ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ដ្រីជាន់ខ្ពស់​សុខាភិបាល ​ណែនាំ​ដល់​មន្ដ្រីក្រោមឱវាទ ​ខិតខំ​បម្រើ​សេវា​សុខភាព ជូន​ពលរដ្ឋ​ប្រកប​ដោយ​គុណភាព​

​ភ្នំពេញ ​៖ ​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​មន្ដ្រី​សុខាភិបាល​ទាំងអស់​បន្ដ​ខិតខំ​ប្រឹងប្រែង ពង្រឹង​ចំណេះ​ជំនាញ និង​កែលំអ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន ដើម្បី​សំដៅ​លើកកម្ពស់​ការផ្ដល់​សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព។​

ថ្លែង​ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​ថ្មី របស់​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​លោកស្រី យក់ ស​ម្ប​តិ្ដ បាន​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យក​ចិ​ត្ដ​ទុកដាក់​លើ​វិស័យ​សុខាភិបាល ជាពិសេស សុខុមាលភាព របស់​ប្រជាពលរដ្ឋ​ក្នុង​នោះបាន​អនុញ្ញាត​ឲ្យ​អនុវត្តន៍​នូវ​គម្រោង​លើក​ទឹក​ចិ​ត្ដ ជាច្រើន​រួមមាន​ ៖ ការផ្ដល់ប្រាក់​លាភ ការបន្ថែម​ប្រាក់ឧបត្ថម្ភ ដែល​បាន​បង្កើតកូន​រស់ មូលនិធិ​សមធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ ក្នុង​គោលបំណង​បង្កើន​គុណភាព​ប្រសិទ្ធភាព សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់រូប មានលទ្ធភាព​ចូល​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ ប្រកបដោយ​សមធម៌ ដើម្បី​ឈានទៅ​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​មាតា​-​ទារក និង​កុមារ​, កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយ​ជំងឺឆ្លង និង​បន្ទុក​ជំងឺមិនឆ្លង ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ​ឲ្យ​រីកចម្រើន​ដូច​បណ្ដា​ប្រទេស​។​

លោកស្រី​រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា «​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលបំណង នៃ​គោលនយោបាយ​សុខាភិបាល គឺ​លើកកម្ពស់​លទ្ធភាព​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ប្រសើរឡើង និង​បង្កើន​ការបង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ ក្នុងការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព របស់​រាជរដ្ឋាភិបាល មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​យក​បទពិសោធន៍​ល្អៗ​ពីគ្នា​ទៅវិញទៅមក ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការផ្ដល់សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

លើសពីនោះ លោកស្រី​បញ្ជាក់​ថា «​សេវា​សុខាភិបាល​សាធារណៈ កាន់​តែមាន​ទំនុក​ចិ​ត្ដ ពី​ប្រជាជន​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ចំនួន​ប្រជាពលរដ្ឋ បាន​ចូលមក​សម្រាលកូន មានការ​កើនឡើង ការ​ពិគ្រោះ និង​ព្យាបាល​ជំងឺ ក៏​មាន​សន្ទុះ គួរ​ឲ្យ​កក់​សម្គាល់ តែ​យើង​ត្រូវតែ​ខិតខំ​បន្ថែមទៀត ជាពិសេស​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ អត្តចរិត​ស្លូតបូត រាក់ទាក់ ប្រកបដោយ​ការ​យក​ចិត្ត​ទុក្ខ​ដាក់ ចំពោះ​អ្នកជំងឺ ដើម្បី​ឲ្យ​ពួកគាត់​កាន់តែ​ពេញ​ចិត្ដ​»​។​

ទន្ទឹមនឹងនោះ លោកស្រី​រដ្ឋលេខាធិការ បាន​ជំរុញ​លើកទឹកចិត្ដដ​ល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ខិតខំ​បន្ដទៀត និង​ផ្ដល់នូវ​អនុសាសន៍​មួយចំនួន​ផងដែរ​រួមមាន​ត្រូវ​ពង្រីក​ការផ្ដល់សេវា​សុខាភិបាល​សាធារណៈ ដោយ​មណ្ឌល​សុខភាព​ផ្ដល់​សេវា​សំណុំ​សកម្មភាព​ពេញលេញ និង​មន្ទីរពេទ្យ​បង្អែក ផ្ដល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់ ពង្រឹង​គុណភាព​សេវា តាមរយៈ​ការ​បណ្ដុះបណ្ដាល​បន្ដ​ដល់​មន្ត្រី​សុខាភិបាល និង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​សមស្រប លុបបំបាត់​របាំង​ហិរញ្ញវត្ថុ ក្នុងការ​ចូល​មក​ទទួល​ព្យាបាល​ជំងឺ ដោយ​អនុវត្ត​មូលនិធិ​សមធម៌ និង​បេឡា​ជាតិ​របប​សន្តិសុខ សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​និង​អនុវត្ត​វិមជ្ឈការ និង​វិស​ហ​មជ្ឈការ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114