ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ផ្សារហ៊ុនថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ ដោយសារវិបត្តិទំនុកចិត្ត
សន្ទស្សន៍ផ្សារភាគហ៊ុនថៃ (SET) បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ ជិត ១ ២៧០ ពិន្ទូ នៅចុងខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយសារតែបញ្ហាផ្សេងៗដែលបង្កជា «វិបត្តិទំនុកចិត្ត» សម្រាប់វិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃចន្ទនេះ (២៩ ធ្នូ)។

មែនទែនទៅ វិបត្តិទំនុកចិត្តបណ្តាលមកពីរឿងអាស្រូវក្លែងបន្លំសាជីវកម្ម លំហូរចេញមូលធនបរទេសជាបន្តបន្ទាប់ និងសម្ពាធសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកកាន់តែអាក្រក់ទៅៗ។
ភាពផ្ទុយគ្នាយ៉ាងខ្លាំងជាមួយទីផ្សារសកល បានបន្ថែមភាពមិនស្រួលដល់វិនិយោគិន។ ខណៈទីផ្សារភាគហ៊ុនអាមេរិកកើនឡើងដល់កម្រិតខ្ពស់បំផុតដោយសារតែការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) ស្ថានភាពនៅប្រទេសមានទីផ្សារកំពុងរីកចម្រើន ត្រូវប្រឈមនឹងបញ្ហាដោយសារតែភាពតានតឹងពាណិជ្ជកម្មក្រោមគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។ ក្នុងនោះ ថៃ រងផលប៉ះពាល់ខ្លាំងដោយសារតែពន្ធបដិការ ១៩% របស់រដ្ឋបាល ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ថៃ។
ទំនុកចិត្តសម្រាប់ទីផ្សារភាគហ៊ុន ត្រូវបានរង្គោះរង្គើបន្ថែមទៀតដោយរឿងអាស្រូវសាជីវកម្មល្បីៗជាបន្តបន្ទាប់។ ក្រុមហ៊ុន JKN Global Group ត្រូវបានដកចេញពីបញ្ជីផ្សារភាគហ៊ុន បន្ទាប់ពីស្ថាបនិករបស់ក្រុមហ៊៊ុន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទក្លែងបន្លំ ដែលធ្វើឱ្យម្ចាស់មូលបត្របំណុលខាតបង់រាប់ប៊ីលានបាត។ វិស័យសុខាភិបាលវិញ ត្រូវបានរង្គោះរង្គើដោយការចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកក្រុមហ៊ុន Thonburi Healthcare Group លោក Boon Vanasin ដែលគេចោទប្រកាន់ពីបទដំណើរការគម្រោងវិនិយោគក្លែងក្លាយ ក្នុងតម្លៃជាង ៧,៦ ប៊ីលានបាត។ ទន្ទឹមនឹងនេះ ផលវិបាកពីការក្លែងបន្លំគណនេយ្យដ៏ធំរបស់ក្រុមហ៊ុន Stark Corporation បានបន្តលងបន្លាចទីផ្សារ ដែលធ្វើឱ្យមានក្ដីបារម្ភកាន់តែខ្លាំងលើកម្សោយអភិបាលកិច្ចសាជីវកម្ម។
ក្រៅពីរឿងអាស្រូវសាជីវកម្ម ថៃបានប្រឈមមុខនឹងឧបសគ្គសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។ ការនាំចេញហាក់ដូចជារឹងមាំជាក់ស្ដែង ប៉ុន្តែអ្នកវិភាគបានព្រមានថា កំណើនការនាំចេញភាគច្រើនគឺបណ្តោះអាសន្ន ឬភ្ជាប់ទៅនឹងការដឹកជញ្ជូនទំនិញឆ្លងកាត់ ជាជាងផលិតកម្មក្នុងស្រុកថៃផ្ទាល់។
លើសពីនេះ បំណុលគ្រួសារនៅតែខ្ពស់ជិត ៨៧% ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) ដែលធ្វើឱ្យតម្រូវការក្នុងស្រុកខ្សោយ ខណៈកំណើនឥណទាននៅតែខ្សោយ ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលថៃក៏ដោយ។

ក្រៅពីនោះ ភាពមិនប្រាកដប្រជាខាងនយោបាយ រួមទាំងអស្ថិរភាពនៅក្នុងរដ្ឋាភិបាលចម្រុះ បានពន្យារពេលថវិកាបន្ថែមទៀត និងធ្វើឱ្យការវិនិយោគធ្លាក់ចុះ។
ឆ្លើយតបនឹងវិបត្តិទំនុកចិត្ត វិនិយោគិនបរទេសបានដកប្រាក់ចេញទៅក្រៅប្រទេស។ ការលក់ភាគហ៊ុនចេញសុទ្ធរបស់បរទេស បានឈានដល់ ១០៨ ប៊ីលានបាត ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ ខណៈតម្លៃជួញដូរបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ ហើយសន្ទស្សន៍ SET50 បានធ្លាក់ចុះប្រហែល ២៣% សម្រាប់ឆ្នាំនេះ។
លើសពីនោះ កំណើនខ្លាំងក្លានៃតម្លៃប្រាក់បាត ក៏បានប៉ះពាល់ដល់ការប្រកួតប្រជែងសម្រាប់ការនាំចេញ និងទេសចរណ៍ថៃផងដែរ ខណៈចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរាប់លាននាក់នៅឆ្នាំ ២០២៥ នេះ។
សម្លឹងមើលទៅមុខ អ្នកវិភាគរំពឹងថា សន្ទស្សន៍ផ្សារភាគហ៊ុនថៃនឹងស្ទុះងើបឡើងវិញយឺតៗ និងងាយប្រឈមនឹងហានិភ័យ។ ការព្យាករភាគច្រើនដាក់សន្ទស្សន៍ SET ប្រហែល ១៤០០-១៤៣០ ពិន្ទុនៅចុងឆ្នាំ ២០២៦ ដោយកំណើន GDP ថៃ រំពឹងកើនឡើងត្រឹមចន្លោះ ១,៥-១,៨% ប៉ុណ្ណោះ។
និយតករបានស្នើកំណែទម្រង់ដើម្បីពង្រឹងការត្រួតពិនិត្យ ខណៈវិនិយោគិនត្រូវបានណែនាំឱ្យផ្តោតលើវិស័យការពារដូចជាសេវាប្រើប្រាស់ និងទូរគមនាគមន៍។ យ៉ាងណាមិញ ការបន្តនៃហានិភ័យពន្ធគយ នយោបាយ និងកម្សោយទំនុកចិត្តខ្សោយ ធ្វើឱ្យទីផ្សារមូលធនថៃប្រឈមមុខនឹងផ្លូវដ៏វែងឆ្ងាយមួយដើម្បីកសាងទំនុកចិត្តឡើងវិញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


