Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីចោទអ៊ុយក្រែនថាព្យាយាមវាយប្រហារ​ផ្ទះ​ពូទីន ខណៈក្តីសង្ឃឹមសន្តិភាពកំពុងរង្គោះរង្គើ

បានផុស

នៅ

ភាពតានតឹងរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានហក់ឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃចន្ទ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០២៥ បន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់អ៊ុយក្រែនថា បានបង្ហោះដ្រូនវាយប្រហារលើគេហដ្ឋានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅភាគខាងជើងប្រទេស ដែលទង្វើនេះត្រូវបានរុស្ស៊ីព្រមានថា​នឹងធ្វើឲ្យពួកគេ «ពិនិត្យឡើងវិញ» លើគោលជំហរក្នុងកិច្ចចរចាសន្តិភាព។

គេហដ្ឋាន​របស់​លោកពូទីន​នៅ Novgorod (រូបថត៖ Reuters & EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយចំនួន៩១​គ្រឿង ដើម្បីវាយប្រហារលើភូមិគ្រឹះ Valdai ក្នុងតំបន់ Novgorod ចន្លោះថ្ងៃទី​២៨ដល់​ថ្ងៃ​ទី​២៩​ខែធ្នូ។ លោក Lavrov បានហៅសកម្មភាពនេះថាជា «ភេរវកម្មរដ្ឋ» ទោះបីជាលោកមិនបានបង្ហាញភស្តុតាងជាក់ស្តែង ហើយអះអាងថាដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយជោគជ័យក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាវាជា «ការភូតភរ»។ លោកបានលើកឡើងថា រុស្ស៊ីកំពុងតែបង្កើតលេសដើម្បីវាយប្រហារលើអគាររដ្ឋាភិបាលក្នុងទីក្រុងកៀវ និងដើម្បីបង្អាក់វឌ្ឍនភាពនៃកិច្ចចរចាសន្តិភាព ដែលលោកទើបតែបានពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ។

លោកត្រាំ បានបញ្ជាក់ថា លោកបានជជែកតាមទូរសព្ទជាមួយលោកពូទីន នៅព្រឹកថ្ងៃចន្ទ ហើយលោកពូទីន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ទោះជាយ៉ាងណា លោកត្រាំ នៅតែមានជំនឿចិត្តថា កិច្ចព្រមព្រៀងសន្តិភាពអាចនឹងនៅជិតបង្កើយ។

បច្ចុប្បន្ន បញ្ហាដែនដីនៅតំបន់ Donbas និង Zaporizhzhia ក៏ដូចជាការធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន នៅតែជាចំណុចចម្រូងចម្រាសបំផុតដែលមិនទាន់អាចដោះស្រាយបានក្នុងសំណើសន្តិភាព២០ចំណុចរវាង​ទីក្រុង​មូស្គូ និង​ទីក្រុង​កៀវ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម