ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ ​អញ្ជើញ​សម្ពោធ​សារមន្ទីរ​បង្ហាញ​ពី​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»

ភ្នំពេញ ​៖ នៅវេលា​ម៉ោង ៨​និង ៣០​នាទី ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​មកពី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ធានាគារ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​មកពី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ​។​

អគារ​សារមន្ទីរ​ជា​អគារ​ស្ថិតនៅ​ទីប្រជុំ​នៃ​សំណង់​អគារ​តាម​ស្ថាបត្យកម្ម​ពី​សម័យ​អាណានិគម​បារាំង​ដែល​ស្ថិតនៅ​សួនច្បារ​ផ្សារ​ចាស់​។​

លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​កម្ពុជា បានឱ្យដឹងថា គម្រោង​សាងសង់​អគារ​សារមន្ទីរ ដែល​ត្រូវបាន​ប្រសិទ្ធ​ជា​គម្រោង «​ដ៏​មាន​មហិច្ឆតា​» នេះ ត្រូវបាន​ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​២០១២ បន្ទាប់ពី​ទទួលបាន​អនុសាសន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​។ លោក​អគ្គទេសាភិបាល បាន​អះអាងថា សារមន្ទីរ​ស្តីអំពី​ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​កម្ពុជា​នេះ ត្រូវបាន​រចនា​ឡើង​ដោយយោង​ទៅតាម​រូបិយវត្ថុ ដែល​បាន​បោះផ្សាយ និង​ត្រូវបាន​ប្រើប្រាស់​នាពេល​កន្លងមក​។​

លោក ជា ចាន់តូ បាន​បន្ថែមថា ការសាងសង់ និង​រចនា​នូវ​អគារ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ត្រូវបាន​ចាប់ផ្តើម​ស្រាវជ្រាវ​ពី​ចំណុចសូន្យ​។ បើតាម​លោក ជា ចាន់តូ ដោយសារតែ​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជាមាន​ការប្រែប្រួល​ច្រើន និង​មាន​ភាពស្មុគស្មាញ ព្រមទាំង​មិនសូវ​មានការ​ចងក្រង​ឯកសារ​ផង​នោះ បាន​បង្ក​ជាការ​លំបាក​ក្នុងការ​ចងក្រង​ប្រមូលផ្តុំ និង​សាងសង់​នូវ​សារមន្ទីរ​មួយ​នេះ​ផងដែរ​។​

លោក​អគ្គទេសាភិបាល បាន​អះអាងថា ដើម្បី​សាងសង់​សារមន្ទីរ​នេះ​ឡើង គឺត្រូវធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​ចំណុច​សំខាន់ៗ​ចំនួន​៣​រួមមាន​៖ ទីមួយ ការស្តារ​ឡើងវិញ​នូវ​រឿង​ពិត​ដ៏​សំខាន់​មួយ​ដែលជា​ញឹកញាប់​មិនមាន​ការយកចិត្តទុកដាក់ គឺ​រូបិយវត្ថុ និង​ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​, ទី​ពីរ គឺ​ការប្រមូលផ្តុំ​ឯកសារ រូបភាព និង​កាស ដើម្បី​ទុកជា​ភស្តុតាង និង​ទី​បី គឺ​ការផ្តល់ជូន​នូវ​ទីកន្លែង​នៃ​ចំណេះដឹង​ទំនើប​ថ្មី​មួយ និង​ប្រកបដោយ​អន្តរ​កម្ម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សម្រាប់​សិស្ស និង​និស្សិត​។​

សូមបញ្ជាក់ថា សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» មាន​ពិព័រណ៍​ចំនួន ១២​ម៉ូឌុល ដែល​ពិពណ៌នា​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ក្នុងសម័យ​ហ្វូណន​រហូតដល់​បច្ចុប្បន្ន​។ ផ្នែក​ខាង​ក្នុងនៃ​សារមន្ទីរ មាន​ភាពទំនើប និង​ត្រូវបាន​បំពាក់​ដោយ​ភាពយន្ត​ឯកសារ ល្បែង​កម្សាន្ត និង​ផ្ទាំង​ប៉ះ (Touch Screens) ដែល​ផ្តល់​ភាពសប្បាយ​រីករាយ និង​ចំណេះដឹង​ដល់​សាធារណជន​។​

សារមន្ទីរ​នេះ ក៏មាន​បណ្ណាល័យ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ហាង​កាហ្វេ និង​សួនច្បារ​ដ៏​ស្រស់ស្អាត​។ បន្ទាប់ពី​បើកសម្ពោធ​ហើយ​សាធារណជន​នឹង​អនុញ្ញាត​ឱ្យចូល​ទស្សនា​នៅក្នុង​សារមន្ទីរ​ដែល​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការធ្វើ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​កម្ពុជា​តាំងពី​សម័យ​ហ្វូណន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114