ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ក្រុង​ដូន​កែវ​លើក​ឡើង​ថា ហេតុអ្វី​មន្ទីរ​សាធារណការ​ខេត្ត​ និង​រដ្ឋបាល​សាលាខេត្ត​ ចាយ​លុយ​ជាតិ​មិន​ចំ​សេចក្តីត្រូវការ​ជាក់ស្ដែង​

​តាកែវ ៖ ស្រប​ពេលដែល​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​តាកែវ ដោយមាន ​លោក អ៊ូច ភា អភិបាល​ នៃ​គណៈ​អភិបាល​ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​​ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឲ្យ​មាន​ភាព​ធំ​ទូលាយ​ផង​នោះ ក៏​នៅ​មានមតិ​ពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ​មួយចំនួន លើកឡើងថា ហេតុអ្វី​លោក​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត ពិសេស​លើក​ចំៗ​លោក​អភិបាលខេត្ត ធ្វើការ​អភិវឌ្ឍន៍​ផ្លូវថ្នល់​មិន​ចំ​តម្រូវការ​ និង​ភាព​ចំ​បាច់​ជាក់ស្ដែង​ពលរដ្ឋ​ទៅវិញ​។

ការលើកឡើង​បែបនេះ ស្រប​ពេលដែល​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នៅមុខ​ផ្ទះ​លោក​អភិបាលខេត្ត​ឆ្ពោះ​ទៅ​សួនច្បារ​មាត់ទន្លេ ​នៃ​ក្រុង​ដូន​កែវ​(​ផ្លូវ​ខេត្ត​លេខ​០៣) កំពុង​តែ​ធ្វើការ​ស្ថាបនា​ពង្រីក​បន្ថែម ដោយ​ត្រូវ​គាស់​កាយ​សំណង់​ចាស់ៗ​ជា​របស់​រដ្ឋ​ចោល​អស់​មួយចំនួនធំ បើ​គិត​ជា​ទឹកប្រាក់​ត្រូវ​ខាតបង់​ គឺ​មិន​តិច​នោះទេ ដែល​ហេតុផល​នេះហើយ​បានជា​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​ក្នុង​ក្រុង​ដូន​កែវ លើកឡើងថា ជា​សកម្មភាព​ចាយ​លុយ​ជាតិ​ខ្ជះខ្ជាយ​មិន​ចំ​សេចក្តី​ត្រូវការ​ និង​ភាព​ចាំបាច់​របស់​ពលរដ្ឋ​។

ក្រុម​ប្រជាពលរដ្ឋ​បន្ថែមថា ផ្លូវ​លិច​ទឹក ផ្លូវ​ខូច​ខាត និង​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ក្នុង​ទី​រួម​ខេត្ត​តាកែវ​មិន​តិច​ខ្សែ​នោះ​ទេ ដែល​ជា​តម្រូវ​ការចាំបាច់​ក្នុង​ការ​ធ្វើដំណើរ ហេតុអ្វី​មិន​ស្ថាបនា ​និង​ជួសជុល បែរជា​លើក​គម្រោង​យក​ថវិកាជាតិ​ពង្រីក​ផ្លូវ​កៅស៊ូ​ដែល​ល្អ​ស្រាប់ ថែមទាំង​មិន​ជា​ការចាំបាច់​ទៅវិញ​។ ហើយ​អ្វី​ដែលជា​ចម្ងល់​ផង​នោះ​គឺថា ការពង្រីក​ផ្លូវ​នេះ មិនមែន​ចាក់​កៅស៊ូ​ឲ្យ​ស៊ីគ្នា​ និង​ផ្លូវ​កៅស៊ូ​ចាស់​នោះ​ទេ គឺ​ពង្រីក​ដោយ​ការចាក់​បេតុង​ទៅវិញ​។

ជាការ​សំណូមពរ​ពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ សូម​ឲ្យ​ លោក អ៊ូច ភា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ ដែល​ឡើង​កាន់តំណែង​បាន​ជាង​មួយឆ្នាំ​មកនេះ មេត្តា​ពិនិត្យ​ និង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ផង​មុននឹង​អនុញ្ញាត​ទៅ​មន្ទីរ​ជំនាញ​លើក​គម្រោង​ជួសជុល​ ឬ​សាងសង់​សម្បត្តិ​សាធារណៈ​ក្នុង​មូល​ដ្ឋាន​ខ្លួន​ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ចំ​តម្រូវការ​និង​ភាព​ចាំបាច់​ជាក់ស្ដែង​របស់​ពលរដ្ឋ មិនមែន​លើក​គម្រោង​ដើម្បី​បាន​ថវិកាជាតិ​ចាយវាយ​កេង​ចំណេញ​សម្រាប់​ក្រុម​ខ្លួន​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ទំនុក​ចិត្ត​៕