន​ទូរទស្សន៍​ខ្លះ បើ​បរទេស​មិន​វ៉ៃ​ខ្មែរ​ឲ្យ​ដួល​ទេ គឺ​បរទេស​ចាញ់ នេះ​វា​មិន​យុត្តិធម៌​ទេ វា​ខូចខាត​ទាំង​កិត្តិយស​ជាតិ​ទៀតផង។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជួបជុំ​សំណេះសំណាល​និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​ក្រុម ​កីឡា​កម្ពុជា​លើក​ទី​៤ កាលពី​ល្ងាច​ថ្ងៃទី​០៤​ខែមេសា នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​សម្ដេច​តេ​ជោ​បាន​យក​ថ្ងៃទី​០៤ ខែមេសា ដែល​ចាត់ទុកជា​ថ្ងៃកំណើត​របស់​សម្ដេច ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ក្រុមកីឡា​ជាតិ ក្នុង​ការជួបជុំ​សំណេះសំណាល និង​ទទួលទាន​អាហារ​សាមគ្គី​ជា​លើក ទី​៤​នេះ។

ក្នុងឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការរីករាយ​ដោយ​ឃើញ​វឌ្ឍនភាព​នៃ​កីឡា​របស់​កម្ពុជា​បានប្រែក្លាយ​ទៅជា​ចលនា​ជាតិ​មួយ​ដ៏​ធំ​ដែល​បច្ចុប្បន្ន​យើង​បាន​សង្កេតឃើញថា មានការ​ប្រកួត​ជាទូទៅ​រាប់ទាំង​ពី​ការប្រកួត​នៃ​ក្របខ័ណ្ឌ​បឋមសិក្សា ទាំង​កីឡាបាល់ទាត់ បាល់ទះ និង ផ្នែក​ដទៃទៀត​ដែល​នេះ​ចាត់ទុកថា ជា​ចលនា​រួម​របស់​ជាតិ​របស់​យើង​។ ក្រៅពី​កីឡា​នៅតាម​សាលារៀន​យើង​ក៏បាន​ឃើញ​នូវ​ការលេង​កីឡា​របស់​យុវជន​របស់​យើង​នៅតាម​ទីកន្លែង​ផ្សេងៗ គ្នា​នៅតាម​ភូមិ​/​ឃុំ​។​

នៅក្នុង​ឱកាស​នេះ សម្តេច​ក៏បាន​អំពាវនាវ​អោយ​វិស័យ​កីឡា​ខិតខំ​ពង្រឹង និង​ពង្រីក​នូវ​គុណធម៌​។ សុំអោយ​កីឡា​របស់​យើង​គោរព​នូវ​ទម្រង់​បែបបទ​នៃ​ការប្រកួត​ទាំងអស់​ទោះបីថា វា​ឈ្នះ ឬ​ចាញ់ ក៏ប៉ុន្តែ​ការទទួលយក​នូវ​ទម្រ​ង់​ប្រកួត​ដោយ​មិន​រំលោភ​ទៅលើ​លក្ខខណ្ឌ​គឺជា​ការចាំបាច់ ។ បន្ថែម​លើ​នោះ ​សម្តេច​នៅតែ​បន្ត​អំពាវនាវ​អោយមាន​ការគោរព​នូវ​ក្រមសីលធម៌​ដោយ​មិន​ប្រើ​សារធាតុ​ញៀន​ណាមួយ​ក្នុង​កីឡាករ​-​ការិនី​របស់​កម្ពុជា​ទេ​។ ​ត្រូវ​ធ្វើជា​អ្នក​ថ្លៃថ្នូរ​បំផុត​ក្នុង​ជីវិត​កីឡា​របស់​យើង ។ សារធាតុ​ដែល​ត្រូវ​ហាមឃាត់​ដោយ​ផ្នែក​កីឡា​មិនត្រូវ​យកមកប្រើ​ប្រាស់​នៅក្នុង​កីឡា​របស់​កម្ពុជា​ទេ ។ រឿងនេះ​វា​មិន​គ្រាន់តែ​ធ្វើអោយ​ខូច​កេរ្តិ៍ឈ្មោះ​នៃ​កីឡាករ​-​កីឡាការិនី​នោះទេ ក៏ប៉ុន្តែ​វា​បានធ្វើអោយ​ខូច​ឈ្មោះ​ចំពោះ​កីឡា​របស់​ប្រទេសជាតិ​យើង​ចំពោះ​មុខមាត់​ប្រទេសជាតិ​យើង​ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​តាមរយៈ​នៃ​សហព័ន្ធ​នីមួយៗ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ មើល ។ យុវជន​យុវនារី​ដែលជា​កីឡាករ​-​កីឡាការិនី ក៏ត្រូវ​ខិតខំ​ពិនិត្យមើល​ខ្លួនឯង​កុំ​ប៉ះពាល់​អោយសោះ​ជាមួយនឹង​គ្រឿងញៀន​ព្រោះ​វា​បំផ្លាញ​ទៅដល់​អនាគត​របស់​យើង ។ សង្ឃឹមថា កីឡាករ​-​កីឡាការិនី​របស់​យើង​យកចិត្តទុកដាក់​ទៅលើ​ចំណុច​នេះ ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​បានសម្រេច​ចិត្ត​ធ្វើ​ស៊ី​ហ្គេម​នៅ​ខែឧសភា ឆ្នាំ ២០២៣ ។ តាម​ទម្លាប់​ស៊ី​ហ្គេម​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ធ្វើ​នៅ​ដើមឆ្នាំ ដូចជា​នៅ​ឡាវ​ធ្លាប់ធ្វើ​ដើមឆ្នាំ … តែ​ឆ្នាំ​២០២៣ កម្ពុជា​ត្រូវធ្វើ​ការបោះឆ្នោត​នៅ​ខែកក្កដា​ឆ្នាំ​២០២៣ ។ ដូចនេះ យោងតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា រដ្ឋាភិបាល​ថ្មី​អាចបង្កើត​ឡើង​នៅ ៦០​ថ្ងៃក្រោយ​ការបោះឆ្នោត ។ បន្ទាប់ពី​ការបោះឆ្នោត​ហើយ យើង​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវធ្វើ ហើយក៏​អាចមាន​បញ្ហា​ខ្លះៗ​ផង ដោយសារ​ថា នៅ​កម្ពុជា​ក្រោយ​បោះឆ្នោត​តែងតែមាន​មនុស្ស​ខ្លះ​មិន​ពេញ​ចិត្តនឹង​លទ្ធផល​បោះឆ្នោត បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​ដែល​អាច​រំខាន​មិនអាច​ឲ្យ​កម្ពុជា​រៀបចំ​ស៊ី​ហ្គេម​បាន ក៏​ថា​បាន ។ ដូច្នេះ​យើង​សម្រេច​ថា ធ្វើ​នៅក្នុង​ខែឧសភា ឆ្នាំ​២០២៣ ។ ធ្វើ​ស៊ី​ហ្គេម​រួចហើយ​បាន​ឈានទៅដល់​ការបោះឆ្នោត ។ មិន​រំខាន​ដល់​ការទទួល​ភ្ញៀវ​ក្រោយ​ការបោះឆ្នោត​នោះទេ​។ អ្វីៗ យើង​កំពុងតែ​រៀបចំ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​បម្រើ​ទៅឱ្យ​ស៊ី​ហ្គេម​នោះ​។

សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម “CAMSOC” រៀបចំ​ធ្វើ​ទៅតាម​ផែនការ​ដូចដែល​លោក ថោង ខុន បានលើកឡើង​។ សម្តេច បាន​បន្តថា ប្រជាជន​កម្ពុជា​ប្រាកដជា​មានការ​យោគយល់​ចំពោះ​កម្ពុជា​ដែល​បាន​ពន្យារ​ការធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅពេលដែល​ប្រទេស​នៅក្នុង​អាស៊ាន​បានរៀបចំ​ធ្វើ​គ្រប់​ប្រទេស​រួចមកហើយ តែ​កម្ពុជា​មិន​ធ្វើ​ដោយសារ​យើង​ទុក​លុយ​ត្រូវធ្វើ​ការអភិវឌ្ឍ​ប្រទេស​។

​សម្តេច​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ និង​សហព័ន្ធ​កីឡា​គ្រប់​ប្រភេទ​ទាំងអស់​ជំរុញ​ការបណ្តុះបណ្តាល ធនធានមនុស្ស​ខាង​កីឡា ហើយ​ការបណ្តុះបណ្តាល​នេះ មិនមែន​សំដៅ​តែ​សម្រាប់​ប្រកួត​ស៊ី​ហ្គេម​នោះទេ ។​យើង​គ្មាន​មហិច្ឆតា​ខ្ពស់​ពេក​នោះទេ យើង​បាន​ព្យាករណ៍​ត្រឹម​ចំណាត់ថ្នាក់​ទី​៥ ទៅ គឺ​សក្តិសម​បំផុត ហើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកទឹកចិត្ត​ឲ្យ​ក្រសួង​អប់រំ និង​សហព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កីឡា​តាមរយៈ​ការជំរុញ​ចលនា​យុវជន​ម្នាក់​ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាងតិច​ប្រចាំជីវិត​ព្រមទាំង​អភិវឌ្ឍ​សមាគម​កីឡា​មហាជន និង​ក្រុមកីឡា​សិស្ស​-​និស្សិត ត្រូវ​បន្ត​ពង្រីក​សកម្មភាព​អភិវឌ្ឍ​កម្មវិធី​អប់រំ​កាយ​និង​កីឡា​តាម​គ្រឹះស្ថានសិក្សា​នៅ​ទូទាំងប្រទេស​ពិសេស​នៅតាម​មូលដ្ឋាន​។​ជាមួយនេះ​ត្រូវខិតខំ​អន​វុត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​ការអប់រំ​កាយ​និង​កីឡា​និង​ការហាត់​ហ្វឹកហ្វឺន​តាម​លក្ខណៈ​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​បំផុសស្មារតី​មហាជន​ពិសេស​យុវជន​ឱ្យបាន​ចូលរួម​គ្រប់ៗ​គ្នា​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កីឡា​ដើម្បី​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

សម្តេច​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​រៀបចំ​ឲ្យ​មាន​កន្លែង​សម្រាប់​ហាត់ប្រាណ​នៅតាម​ទីធ្លា​សាធារណៈ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​សម្រាប់​ហាត់ប្រាណ ។ ចំណុច​នេះ ក៏​ជា​ចំណុច​មួយ​ជួយ​កាត់បន្ថយ​នូវ​ជំងឺ​ឈឺ​ថ្កាត់ ។ ពួកគាត់​មិនមែនជា​កីឡាករ​ទេ តែ​ពួកគាត់​អាច​ហាត់​ទៅតាម​អ្វីដែល​ពួកគាត់ ធ្លាប់ធ្វើ ។ សម្តេច​បាន​លើកទឹកចិត្ត​ជំរុញ​ឲ្យ​បង្កើត​កន្លែង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ថែមទៀត ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ចំពោះ​អាជ្ញាកណ្តាល​ចំពោះ​កីឡា​គ្រប់​ប្រភេទ ពិសេស​កីឡាបាល់ទាត់ និង កីឡាប្រដាល់​ត្រូវខិតខំ​ពង្រឹង​នូវ​ក្រម​សីលធម៌​សម្រាប់​អាជ្ញាកណ្តាល​ត្រូវដាក់​ពិន្ទុ​ដោយ​សុក្រឹត​បំផុត ដើម្បី​កុំ​ឲ្យ​ខូចខាត​កេរ្តិ៍ឈ្មោះ​របស់​ជាតិ​យើង។ សម្តេច​បាន​រិះគន់ថា មាន​អាជ្ញាកណ្ដាល​នៃ​ទូរទស្សន៍​ខ្លះ បើ​ខ្មែរ​វ៉ៃ​បរទេស​មិន​ដួល​ទេ គឺ​ឲ្យ​ខ្មែរ​ចាញ់​ជា​ស្វ័យប្រវត្តិ​តែម្តង។ ខ្ញុំ​មិន​និយាយ​ឲ្យ​ចំឈ្មោះ​ទេ តែបើ​មិន​កែប្រែ​ទេនោះ ខ្ញុំ​នឹង​ចង្អុល​ឲ្យ​ចំ​តែម្តង។ ខ្ញុំ​សូម​ដាស់តឿន​អាជ្ញាកណ្តាល​ដែល​ប្រកួត​ដោយ​ការផ្សាយ​បន្ត​ផ្ទាល់។ ព្រោះ​ការធ្វើ​បែបនេះ ជាការ​បំបាក់ទឹកចិត្ត​កីឡាករ​តែម្តង។ វា​ក៏​ដូចគ្នា​ដែរ មាន​ទូរទស្សន៍​ខ្លះ បើ​បរទេស​មិន​វ៉ៃ​ខ្មែរ​ឲ្យ​ដួល​ទេ គឺ​បរទេស​ចាញ់ នេះ​វា​មិន​យុត្តិធម៌​ទេ វា​ខូចខាត​ទាំង​កិត្តិយស​ជាតិ​ទៀតផង។

សម្តេច​ក៏បាន​ជូន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​បានដឹងថា​សាលាក្រុង​ភ្នំពេញ​នឹងដាក់​រថយន្ត ១២០​គ្រឿង​ដឹក​ពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ដោយ​មិន​គិតថ្លៃ​ពីថ្ងៃ​ទី​១២ ខែមេសា ដល់ ថ្ងៃទី​១៨ ខែមេសា។ សម្តេច​បាន​បន្តថា សម្តេច​ធ្លាប់បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ឡាន​ឈ្នួល​កុំ​ឲ្យដំឡើងថ្លៃ តែ​ពួកគេ​មិនបាន​ស្តាប់​នោះទេ ។ ជាមួយនេះ យើង​នៅមាន​ការ​ជិះ​រថភ្លើង​ដោយ​មិន​គិតថ្លៃ​ផងដែរ ។ ចំណែក​ក្នុង​ក្រុងភ្នំពេញ​ក៏​ដូចគ្នា​ប្រជាពលរដ្ឋ​អាច​ជិះ​រថយន្តក្រុង​ដោយ​មិន​បង់ថ្លៃ រួមទាំង​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​ផងដែរ​។ ​សម្តេច​បានស្នើ​ឲ្យ​កីឡាករ​-​កីឡាការិនី​ជួយ​លើ​ការងារ​ចំនួន​៣ ក្នុងនោះ ទី​១-​ការគោរព​ច្បាប់​ចរាចរណ៍ ដោយ​សុំ​ជួយ​ផ្សព្វផ្សាយ ចំណុច​នេះ​សម្តេច​បានលើកឡើង​ករ​ណី​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​បើក​រថយន្តបុក​ក្មេងស្រី​ម្នាក់​ស្លាប់ ដែល​បញ្ហា​នេះ វា​កើតឡើង​ពី​ការ​ទំយើ​របស់​ឪពុក​ម្តាយ ទើប​ឈានទៅ​ដល់បង្កើត​ឲ្យ​មាន​សោកនាដកម្ម​ទាំង​គ្រួសារ​អ្នកស្លាប់ ក៏ដូចជា​អ្នកបង្ក ជួយ​ផ្សព្វផ្សាយ​និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​ជួយ​ផ្សព្វផ្សាយ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​ដែល​កំពុងមាន​ការរីក​ឡើងវិញ ដែល​ភាគច្រើន​ចេញពី​ការស្រឡាញ់​ភេទ​ដូចគ្នា។ សម្តេច​សង្ឃឹមថា កីឡាករ​-​កីឡាការិនី​ទាំងអស់​នឹងចូលរួម​ដល់​ការងារ​សង្គម​ទាំងបី​នេះ ។​

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ឲ្យ​ដឹងថា មាន​កីឡាករ​-​កីឡាការិនី​គ្រប់​សហព័ន្ធ​ចំនួន ៤.០៩៦​នាក់ ចូលរួម​កម្មវិធី​នៅ​ល្ងាច​នេះ​។​

ថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ដែល​ត្រៀម​ចូលរួម​កម្មវិធី​ឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំមុន​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​ឆ្នាំមុន​មាន​ត្រឹម​ជាង ៣.០០០​នាក់​ប៉ុណ្ណោះ ។ ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ និង​កីឡា​ជំនាញ ចម្រាញ់​ចេញពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៥៣ រួមទាំង​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា NOCC ប៉ា​រ៉ា​ឡាំ​ពិ​ក កីឡា​ខាង​កងកម្លាំងប្រដាប់អាវុធ ហើយក៏​មានការ​អញ្ជើញ​ព្រឹទ្ធាចារ្យ​កីឡា​ជាច្រើន​ចូលរួម​ផងដែរ ។

លោក ថោង ខុន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គណៈកម្មការ​ជំនាញ​បាន​ពង្រឹង​យន្តការ​សកម្ម ភាព​តាម​ផែនទី​បង្ហាញផ្លូវ​ដែល​បានកំណត់ ។ ការងារ “CAMSOC” បាននិងកំពង់​អនុវត្តតាម​គោលការណ៍​ជា​អាទិភាព​ដូចខាងក្រោម​៖ អាទិភាព​ទី​១.​ចាប់ផ្តើម​រៀបចំ​លេខាធិការដ្ឋាន “CAMSOC” ចាប់ពីពេលនេះ​តទៅ ដាក់​ឲ្យ​ដំណើរការ​អង្គ​រដ្ឋបាលកណ្តាល​រប​ស់ “CAMSOC” និង​គណៈកម្មការ​ជំនាញ​និ​មួយៗ ចាប់ផ្តើម​អនុវត្ត​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ជំនាញ​តាម​មុខងារ​ភារកិច្ច​ការទទួលខុសត្រូវ ។​

អាទិភាព​ទី​២.​ជំរុញ​ល្បឿន​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គុណភាព គុណ​ផល​កីឡា​កម្រិត​ខ្ពស់​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក​ដោយ​ត្រៀម​បញ្ជូន​ទៅ​បណ្តុះបណ្តាល​និង​ហ្វឹកហាត់​រយៈពេល​វែង​នៅក្រៅ​ប្រទេស​ពិសេស​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​កូរ៉េ និង ប្រទេស​ជប៉ុន ចាប់ពី​ត្រីមាស​ទី​២ ឆ្នាំ ២០១៩ រហូតដល់​ឆ្នាំ​២០២៣ ។ ទន្ទឹមនឹង​ការហ្វឹកហាត់ “CAMSOC” ផ្តល់​លទ្ធភាព​បញ្ជូន​កីឡាករ -​កីឡាការិនី​ចូលរួម​ការប្រកួត​កីឡា​ជា​អន្តរជាតិ​សំខាន់ៗ ឲ្យ​បាន​ញឹកញាប់​តាម​តម្រូវការ​បច្ចេកទេស​ដែល​បាន​ហ្វឹកហាត់ ។

អាទិភាព​ទី​៣. ធ្វើការ​ផ្សព្វផ្សាយ​ការយល់ដឹង “Public Awareness” ដំណើរ​ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣ “Toward SEA Games 2023 ” លើ​យុទ្ធនាការ​ប្រឡងប្រណាំង​និមិត្តសញ្ញា “SEA Games Logo ” និ​មិ្ម​ត​រូប “SEA Games Mascott” បទ​ចម្រៀង “SEA Games Songs ” និង​យុទ្ធនាការ​កាត់បន្ថយ​គ្រឿងញៀន ការកកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ សណ្តាប់ធ្នាប់​សង្គម យុទ្ធនាការ​កម្ពុជា​ស្អាត និង​យុទ្ធនាការ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​ប្រកបដោយ​គុណភាព និង ភាពកក់ក្តៅ ។​ល​។​

អាទិភាព​ទី​៤ .​ការជំរុញ​ផែនការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ទីលាន​ប្រកួត កីឡា​តាម​ស្តង់ដារ​អន្តរជាតិ ដែល​ប​ច្ច​ប្បន្ន​ដំណើរការ​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ដែល​មកដល់ពេលនេះ​គម្រោង​សាងសង់​ទាំងមូល​សម្រេចបាន​ប្រមាណ​ជាង ៥០​ភាគរយ រួចហើយ ។​

អាទិភាព​ទី​៥. ការរៀបចំ​រចនា​ប្លង់​នៃ​គម្រោង​កម្មវិធី បើក​-​បិទ ជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES លើក​ទី ៣២ ឆ្នាំ​២០២៣ ។​

លោក ថោង ខុន បាន​បន្តថា តាមរយៈ​នៃ​ជំនួប​ដ៏​ស្និទ្ធស្នាល និង​អធិកអធម​រយៈពេល ៣​ឆ្នាំ​មកនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានបង្ហាញ​ការគោរព​ស្រលាញ់ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដោយស្មោះ​ស្ម័គ្រ​បំផុត ធ្វើ​ឲ្យ​គ្រួសារ​កីឡា​ជាតិ​មាន​ទំនុកចិត្ត និង​គាំទ្រ​១០០% ចំពោះ​ការដឹកនាំ​របស់​សម្ដេច​និង​រាជរដ្ឋាភិបាល​។ ឆ្លើយតប​ចំពោះ​ការផ្ដល់​ភាពកក់ក្ដៅ​នេះ កីឡាករ​-​កីឡាការិនី បាន​ខិតខំ​ប្រឹងប្រែង​ដណ្ដើម​មេដាយ​ជាច្រើន​ជូន​ជាតិ​និង​បង្ហាញ​ពី​ការត្រៀមខ្លួន​ដើម្បី​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114