ព័ត៌មានជាតិ
អ្នកជិះកង់ចម្រុះជាតិសាសន៍ ២០០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ «រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» នៅខេត្តសៀមរាប
អ្នកជិះកង់ចម្រុះជាតិសាសន៍ប្រមាណជាង២០០០នាក់ បានមកចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី (Together for Cambodia in Solidarity Season)» នាក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាព ជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារភៀសសឹកនៅក្នុងគ្រាដ៏លំបាក។
លោករដ្ឋមន្ត្រីបន្ថែមថា តាមការរៀបចំពីដំបូង ក្រុមការងាររំពឹងថា នឹងមានអ្នកចូលរួមចំនួន ១,០០០នាក់ ប៉ុន្តែត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចុះឈ្មោះមានដល់ជាង២០០០នាក់ និងមាន២០ជាតិសាសន៍ផ្សេងៗគ្នាមកចូលរួម ដែលនេះ បានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រួមគ្នាដើម្បីកម្ពុជា នៅក្នុងរដូវកាលសាមគ្គី។

លោករដ្ឋមន្ត្រីបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌នៅថ្ងៃនេះ គឺជាការរួបរួមគ្នាដ៏អស្ចារ្យមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួបរួមកម្លាំងសាមគ្គីដ៏រឹងមាំបង្ហាញការជួយទៅវិញទៅមកក្នុងកាលៈទេសៈដ៏លំបាក ទៅតាមវិស័យរៀងៗខ្លួន និងមិនបោះបង់គ្នា (No one is left behind)។
ក្នុងស្មារតីសាមគ្គីភាពនេះ, ឯកឧត្តមរដ្ឋមន្ដ្រី ជឿជាក់ថាយើងទាំងអស់គា្ន ពិតជា អាចឆ្លងផុតការលំបាកមួយនេះបាន។ ឯកឧត្តម ក៏បានយកឱកាសនេះ ជូនពរដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សូមធ្វើដំណើរកម្សាន្ត ប្រកបដោយទំនុកចិត្ត ព្រោះសៀមរាបគឺជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព, បដិសណ្ឋារកិច្ចស្វាគមន៍រាក់ទាក់កក់, សក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសា និងភាពរួសរាយរាក់ទាក់ របស់ប្រជាជនកម្ពុជា។

លោកសង្ឃឹមថា ភ្ញៀវទេសចរ ជាពិសេសទេសចរអន្តរជាតិ នឹងវិលត្រឡប់មក កម្ពុជាវិញម្តងទៀត ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ។ កម្ពុជារង់ចាំទទួលស្វាគមន៍ និង សូមចាត់ទុកកម្ពុជា ជាផ្ទះដ៏កក់ក្ដៅរបស់លោក អ្នក និងទទួលស្វាគមន៍លោក អ្នក ដូចជា ក្រុមគ្រួសាររបស់កម្ពុជា។
ក្រសួងទេសចរណ៍ បានដាក់ចេញ រដូវកាលសាមគ្គី (Solidarity Season) ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ និងស្ថិតក្រោមក្របខណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង ៦ របស់ក្រសួងទេសចរណ៍រួបរួមគ្នាដើម្បីបន្តនិរន្តរភាពនៃដំណើរការវិស័យទេសចរណ៍, បន្តប្រក្រតីភាពនៃដំណើរការអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីទ្រទ្រង់ប្រាក់ចំណូល របស់អាជីវករ, ប្រតិបត្តិករទេសចរណ៍, បងប្អូនប្រជាពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពង្រឹងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដើម្បីធានាថា វិស័យទេសចរណ៍នៅតែបន្តដើរតួនាទីសំខាន់ជា «មាសបៃតង» និងជា “ចន្ទល់ សេដ្ឋកិច្ច» ដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា៕

អត្ថបទ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


