ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​ស៊ីការ​បងប្អូន​ ជិះ​ម៉ូតូ​បុក​គូទ​ឡាន​​ពីក្រោយ ​ស្លាប់​ម្នាក់ ​របួសធ្ងន់​ម្នាក់

ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ​បន្ទាប់ពី​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​បងប្រុស​ជីដូន​មួយ​របស់​ខ្លួន​ត្រឡប់​មកពី​ហូប​ការ​សាច់ញាតិ​ ឆ្ពោះ​ទៅ​ផ្ទះ​វិញ​ ក្នុង​ល្បឿន​លឿន តាម​ពីក្រោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​១​គ្រឿង ពេល​ឡាន​ជាន់​ហ្វ្រាំង​បន្ថយ​ល្បឿន​ប្រថុចញ៉ុច​ពេក ​ធ្វើ​ឲ្យ​ជនរងគ្រោះ​វាក់​ជាន់​ហ្វ្រាំង​ឈប់​មិនទាន់ ​ក៏បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​អ្នក​ឌុប​បែកក្បាល ​និង ​បាក់.ក​ស្លាប់ ចំណែក​បងប្រុស​ជីដូន​មួយ​ជិះ​ពីក្រោយ​រង​របួស​ធ្ងន់ធ្ងរ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ នៅលើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ខាងជើង​ខ្លោងទ្វារ​វត្ត​ពោធិ៍​វ័ន ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

យុវជន ​ដែល​ស្លាប់​ ឈ្មោះ ណាត នឹម អាយុ​២៤​ឆ្នាំ មុខរបរ​ ​ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ល្ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ចំណែក​បងប្រុស​ជីដូន​មួយ​ដែល​រង​របួស​ឈ្មោះ ថន អាយុ​​​​៣១ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ក្នុងភូមិ​ជាមួយគ្នា​នោះ​ដែរ​។​

តាម​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​ជនរង​គ្រោះ​​​ទាំង​២​នាក់ ​បងប្អូន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1BZ-4667 ឌុប​គ្នា​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​ ខណៈនោះ​ក៏មាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​១​គ្រឿង​ ម៉ាក​នី​ស្សាន់​ឌី​សែ​ល ពណ៌ស ពាក់​ស្លាក​លេខ តាកែវ 3A-1226 ដែល​កំពុង​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​នៅ​ខាងមុខ​ផងដែរ​។​ លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​រថ​យន្ត​ដឹក​ស៊ីម៉ងត៍​បាន​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​យ៉ាង​ប្រថុចញ៉ុច​បំផុត ព្រោះ​មាន​យានយន្ត​ខាងមុខ​បន្ថយល្បឿន​ដែរ​។​

ប្រភព​ខាងលើ​បាន​បន្តថា បន្ទាប់ពី​ជួប​ស្ថានភាព​បែបនេះ ជនរងគ្រោះ​បាន​បាត់បង់​ម្ចាស់ការ​ក្នុងការ​បើកបរ​មិនអាច​ជាន់​ហ្វ្រាំង​ឈប់ ​ឬ​គេចចេញ​ទាន់​ឡើយ ក៏​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​នេះ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​ ហើយ​យុវជន​អ្នកបើកបរ​ម៉ូតូ បែកក្បាល​ និង​បាក់.ក ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​តែម្ដង​។ ដោយឡែក បុរស​ម្នាក់ទៀត​ដែល​ត្រូវជា​បងប្រុស​ជីដូនមួយ​រងរបួស​ធ្ងន់ធ្ងរ ហើយ​ក្រោយពេល​កើតហេតុ​ រថយន្ត​បាន​បើក​រត់​បាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ​ទើប​ឈប់ ​រួច​អ្នក​បើកបរ​បាន​ចុះ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​សាច់ញាតិ​នៅ​ក្នុង​ភូមិ​ភូមិ​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

លុះ​ពេល​ហូប​ការ​រួច​បាននាំគ្នា​ជិះ​ម៉ូតូ​ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ ប៉ុន្តែ​ជា​អកុសល​ក៏បាន​ជួប​នឹង​ឧប្បត្តិ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​និង​រង​របួស​ធ្ងន់​ម្នាក់​តែម្ដង​។​

បន្ទាប់មក​ ជនរងគ្រោះ​ ដែល​រងរបួស​ ត្រូវបាន​រថយន្ត​ដឹកយក​ទៅ​សង្គ្រោះ ​រីឯ​អ្នក​ស្លាប់ ​ត្រូវ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះទៅ​ធ្វើការ​វាស់វែង​ និង​នាំ​រថយន្ត​ និង​ម៉ូតូ​ ទៅ​រក្សាទុក​ចាត់ការ​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114