ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​ ក្រសួង​ព័ត៌មាន​ ប្រកាស​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​ឡើងវិញ​ នូវ​បទ​ចម្រៀង ភ្ជុំបិណ្ឌ​នឹក​ស្រុក របស់ ម៉ៅ ហា​ជី​

​ភ្នំពេញ ​៖​ ដោយយោង​តាម​អនុសាសន៍​ណែនាំ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ស្តីអំពី​ការសម្រេច​អនុញ្ញាត​ឲ្យ​ចាក់ផ្សាយ​ឡើងវិញ​នូវ​បទ​ចម្រៀង ភ្ជុំបិណ្ឌ​នឹក​ស្រុក របស់លោក ម៉ៅ ហា​ជី នោះ ​ពេលនេះ​ក្រសួង​ព័ត៌មាន​បានចេញ​លិខិត​ជូនដំណឹង​ដល់​បណ្តា​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ឲ្យ​បន្ត​ចាប់ផ្តើម​ចាក់ផ្សាយ​ឡើងវិញ​នូវ​បទ​ចម្រៀង​ខាងលើនេះ។

បើ​តាម​លិខិតអនុញ្ញាត​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី​០៣ ​ខែមេសា​ ឆ្នាំ​២០១៩​ បាន​បញ្ជាក់ថា​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី​០២​ ខែមីនា ​ឆ្នាំ​២០១៩​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​ខេត្ត​ពោធិ៍សាត់ ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ​ចាក់ផ្សាយ​ឡើងវិញ​នូវ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា ភ្ជុំបិណ្ឌ​នឹក​ស្រុក ច្រៀង​ដោយ​ លោក ម៉ៅ ហា​ជី របស់​ផលិតកម្ម​ថោ​ន​Vol 122​។​

គួររម្លឹកថា​ចម្រៀង​បទ ភ្ជុំបិណ្ឌ​នឹក​ស្រុក របស់​តារា​ចម្រៀង​ប្រុស​ លោក ម៉ៅ ហា​ជី កាលពី​អំឡុង​ថ្ងៃទី​៣​ ខែ​តុលា ​ឆ្នាំ​២០១៨​ កន្លង​មក​នេះ ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចេញ​លិខិតស្នើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ឲ្យ​ចាត់​វិធានការ​ផ្អាក​ការ​ផ្សព្វផ្សាយ​ដោយ​លើក​ហេតុផល​មក​បញ្ជាក់​ថា ​នៅ​ក្នុង​ខ្លឹមសារ​ នៃ​បទ​ចម្រៀង​នេះ​បាន​ធ្វើ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

នៅក្នុង​ខ្លឹមសារ​លិខិត​ដដែល​នេះ​បានលើកឡើង​ថា ​បទ​ចម្រៀង ភ្ជុំបិណ្ឌ​នឹក​ស្រុក ច្រៀង​ដោយ​លោក ម៉ៅ ហា​ជី នៅ​ផលិតកម្ម​ថោ​ន Vol 122 ដែល​កំពុង​ផ្សព្វផ្សាយ​តាម You Tube តាន​រយៈ Link http://YouTu. be //UNGnwgA88 និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងទៀត​ដែលមាន​ឃ្លា​មួយ​ច្រៀង​ថា កម្មករនិយោជិត​មិនទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត មិនបាន​ទៅលេង​ស្រុកកំណើត មិនបាន​ទៅលេង​ម៉ែ​-​ពុក បានត្រឹមតែ​ស្រក់​ទឹកនេត្រា​ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ -​ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ បាន​អាច​ទៅលេង ស្រុកកំណើត​បាន។​

តាមរយៈ​អត្ថន័យ​ខាងលើនេះ ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ ពិសេស​ផ្ទុយ​ទាំងស្រុង​នូវ​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន និង​កំពុង​ផ្តោត​ការយក​ចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំទ្រ​ដល់​បងប្អូន​និយោជិត​។​ ប៉ុន្តែ​យ៉ាងណាមិញ​ក្រោយពី​មានការ​ផ្អាក​ផ្សព្វផ្សាយ​អស់​មួយរយៈ​ពេលនោះ​ ពេលនេះ​ក៏ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ប្រកាស​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​ឡើងវិញ​ដោយ​គោរព​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​៕