ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​នាំយក​អំណោយ​ផ្តល់​ដល់​ជនរងគ្រោះ​ដោយ​អគ្គិភ័យ ​នៅ​សង្កាត់​និរោធ​

ភ្នំពេញ ៖ លោក ​ចេង មុនី​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ កាលពី​រសៀល​ថ្ងៃទី​៤​មេសា​នេះ ​បាន​នាំយក​អំណោយ​រួមមាន​ គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​ផ្តល់​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​ដោយ​អគ្គិភ័យ ​កាលពី​រសៀល​ថ្ងៃទី​៣​មេសា​កន្លងទៅ​។​

លោក​ ចេង មុនី​រ៉ា បាន​មានប្រសាសន៍​ទៅកាន់​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ ឈ្មោះ​ គឹម​
ហេង ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ថា លោក​សូម​ចូលរួម​សោកស្ដាយ​នូវ​ទ្រព្យសម្បត្តិ​ដែល​ខិតខំ​រក​តាំងពី​យូរ​មកហើយ ​បែរ​ក្លាយជា​ចំណី​អគ្គិភ័យ​តែមួយ​ប៉ព្រិចភ្នែក​។​

លោក​អភិបាល​បន្ត​ថា ​ក្នុង​ហេតុការណ៍​នេះ ​គឺ​លោក​អភិបាលខណ្ឌ ​រួមទាំង​លោក​អភិបាលរងខណ្ឌ​ទាំងអស់ ​ក៏ដូចជា​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ​ដើម្បី​ចាត់ចែង​កម្លាំង​រៀបចំ​ផ្លូវ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​បាញ់​ពន្លត់​។​

ទន្ទឹម​នឹង​នេះ ​កម្លាំង​ចម្រុះ​បាន​ចុះទៅ​ជួយ​ម្ចាស់ផ្ទះ​ក្រែង​មាន​ជាប់​សមាជិក​គ្រួសារ​ជាប់​ក្នុង​ផ្ទះ​កើតហេតុ​ ហើយ​ខ្លះទៀត​ជួយ​ការពារ​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​ដែល​កំពុង​ជញ្ជូន​ចេញ​ ព្រោះ​ខ្លាច​មាន​ជនខិលខូច​មក​លួច​យក​។​

លោក​អភិបាលខណ្ឌ​ ក៏បាន​លើ​កម្លាំងចិត្ត​ដល់​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​សូម​ចាប់ផ្ដើម​មុខរបរ​រកស៊ី​ឡើង​វិញ ​ព្រោះ​សំណាង​ណាស់​ដែល​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

គួរ​បញ្ជា​ក់​ថា ​ទីតាំង​ឆេះ​នេះ ​គឺ​ស្ថិត​ក្នុងភូមិ​តា​ង៉ូ​វ​ក្រោម​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ដែល​អគ្គិភ័យ​នេះ​បំផ្លាញ​អស់​រោង​សិប្បកម្ម​ធ្វើ​កុងម៉ា ​និង​ផ្ទះ​មួយ​ល្វែង​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជា​៤០​ម៉ឺន​ដុល្លារ​ឯណោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114