ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Dzarma Bata របស់​ក្រុម​ក្រសួងការពារជាតិ ឈរ​ក្នុង​បញ្ជី Top Scorers ប្រចាំ​សប្ដាហ៍​ទី​៣​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា

ឆ្លងកាត់​ប្រកួត​៣​សប្ដាហ៍​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ស្រវា​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន ខណៈ​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Dzarma Bata បាន​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ (Top Scorers) បណ្តោះអាសន្ន​ដែរ​។

គិត​ត្រឹម​ពេលនេះ​កីឡាករ​ចំនួន​៤៩​នាក់​បាន​រក​គ្រាប់​បាល់ទាត់​បញ្ជូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​៧៤​គ្រាប់​ក្នុង​ចំនួន​៣​សប្ដាហ៍​មកនេះ​។ ចំណែក​កីឡាករ Dzarma Bata វិញ​រកបាន​គ្រាប់​បាល់​ចំនួន​៦​គ្រាប់​ម្នាក់ឯង ហើយ​គ្រាប់​បាល់​ទាំង​នោះបាន​ទាត់​ប​ញ្ជូ​ល​ទី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើល ៣​គ្រាប់​និង​ក្រុម​ខេត្តកំពង់ចាម ៣​គ្រាប់​។

ចំណែក​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​តាម​ពីក្រោយ​មាន​ដូច​ជា Souleymane Coulibaly​របស់​គីរីវង់​សុខ​សែន​ជ័យ Yudai Ogawa របស់​អង្គ​រថា​យ​ហ្គឺ​រ Ugochukwu Obi របស់​ក្រសួងការពារជាតិ Eliel Cruz របស់​វិសាខា និង​រ៉ឹ​ម ប៊ុន​ហៀ​ង របស់​ក្រសួងការពារជាតិ រកបាន​គ្រាប់​បាល់​ម្នាក់​៣​គ្រាប់​។ ក្រៅពីនោះ​គឺ​រកបាន​គ្រាប់​បាល់​២​គ្រាប់​ចុះក្រោម​។

​សូម​បញ្ជាក់​ថា ​កីឡាករ Bata បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដំបូង​នៅ​ឆ្នាំ​២០១៤ ដោយ​ចុះកិច្ចសន្យា​១​រដូវ​កាល​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ឆ្នាំ​នោះ​បាន​រក​គ្រាប់​បាល់​ច្រើនជាងគេ​ហើយ​ឈ្នះ​ស្បែកជើង​មាស​ថែម​ទៀតផង​។ នៅ​ឆ្នាំ​២០១៥ គេ​បន្ត​លេង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ទៀត​ដោយ​រក​គ្រាប់​បាល់​បាន​២៤​គ្រាប់ ខណៈ​ឆ្នាំ​នោះ​ស្បែកជើង​មាស​បាន​ទៅ ចាន់ វឌ្ឍនាកា ដែល​រកបាន​៣៧​គ្រាប់​ម្នាក់ឯង​។​នៅ​ឆ្នាំ​២០១៦ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ពេញ​មួយ​រដូវ​កាល ដោយបាន​ជួយ​ក្រុម​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​, AFC Cup និង​ពានរង្វាន់ Toyota Mekong Club Championship ជាដើម​។ តែ​ដល់​ឆ្នាំ​២០១៧ រូបគេ​បាន​ផ្លាស់​ទៅលេង​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​ជើង​ទី​១ មុន​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (​អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) ក្នុង​ជើង​ទី​២​។ ចូលឆ្នាំ​២០១៧ រូបគេ​ចូលរួម​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​ម្តង​។​

ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៩ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិកា​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា George Bisan អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើ​ល បច្ចុប្បន្ន​ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់​២០១៨ កន្លងទៅ​៕