ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​សេអ៊ូល​បញ្ជាក់​ថា សាស្ត្រាចារ្យ​ដ៏​ចម្រូងចម្រាស​ម្នាក់​ ជា​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន កាលពី​ថ្ងៃ​ចន្ទ​បានបញ្ជាក់​ពី​ការតែងតាំង​សាស្ត្រាចារ្យ​ម្នាក់​ជា​អ្នកដឹកនាំ​ថ្មី​របស់លោក​សម្រាប់​ទីក្រុង​ព្យុងយ៉ាង​ថ្វីបើ​មាន​ភាព​ចម្រូងចម្រាស​លើ​ការនិយាយ​ឥត​សំចៃមាត់​របស់គាត់​ដើម្បី​គាំទ្រ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។​

ការបញ្ជាក់​លើ​លោក Kim Yeon-chul ជា​រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​ថ្មី​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​ពេល​លោក មូ​ន ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​ជំនួប​កំពូល​មួយ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ខណៈដែល​លោក​ព្យាយាម​រៀបចំ​ការសន្ទនា​គ្នា​ជាថ្មី​រវាង​អាមេរិក​និង​កូរ៉េខាងជើង​បន្ទាប់ពី​ជំនួប​កំពូល​មួយ​ដែល​បរាជ័យ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ធ្វើជា​អ្នកសម្របសម្រួល​ដំណើរការ​ចរចារ​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ដែល​ឈានទៅដល់​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​។​

ប៉ុន្តែ​នៅពេលដែល​សម្ព័ន្ធមិត្ត​សន្តិសុខ​គឺ​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​ហាក់ដូចជា​ខ្វែងគំនិត​គ្នា​លើ​វិធីសាស្ត្រ​របស់​ពួកគេ​ចំពោះ​ទីក្រុង​ព្យុង​យ៉ាងនោះ លោក​មូ​ន​បាន​ជំរុញ​ជាប្រចាំ​ឲ្យ​មាន​គម្រោង​កិច្ចសហប្រតិបត្តិការ​អន្តរ​កូរ៉េ​។​

លោក​មូ​ន​បាន​ប្រឈម​នឹង​ប្រតិកម្ម​ខ្លាំងក្លា​កាលពី​ខែ​មុន​បន្ទាប់ពី​តែងតាំង​លោក Kim Yeon-chul ដែលជា​នាយក​វិទ្យាស្ថាន​បង្រួបបង្រួម​ជាតិ​កូរ៉េ​ឲ្យ​ដឹកនាំ​ក្រសួង​បង្រួបបង្រួម​ដែល​ដោះស្រាយ​កិច្ចការ​អន្តរ​កូរ៉េ​។​

លោក​គីម​ក៏​ជា​អ្នកគាំទ្រ​នៃ​ការពិភាក្សា​ជាមួយ​ក្រុង​ព្យុងយ៉ាង​និង​ការជឿទុកចិត្ត​យូរអង្វែង​របស់លោក​មូ​ន្នី​មាន​កំណត់ត្រា​នៃ​ការប្រឈមមុខ​ជាទូទៅ​ក្នុង​ការទទួលយក​ទស្សនៈ​ស្តីពី​បញ្ហា​រំភើប​ដែល​ទាក់ទង​នឹង​កូរ៉េខាងជើង​។​

ក្នុងការ​ចុះផ្សាយ​កាសែត​មួយ​កាលពី​ឆ្នាំ​២០១០ លោក Kim បានសរសេរថា ការបាញ់សម្លាប់​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ដោយ​ឆ្មាំ​កូរ៉េខាងជើង​នៅ​រមណីយដ្ឋាន​ភ្នំ Kumgang របស់​កូរ៉េខាងជើង​គឺជា​ពិធី​មួយ​ដែល​ក្រុង​សេ​អ៊ូ​ល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​។​

លោក Kim ក៏​ជា​អ្នក​រិះគន់​លើ​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114