ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សោម ចិន​ ៖​ គ្មានអ្វី​ប្រសើរ​ជាង​ការ​សាង​កុសល​ល្អ​ចំពោះ​ខ្លួនឯង ​និង​អ្នកដទៃ​ដោយ​ចេញពី​ទឹកចិត្ត​ស្មោះសរ​របស់​យើង​ម្នាក់ៗ​ឡើយ​

កំពត ៖ លោក សោម ចិន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត បាន​មានប្រសាសន៍ថា គ្មានអ្វី​ប្រសើរ​ជាង​ការ​សាង​កុសល​បុណ្យ​ល្អ​ចំពោះ​ខ្លួនឯង​ និង​អ្នកដទៃ ​ពិសេស​ដោយ​ធ្វើការ​ចែករំលែក​ចេញពី​ទឹកចិត្ត​ស្មោះសរជ្រះថ្លា​បរិសុទ្ធ​របស់​យើង​ម្នាក់ៗ​ឡើយ​។​

លោក សោម ចិន បាន​មានប្រសាសន៍​ដូចនេះ​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ លោកយាយ លោកតា​ចាស់ៗ​នៅក្នុង​ឱកាស ​នៃ​ពិធី​បុណ្យចម្រើនព្រះជន្ម​ និង​បច្ច័យបួន​ដែល​ក្រុមគ្រួសារ​ និង​កូនចៅ​ រៀបចំ​ធ្វើឡើង​ជូន​លោក​ និង​លោកស្រី ​កាលពី​ថ្ងៃទី​០៦ ​ខែមេសា ​ឆ្នាំ​២០១៩​ នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់​។​

លោក សោម ចិន បាន​រំលឹក​សង្កត់ធ្ងន់ថា​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដែលជា​អ្នក​កាន់​គោរព​ជំនឿ​លើ​ប្រពៃណី​ព្រះពុទ្ធសាសនា​ តែង​យល់ថា ​គ្មាន​អ្វី​ប្រសើរ​ជាង​ការធ្វើ​ល្អ​ចំពោះ​ខ្លួនឯង ​និង​អ្នកដទៃ​ទេ ពោលគឺ​ការបំពេញ​នូវ​គុណធម៌ ព្រហ្មវិហារ​ធម៌ កតញ្ញូ​តា​ធម៌ និង​មេត្តាធម៌​ដោយ​ចេញពី​ទឹកចិត្ត​ស្មោះសរ​ជ្រះថ្លា​របស់​យើងទាំងអស់គ្នា​ម្នាក់ៗ​។​

លោក​ សោម ចិន ក៏បាន​រំលឹក​បញ្ជាក់​ថា ​ដោយបាន​ប្រកាន់ខ្ជាប់​ និង​គោរព​ជា​រៀងរាល់ឆ្នាំ​ក្នុង​ឱកាស​ នៃ​ពិធី​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឈានចូល​មកដល់។ លោក​តែង​បានធ្វើ​ពិធី​ជួប​សំណេះសំណាល​ និង​ធ្វើ​ទាន​ជូន​នូវ​សម្ភារៈប្រើប្រាស់ ​និង​ថវិកា​ដល់​ប្រជាពលរដ្ឋ លោកយាយ លោកតា​ចាស់ៗ។ ក្នុង​គោលបំណង​សំដែង​បំពេញ​កុសល​បុណ្យ​ និង​សំដែង​ការ​នឹករលឹក​ដឹងគុណ​ចំពោះ​ប្រជាពលរដ្ឋ​លោកយាយ លោកតា​ចាស់ៗ ដែល​តែង​បាន​គាំទ្រ​និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​របស់ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន​។

លោក សោម ចិន ក៏បាន​ថ្លែងការណ៍​គោរព​នឹករលឹក ​និង​អំណរ​ដឹងគុណ​កោតសរសើរ​ចំពោះ​ព្រះសង្ឃ លោកយាយ លោកតា​ប្រជាពលរដ្ឋ ដែល​តែងតែបាន​គាំទ្រ​ដល់​គោលនយោបាយ​រាជរដ្ឋា​ភិបាល​ ដែលមាន​ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​តាំងពីដើម​ជា​រៀង​រហូត​មក​ក្នុង​កិច្ច​ខិតខំ​ពន្លឿន​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​លូតលាស់​ និង​ប្រកបដោយ​សុខ​សន្តិភាព​ពេញ​បរិបូណ៌​ដូច​សព្វថ្ងៃនេះ​។ ក្នុងឱកាស​នោះ លោក សោម ចិន ក៏បាន​រៀបចំ​បច្ច័យ​ប្រគេន​ព្រះ​សង្ឃក​ចំនួន​៤​វត្ត​ក្នុង​មួយ​វត្ត​១​លាន​រៀល​និង​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់ មាន​ក្រណាត់ស សារុង ភួយ និង​ថវិកា​ ព្រមទាំង​អាហារ​ជូន​ដល់​ប្រជាពលរដ្ឋ​លោកយាយ​លោកតា​ចាស់ៗ ដែល​កម្មវិធី​នេះ​បាន​ត្រូវ​ចំណាយ​អស់​ថវិកា​សរុប​ប្រមាណ​ចំនួន​១៥​លាន​៣៥​ម៉ឺន​រៀល​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114