ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុ​ជា​មាន​សារមន្ទីរ ​សម្រាប់​ស្វែងយល់​ពី​ប្រវត្តិ​រូបិយវត្ថុ​ខ្មែរ​គ្រប់​ជំនាន់​ជា​លើកដំបូង

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន » នៅក្នុង​រាជធានី​ភ្នំពេញ​កាល​ព្រឹក​ថ្ងៃទី​៨ ខែមេសា នេះ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់ទុក​សារមន្ទីរ​នេះ​ថា នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការផ្តល់​ការស្វែងយល់​អំពី​សាវតា​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ “​ព្រះ​ស្រី​ឦសាន​វរ្ម័ន​” នឹង​រួមចំណែក​យ៉ាង​សំខាន់​ទៅដល់​ការស្វែងយល់​ពី​ប្រវត្តិ​រឿងរ៉ាវ​នៃ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ខ្មែរ​ដែល​មិនសូវ​មាន​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​លើក​យក​មក​បង្ហាញ​ឲ្យ​បាន​ក្បោះក្បាយ​ឡើយ។ បើតាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សារមន្ទីរ​នេះ​បង្ហាញ​យ៉ាង​លម្អិត​ពី​ការ​កសាង​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​និង​សមិទ្ធផល​សំខាន់ៗ​ក្នុង​រយៈពេល ៤​ទសវត្សរ៍​ចុងក្រោយ​នេះ​បន្ទាប់ពី​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា សារមន្ទីរ​ថ្មី​នេះ​នឹង​ចូលរួមចំណែក​កាន់តែ​សកម្ម​ក្នុង​បុព្វហេតុ​ពង្រឹង​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ប្រវត្តិ​រូបិយវត្ថុ​កម្ពុជា​នៅ​គ្រប់​សម័យកាល ជាពិសេស​ដើម្បី​លើកស្ទួយ​ប្រាក់រៀល​កម្ពុជា តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​សំដៅ​ពង្រឹង​អត្តសញ្ញាណ​ជាតិ​និង​អធិបតេយ្យ​ជាតិ​យើងទាំងអស់គ្នា​។ ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ចូលរួម​ថែរក្សា​កេរដំណែល​និង​ប្រមែប្រមូល​នូវ​រាល់​វត្ថុតាង​ពាក់ព័ន្ធ​នឹង​រូបិយវត្ថុ​នានា​សម្រាប់​ដាក់​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​នេះ​។ បន្ថែម​លើ​នេះ ក៏​ត្រូវ​បន្ត​អភិវឌ្ឍ​សារមន្ទីរ​ឲ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​តាម រយៈ​ការ​បង្ក​បរិយាកាស​ឱ្យ​យុវជន​កម្ពុជា​បានមក​ទស្សនា​ឱ្យបាន​ទូលំទូលាយ ដើម្បី​សិក្សា​ស្វែងយល់​ស្រាវជ្រាវ​អំពី​ប្រវត្តិ និង​តួនាទី​រូបិយវត្ថុ​របស់​កម្ពុជា។

សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» នេះ ត្រូវបាន​រចនា​ឡើង​ដោយយោង​ទៅតាម​រូបិយវត្ថុ​ដែល​បាន​បោះផ្សាយ​និង​ត្រូវបាន​ប្រើប្រាស់​នាពេល​កន្លងមក ។ សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» មាន​ពិព័រណ៍​ចំនួន ១២ ម៉ូ​ឌែ​ល ដែល​ពិពណ៌នា​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​រំលេច​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ក្នុងសម័យ​ហ្វូណន​រហូតដល់​បច្ចុប្បន្ន ។ ចំណែក​ផ្នែក​ខាងក្នុង​នៃ​សារមន្ទីរ​នេះ គឺមាន​ភាពទំនើប​និង​ត្រូវបាន​បំពាក់​ដោយ​ភាពយន្ត​ឯកសារ​ល្បែង​កម្សាន្ត និង​ផ្ទាំង​ប៉ះ (Touch Screens) ដែល​ផ្តល់នូវ​ភាព​រីករាយ និង​ចំណេះដឹង​ដល់​សាធារណជន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការរក្សាបាន​នូវ​តួនាទី​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច​ជាពិសេស​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ តម្រូវការ​ប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំង​ប្រាក់រៀល​ក្នុង​ចរាចរ​ណ៍​និង​ការ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ​នេះ គឺជា​ការបង្ហាញ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មកលើ​ប្រាក់​រៀល៕