ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​មួយ​មេ​ធំ​នៅ​ក្រុង​កំពង់ឆ្នាំង ផ្ទះ​ប្រជាពលរដ្ឋ​៣​ ទៅ​៤​គ្រួសារ​ នៅក្នុង​ភូមិ​ធម្មយុត្តិ​ បាន​លិច​ទឹក ព្រោះតែ​ម្ចាស់​ដី​បាន​ចាក់ដី​លុប​ស្រះ លុប​ទាំង​លូបង្ហូរទឹក

កំពង់ឆ្នាំង​ ៖ ដោយសារ​ម្ចាស់​ដី​ចាក់ដី​លុប​លូបង្ហូរទឹក​ដែល​ត្រូវ​ចូល​ស្រះ ភ្លៀង​មួយ​មេ​ធំ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩ នេះ ផ្ទះ​ប្រជាពលរដ្ឋ​៣​ទៅ​៤​គ្រួសារ នៅ​ខាងក្រោយ​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់​ និង​សុរិយោដី ខេត្តកំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ត្រូវ​ទឹក​លិច​ភូមិ និង​ទឹក​ហូរ​ចូល​ក្នុងផ្ទះ​ខូចខាត​សម្ភារៈ​មួយចំនួន។

ករណីនេះ ​ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ក្រុង ខេត្ត មន្ទីរជំនាញ ​និង​ម្ចាស់​ដី ជួយ​ដោះ​ស្រាយក​កាយ​ដី​ដែល​ចាក់​លុប​លូទឹក​នោះ​ចេញ​វិញ​ផង ទើប​ពួកគាត់​លែង​រងគ្រោះ។​

ទាក់ទង​នឹង​រឿងនេះ លោក អួន ឆេង​លី និង​ លោក ប្រេង សារ៉ន ជា​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គេ​ចាក់ដី​លប់​លូបង្ហូរទឹក បាន​និយាយ​ឲ្យ​ដឹងថា​ ជាច្រើន​ឆ្នាំកន្លងមក នៅ​ចំណុច​នេះ​គ្មាន​ទឹក​ជន់​លិច​បែបនេះ​ទេ គឺ​ទឹកភ្លៀង​បាន​ហូរ​ចូល​ស្រះ ជា​ដី​លោក ធន ធឿន ហើយ​ហូរ​តាម​លូ​ទៅ​ផ្នែក​ខាងក្រោម​អស់​។ ​ប៉ុន្តែ​ប៉ុន្មាន​ខែ​មុននេះ លោក ធន ធឿន ដែលមាន​ដី​ស្រះ​មួយកន្លែង នៅ​ចំណុច​នេះ បាន​ចាក់ដី​លុប​លូបង្ហូរទឹក​ចូល​ស្រះ​របស់គាត់ ទើប​ធ្វើ​ឲ្យ​ទឹក​ដែល​ហូរ​មកពី​ច្រើន​កន្លែង​ផ្នែក​ខាងលើ​បាន​ចាល់​ស្ទះ ជន់​លិច​ភូមិ​និង​លិច​ផ្ទះ​បែបនេះ​តែម្តង គឺ​បាន​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ក្នុងផ្ទះ ក្នុងនោះ​មាន​កុំព្យូទ័រ​លេប​ថប​១​គ្រឿង​ផងដែរ​។ ពួកគាត់​សំណូមពរ ដល់​ម្ចាស់​ដី លោក ធន់ ធឿន សូមមេត្តា​ជួយ​កាយ​ដី​បើក​ផ្លូវទឹក​វិញ​ផង​។

នៅក្នុង​រឿងនេះ លោក ធន ធឿន ជា​ម្ចាស់​ដី​ស្រះ​នោះ បាន​ឲ្យ​ដឹងថា​ លោក​ចាក់ដី​គឺមាន​បំណង​ដាក់លូ ស្របតាម​មាត់​ស្រះ​ដី​របស់គាត់ ​​ប៉ុន្តែ​នៅពេលដែល​គាត់​ចាក់ដី​បម្រុង​នឹង​ដាក់លូ ត្រូវបាន​ប្រជាពលរដ្ឋ​ស្រែកថា គាត់​ចាក់ដី​លុប​បឹង លុប​ត្រពាំង និង​ថា ជា​ដី​៥​ធាន ដែលជា​កន្លែង​រំដោះ​ទឹកជា​ដើម។ ហេតុនេះហើយ​ពេល​ចាក់ដី​បាន​ចាក់​បន្តិច ធ្វើ​អី​មិនកើត ក៏​ទុក​ដី​នោះ​ចោល​អញ្ចឹង​ទៅ ហើយ​ពេល​មាន​ភ្លៀង​ដី​នោះ​ក៏​ហូរ​ស្ទះលូ​បែបនេះ​ទៅ។

លោក ធន ធឿន និយាយថា ​គាត់​ជា​អ្នក​ជីក​ស្រះ​នេះ នៅ​ឆ្នាំ​១៩៨០ សោះ បែរជា​គេ​ថា ជា​ដី​នោះ​បឹង​រំដោះ​ទឹក​ទៅវិញ។ ចំពោះ​ការស្ទះ​លូទឹក​នេះ លោ​កថា​នឹងឲ្យ​គេ​ទៅ​កាយ​ដី​នោះ​ចេញ​វិញ។​

ទាក់ទង​នឹង​ការ​ចាក់ដី​លុប​លូទឹក​នៅ​ចំណុច​ខាងលើនេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​នៅពេល​អ្នកកាសែត​យើង​រាយការណ៍​ជូន​អំពី​បញ្ហា​នេះ លោក​បាន​ឆ្លើយតប​ថា លោក​នឹង​ឲ្យ​ក្រុមការងារ​មន្ទីរ ចុះទៅពិនិត្យ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​មាន​ដី​លុប​លូ​បង្ហូរ​ទឹក ស្ទះ​ចរន្តទឹក​ហូរ​បែប​នេះឡើយ៕

 

​ ​



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114