ព័ត៍មានទាន់​ហេតុការណ៏
Search

សាឡា​ត់ ស្រី​ឡាង បញ្ចេញ​ប្រតិកម្ម​ ក្រោយ​អាជ្ញាធរ​ចុះ​រុះរើ​សង្ក្រាន្ត​យុវជន​លើ​លូទឹកស្អុយ​បឹងត្របែក

​ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​រូប​ស្រស់​ដែល​ជាប់​ឈ្មោះ​អាស្រូវ​ រឿង​ដណ្តើម​ប្តី​គេ ​កញ្ញា សាឡា​ត់ ស្រី​ឡាង ថ្មីៗ​នេះ ​បាន​ផ្ទុះ​ប្រតិកម្ម​រិះគន់​លើ​អាជ្ញាធរ​បឹង​ត្របែក​ ក្រោយពី​ចុះទៅ​រុះ​រើ​សង្ក្រាន្ត​យុវជន​ដែល​បានធ្វើ​ឡើង​នៅ​ចំណុច​លើ​លូ​បឹងត្របែក​ដើម្បី​រាំ​លេង​កម្សាន្ត​សប្បាយ​អបអរ​ឱកាស​ឆ្នាំ​ថ្មី ​និង​ក៏​ជាការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ករណី​ចោល​សំរាម​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​។​

តារា​សម្តែង​ស្រី ​កញ្ញា សាឡា​ត់ ស្រី​ឡាង សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ដោយ​រិះគន់ថា ​ចុះ​ពេល​ទៅ​កាយ​សំរាម​ទាំង​មិនបាន​សុំច្បាប់​នោះ ​ម៉េច​ក៏​មិន​ទៅ​បញ្ឈប់​ផង​ពូ​ពូ​?​ អាសូរ​តែ​ទៅធ្វើ​រឿង​បំផ្លាញ​សង្គម​នៅ​កន្លែង​…..​។ ​មិន​ចេះដឹង​ គ្រាន់​ហួស​ចិត្ត ​គ្រប់គ្នា​ទៅ​កាយ​សំរាម​ផ្ដុំ​នឹង​ម្នាក់ៗ ​គ្មាន​បាន​ត្អូញ​ថា​ហត់​ផង​ ខំ​ធ្វើ​កម្មវិធី​ឲ្យ​សប្បាយ​ ហើយក៏​អាច​នឹង​ឆ្លៀតពេល​និយាយ​ពី​សំរាម​ផង​ ឥឡូវ​បញ្ឈប់​បាត់​?​។​

ជាមួយគ្នានេះដែរ​តារា​ស្រី​ជួប​រឿងអាស្រូវ​កញ្ញា សាឡា​ត់ ស្រឡាង​ក៏បាន​បញ្ជាក់ទៀតថា​ពេលមុន​ធ្វើ​ម៉េច​ក៏​មិន​បញ្ឈប់​ពេលធ្វើ​ហើយ​បានឲ្យ​រើចេញ កុំ​ប្រាប់ថា​អត់​បានដឹង​ពូ​ពូ ?​ តែបើ​អត់​បានដឹង​មុន​មែន​ សូម​សួរ​មួយ​សំនួរ តើ​ពេល​យុវជន​មួយក្រុម​ចុះ​កាយ​សំរាម​នៅ​ទីនោះ​ពូ​ពូ​ដឹង​អត់​?​។​

សូមជម្រាបថា​ ការបញ្ចេញ​ប្រតិកម្ម​របស់​តារា​ស្រី ​កញ្ញា សាឡា​ត់ ស្រឡាង ខាងលើនេះ​បានធ្វើ​ឡើង​ស្របពេល​ដែលមាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា ​អាជ្ញាធរ​បាន​ហាមឃាត់ ​និង​រុះរើ​ទីតាំង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី លើ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​ក្រោម​ហេតុផល​មិនបាន​សុំ​ការរៀបចំ​ពិធី​។​ តាមរយៈ​ដំណឹង​នេះ ​បានធ្វើ​ឲ្យ​មហាជន​ និង​តារា​ស្រី​ កញ្ញា សាឡា​ត់ ស្រី​ឡាង បង្ហាញ​ការ​មិន​ពេញចិត្ត​ និង​រិះគន់​លើ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខណ្ឌ​ចំការមន​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114