ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ក្រីក្រ​នៅ​មណ្ឌល​តា​សៅ​ថ្មដា បាន​ទទួល​អំណោយ​ពី​សប្បុរសជន​សហគមន៍​ ជីន ប៉ី​

ព្រះសីហនុ ​៖ ​ដោយ​មើលឃើញ​ពី​ការលំបាក​ខ្វះខាត ជាច្រើន​របស់​ក្មេង​ក្រីក្រ​សម្រាប់​រៀនសូត្រ​នៅក្នុង សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទើប​សហគមន៍ ជីន ប៉ី បាន​ឧបត្ថម្ភ​ទ្វារ តូច ទ្វារធំ ដំបូល បង្អួច ពិតាន​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​ជាង​៦០០០​ដុល្លារ​អាមេរិក នឹង​គ្រោង​ផ្តល់​អាគារ​២​ជាន់​មាន​២០​បន្ទប់​ផងដែរ។

ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌​ដល់​ក្មេង​ក្រីក្រ​មណ្ឌល​តា​សៅ​ថ្មដា បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៧​ ខែមេសា ​ឆ្នាំ​២០១៩​ ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ លោក ANSON CHAN ប្រធាន​សហគមន៍ ជីន ប៉ី រួម​ទាំង​សហការី​មួយ​ចំនួន​ផងដែរ។

លោក ថន ថា​រិ​ទ្ធ​ប្រធាន​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ (​ត្រកូល​សៅ​)​និង​ជា​ដំណក់​ឈាម​តែមួយគត់​របស់ អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ លោក ជា​យុទ្ធ ថន ​និង​អ្នកនាង​សោម សុវណ្ណ​សូ​ដា​នី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​សមាគម​អប់រំ​និង​ជួយ​ក្មេង​ក្រីក្រ​(​ហៅថា​មណ្ឌល​តា​សៅ​ថ្មដា​)​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក​បន្ត​ឲ្យ​ដឹងថា ​”​បច្ចុប្បន្ននេះ​មណ្ឌល​បាន​សាងសង់​រួច​៣០%​ហើយ​ក្នុងនោះ​មាន​កន្លែង​ស្នាក់នៅ​សម្រាប់​ក្មេង កសាង​កន្លែង​បាល់ទាត់ បណ្ណាល័យ សាលារៀន​ភាសា​អង់គ្លេស ចិន កុំព្យូទ័រ គណិតវិទ្យា រូបវិទ្យា​និង​អក្សរសាស្ត្រ​។​ប៉ុន្តែ​ដោយមាន​ការខ្វះខាត​ច្រើន​ទើប​ខ្ញុំ​សុំ​សំណូម​ឲ្យ​សប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់​ផ្តល់​ក្តី​មេត្តាជួយ​បន្ថែម​ដើម្បី​ឲ្យ​មណ្ឌល​តា​សៅ​ថ្មដា​នេះ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ជា​ប្រយោជន៍​ឲ្យ​ក្មេង​ក្រីក្រ​បាន​ស្នាក់នៅ​និង​រៀនសូត្រ​ទៅ​ថ្ងៃ​អនាគត​”។ ជាក់ស្ដែង សហគមន៍ ជីន ប៉ី បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​សាមសិប​បាវ​និង​គ្រឿង​ឧបភោគ បរិភោគ​ជា​រៀងរាល់​ខែ និង​បាន​ឧបត្ថម្ភ ទ្វារ តូច ទ្វារធំ ដំបូល បង្អួច ពិតាន សរុប​ជា​ទឹកប្រាក់ ប្រមាណ​៦២៩៣.៣៥​ដុល្លារ​អាមេរិក​នឹង​គ្រោង​សាងសង់​អគារ​២​ជាន់​មាន​២០​បន្ទប់។ ក្នុងនោះដែរ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ក៏បាន​ជួយឧបត្ថម្ភ​ដល់​មណ្ឌល​តា​សៅ​ថ្មដា នូវ​ទឹកប្រាក់​ចំនួន​១០០០​ដុល្លារ​អាមេរិក​ផងដែរ៕