ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការ​មើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ នឹង​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​ជាតិ

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា ប្រាក់​រៀល​កម្ពុជា​នៅតែ​មាន​អត្ថន័យ​និង​សារៈសំខាន់​សម្រាប់​កម្ពុជា​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​រយៈពេល​៣៩​ឆ្នាំ​កន្លង​មក​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ចាត់ទុក​ការ​មើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ នឹងធ្វើ​ឲ្យ​បាត់បង់​ភាពម្ចាស់ការ​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច អធិបតេយ្យ​ជាតិ ហើយ​ប្រទេសជាតិ​នឹងមាន​ភាពទន់ខ្សោយ​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​«​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»​ដែលជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូណន​នា​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩​នេះ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា​កត្តា​ទាំងអស់នេះ​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​មួយចំនួន​ព្យាយាម​កសាង​អធិបតេយ្យ​ជាតិ​ដោយបាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​ដោយ​ខ្លួនឯង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ការមើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ​ធ្វើ​ឲ្យ​បាត់បង់​ភាពម្ចាស់ការ​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច អធិបតេយ្យ​ជាតិ ហើយ​ប្រទេសជាតិ​នឹងមាន​ភាពទន់ខ្សោយ​លើ​គ្រប់​វិស័យ​ដែល​កត្តា​ទាំងអស់​នេះ​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​មួយចំនួន​ព្យាយាម​កសាង​អធិបតេយ្យ​ជាតិ ដោយបាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​ដោយ​ខ្លួនឯង​»​។

​សម្ដេច​បាន​គូស​បញ្ជាក់​ថា កម្ពុជា​ធ្លាប់​បាន​ប្រើប្រាស់​រូបិយវត្ថុ​ដែលមាន​ប្រភព​ពី​តំបន់​ផ្សេងៗ​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​តាំងពី​សតវត្ស​ទី​១ នៅ​សម័យ​នគរ​ភ្នំ​រហូតមកដល់​សម័យ​អង្គរ ពេល​ដែល​កម្ពុជា​បាន​ក្លាយ​ជា​អាណាចក្រ​មានការ​រីកចម្រើន​ដល់​កំពូល​ប៉ុន្តែ​កម្ពុជា​ពុំបាន​បោះពុម្ព​រូបិយវត្ថុ​ជាតិ​នោះ​ទេ​តែ​បាន​ប្រើប្រាស់​ប្រាក់​សំប៉ែត​ដែល​នាំមក​ដោយ​ជនជាតិ​ចិន​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​រំលឹក​ថា​ នៅ​ដើម​សតវត្សរ៍​ទី​១៦ «​ព្រះ​ស្រី​ជេដ្ឋា​រាជ​វា​មា​នា​ធិបតី​»​ហៅ «​ស្តេច​កន​»​ព្រះមហាក្សត្រ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ គឺ​«​ប្រាក់​ស្លឹង​»​ដើម្បី​ពង្រឹង​អំណាច​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​អធិបតេយ្យ​ជាតិ តាមរយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​បរទេស​ដូចជា​ការដោះដូរ​ពាណិជ្ជ​កម្ម​ជាមួយ​អ្នកជំនួញ​ព័រ​ទុយ​ហ្គេ​និង​អេ​ស្ប៉ា​ញ តាមរយៈ «​ប្រាក់​ព្យ៉ា​ស់​»​និង​ការរៀបចំ​ប្រព័ន្ធ​ពន្ធដារ​ច្បាស់លាស់​ដោយ​ផ្អែកលើ​រូបិយវត្ថុ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​អំណាច​កងទ័ព​ផងដែរ​។ នៅ​សតវត្ស​ទី​១៩ ព្រះបាទ​អង្គឌួង​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ គឺ «​ប្រាក់​ប្រាសាទ​» ដើម្បី​ពង្រឹង​ភាពខ្លាំង​នៃ​សេដ្ឋកិច្ច​និង​អធិបតេយ្យ​ជាតិ និង​រំដោះ​ប្រទេសជាតិ​ចេញពី​ឥទ្ធិពល​នៃ​ប្រទេសជិតខាង​។ នៅ​សម័យ​ក្រោម​អាណាព្យាបាល​បារាំង​កម្ពុជា​មិនមាន​អធិបតេយ្យ​ផ្នែក​រូបិយវត្ថុ​ទេ ប៉ុន្តែ​កម្ពុជា​បាន​ប្រើប្រាស់​រូបិយវត្ថុ ក្រដាសប្រាក់​“​ព្យ៉ា​ស់​” ដែល​បោះផ្សាយ​ដោយ​ធនាគារ​ឥណ្ឌូចិន ដែល​ជា​ធនាគារពាណិជ្ជ​បារាំង សម្រាប់​ប្រទេស​នៅ​ឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និង​ឡាវ ដើម្បី​ជា​មធ្យោបាយ​ទូទាត់​សន្សំ​និង​ខ្នាត​កំណត់​តម្លៃ​ទំនិញ​និង​សេវា​រហូតដល់​ឆ្នាំ ១៩៤៨​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ជុំវិញ​វត្តមាន​ប្រាក់​ដុល្លារ​ច្រើន​បាន​ហូរ​ចូលមក​កាន់​ប្រទេស​កម្ពុជា​គឺ​នៅក្នុង​សម័យ​អ៊ុនតាក់​។ នា​ដើម​ទស្សវត្សរ៍​ឆ្នាំ​៩០​តាមរយៈ​ប្រតិបត្តិការ​របស់ អ៊ុនតាក់​នៅ​កម្ពុជា​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ពោល​នៅ​ពេល​នេះ​វត្តមាន​នៃ​ប្រាក់​ដុល្លារ​កើតមាន​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ពេល​ចូលមក​រក្សា​សន្តិភាព​នៅ​កម្ពុជា​អ៊ុនតាក់​បាន​ប្រើ​លុយ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​ដោយ​គ្មាន​ការប្តូរ​ជា​ប្រាក់​រៀល​នោះទេ ហេតុនេះ​ប្រតិបត្តិការ​របស់ អ៊ុនតាក់​នៅ​កម្ពុជា​បាន​បង្ក​ជា​បញ្ហា​សេដ្ឋកិច្ច​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថា «​បុគ្គលិក​អ៊ុនតាក់​មក​កម្ពុជា មាន​សិទ្ធិ​ទិញ​អីវ៉ាន់​ដោយ​មិនចាំបាច់​បង់ពន្ធ​ដោយ អ៊ុនតាក់​ជា​អ្នក​នាំចូល​ហើយ​គេ​បាន​ទិញ​ហើយ គេ​មិន​យក​ទៅ​ស៊ី​ខ្លួនឯង គេ​ទៅយក​លក់​នៅ​ផ្សារ​ថ្មី ផ្សារ​អូរឫស្សី ពេញ​ផ្សារ​ទាំងអស់​ចឹ​ង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​នៅក្នុង​កាលៈទេសៈ​នោះ​ជួប​ការលំបាក​»​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែមថា​ នៅ​លើ​ពិភពលោក​នេះ​គ្មាន​ប្រទេស​ណា​ដែល​ចាយលុយ​សេរី​ដូច​កម្ពុជា​នោះ​ទេ​ ពោល​សម្រាប់​ការបំពេញ​បេសកកម្ម​រក្សា​សន្ដិសុខ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​នានា​គេ​យក​ប្រាក់​ដុល្លារ​ទៅ​ដូរ​ជាមួយនឹង​ប្រា​ក់​នៅ​ប្រទេស​នោះ​ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​។​ បទពិសោធន៍​នេះហើយ​ត្រូវបាន​សម្ដេច​យកមកប្រើ​ប្រាស់​នៅពេលដែល​កងទ័ព​រប​ស់​កម្ពុជា​ទៅ​បំពេញបេសកកម្ម​ក្រៅប្រទេស​ព្រោះថា​ សម្ដេច​តែងតែ​ណែនាំ​ឲ្យ​ប្ដូរប្រាក់​ជាមុន មុននឹង​ចាកចេញ​ទៅ​ប្រទេស​ដទៃ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ចាយវាយ។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​ប្រទេស​ដទៃទៀត​កុំ​យក​គំរូ​តាម​កម្ពុជា​នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្ដិភាព​តាម​ប្រទេស​នីមួយៗ​ដែល​នាំទៅដល់​ស្ថានភាព​រ៉ាំរ៉ៃ​ដូចជា​នៅ​កម្ពុជា​ជាដើម​។

​ដោយ​ចង់​ដឹង​ថា ​តើ​មាន​ប្រទេស​ណាខ្លះ​ជួប​បញ្ហា​ដូច​កម្ពុជា​នោះ សម្តេច​បាន​ឲ្យ​ស្រាវជ្រាវ​អំពី​ប្រទេស​ដែល​កងទ័ព​កម្ពុជា​កំពុង​ប្រតិបត្តិការ​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ តើ​ប្រទេស​នោះ​មាន​ស្ថានភាព​យ៉ាង​ដូចម្តេច​។ សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​ទើប​ត្រឡប់​មកពី​ទីក្រុង​ញូយ៉ក ដើម្បី​ចូលរួម​ប្រជុំ​នូវ​បណ្តា​ប្រទេស​ដែល​បរិច្ចាគ​កម្លាំង​ទៅ​ប្រតិបត្តិការ​នៃ​ក្រៅប្រទេស​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​ធ្វើការ​ស្រាវជ្រាវ​បញ្ហា​នេះ ដូចជា​មាននៅ​ប្រទេស​ម៉ាលី ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ តើ​ប្រាក់​រូបិយប័ណ្ណ​បរទេស​ដែល​អង្គការសហប្រជាជាតិ​បើក​ឲ្យ​កងទ័ព​កម្ពុជា​បាន​ប្រើ​ជំនួស​ទៅដោយ​រូប​បិ​យ​ប័ណ្ណ​នៃ​ប្រទេស​នោះទេ?

សម្តេច​តេ​ជោ​បន្តថា ក្នុង​រយៈកាល​ក្រោយមក​ចាប់ពី​ឆ្នាំ​១៩៩២-៩៣ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជាង​២០​ឆ្នាំ​រួច​មក​ហើយ​ក៏ប៉ុន្តែ​ប្រាក់​ដុល្លារ​នៅតែ​បន្ត​ប្រើប្រាស់​នៅលើ​ក​ទឹកដី​កម្ពុជា​របស់​យើង​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ថា ការប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា​ក៏​ជា​កត្តា​សត្យានុម័ត​មួយ​ក្នុង​ការ​កាត់សេចក្តី​សម្រាប់​កម្ពុជា​ផងដែរ​។ សម្តេច​ក៏បាន​រំលឹក​ពី​កាលដើមឡើយ គឺ​នៅពេល​ពួក​ប៉ុលពត​បាន​បំផ្លាញ​ចោល​នូវ​រូបិយវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​យើង ។ តើ​យើង​ត្រូវធ្វើ​របៀប​ណា​ក្រោយពី​រំដោះ​ពី​របប​ប៉ុលពត​និង​ចុង​សតវត្ស​ទី​២០ និង​ដើម​សតវត្ស​ទី​២១ ពិសេស​នៅក្នុង​ចុង​សតវត្ស​ទី​២០ មិនមែន​ប្រទេស​ណាមួយ​ដូច​ប្រទេស​កម្ពុជា​ដែល​បាន​បោះបង់ចោល​រូបិយវត្ថុ​ទាំងស្រុង​នោះទេ​។ នៅ​ប្រទេស​មួយចំនួន​របប​ថ្មី​បាន​ជំនួស​ដោយ​របប​ចាស់​ប៉ុន្តែ​គេ​មិនបាន​បំបាត់ចោល​នូវ​រូបិយវត្ថុ ឬ​ទីផ្សារ​នោះទេ មានតែ​កម្ពុជា​តែមួយគត់​បានធ្វើ​ការងា​រ​ដោយ​ប៉ុលពត​។

ដើម្បី​លើកកម្ពស់​ប្រាក់រៀល​កម្ពុជា​ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​រយៈពេល​៣៩​ឆ្នាំ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ណែនាំ​ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការបង្កើត​ធនាគារជាតិ នៃ​កម្ពុជា​ឡើងវិញ នៅក្នុង​ឆ្នាំនេះ៕