ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ឺន សុភា ជួប ផុង សិរិ ឯ ឡៅ ចិ​ត្រា ជួប រិ​ទ្ធ អៃរ៉ា នៅ​សង្វៀន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​កម្ពុជា គឺ​ម៉ឺន សុភា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផុង សិរិ ប៉​.​ស៊ិ​រិ​ថុង (Phongsiri Por.Sirakphong) ហើយ​ឡៅ ចិ​ត្រា អ្នក​ប្រដាល់​វ័យក្មេង​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ជួប​ជាមួយ​រិ​ទ្ធ អៃរ៉ា លុក​មឿង​ផេ​ត (Rithiara Lukmuengpetch)​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៩ នេះ​។

ម៉ឺន​សុភា និង ផុង​សិរិ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។​នេះ​ជា​លើក​ទី​២ របស់​ម៉ឺន សុភា ដែល​បាន​បង្ហាញមុខ​លើស​ង្វៀន​បន្ទាប់ពី​បាន​បាត់​មុខ​ពីស​ង្វៀន​ប្រមាណ​៤​ខែ​នោះ ។ ការបង្ហាញ​មុខ​លើក​ទី​១ គេ​បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​កាំ​ឡៃ​ផេ​ត ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២២​ខែ​មីនា ឆ្នាំ​២០១៩​កន្លងមក​នោះ ។​

ផុង សិរិ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​ហើយ ដែល​គេ​ចាំ​ជាងគេ​គឺ​ធ្លាប់​ជួប​បឺត ខាំ ហើយ​ត្រូវ​បឺត ខាំ វាយ​ឲ្យ​ចេញ​បាយ​ក្នុង​ទឹក​ទី​៤ កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅលើ​សង្វៀន​SEATV ។ នៅពេល​ថ្មីៗ​កន្លងទៅនេះ​(២៣​មីនា​២០១៩) ផុង សា​រិ បាន​មកជួប​ប្រកួត​ជាមួយ​នី សុ​ភី
អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ហើយ​ដែល​នី សុ​ភី វាយ​បា ន​ត្រឹម​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ។​

អ្នក​ប្រដាល់​ថៃ​ផុង សិរិ នេះ ជា​ម្ចាស់​ខ្សែក្រវាត់​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៧​ថៃ និង​វាយ​ខ្លាំង ។ ផុង សិរិ នេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ១៣៧ លើក ក្នុងនោះ​វាយ​ឈ្នះ ១១០លើក ចាញ់២១លើក និង ស្មើ០៦លើក។

ម៉ឺន សុភា បើ​ប្រៀប​ជាមួយ​ផុង សិរិ ពិបាក​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​ណាស់ ព្រោះថា​ពួកគេ​ទាំងពីរ​មើលទៅ​ខ្លាំង​ដូចគ្នា​។ បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​ម៉ឺន សុភា តិចជាង​ផុង សិរិ ជាង​៥០​លើក​ឯណោះ ដោយ​សុភា​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​តែ​៨៨​លើក ក្នុងនោះ​ឈ្នះ​៧០​លើក ចាញ់​១៤​លើក និង​ស្មើ​០៤​លើក​នោះ។​

ដូច្នេះ​ម៉ឺន សុភា មិនអាច​ធ្វេសប្រហែស​ ឬ​មើលងាយ​ផុង សិរិ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើនរូប​ដែរ ដោយ​ចាញ់​តែ​បឺត ខាំ មួយ​ប៉ុណ្ណោះ។

សុភា ខ្លាំង​កណ្តាប់ដៃ ពិសេស​កណ្តាប់ដៃ​ឆ្វេង។ តែ​ទោះជា​យ៉ាងណា សុភា ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ម៉ឺន សុភា​និង ផុង សិរិ​នេះ? ។​

ចំពោះ អ្នក​ប្រដាល់​វ័យក្មេង​អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រិ​ទ្ធ អៃរ៉ា លុក​មឿង​ផេ​ត (Rithiara Lukmuengpetch) (Yokpetch Petchkarsam)។​

​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិ​ត្រា ដែលជា​ប្អូន​របស់​ឡៅ ចន្ទ្រា និង រិ​ទ្ធ អៃរ៉ា​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦១​គីឡូក្រាម។

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យក្មេង ​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​ចិ​ត្រា​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ ចិ​ត្រា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

និយាយ​ជា រួម ចិ​ត្រា​ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រិ​ទ្ធ អៃរ៉ា បាន​មិន​ខាន។

អ្នក​ប្រដាល់​ថៃ រិ​ទ្ធ អៃរ៉ា នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១៦​លើក ឈ្នះ​៨៩​លើក និង ចាញ់​២៣​លើក មិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​២-៣​ដង​ហើយ ក្នុង​នោះគេ​ធ្លាប់​ប៉ះ​ជាមួយ​ឃុន ឌី​ម៉ា​ពីរដង ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ម្តង និង​ចាញ់​ឌី​ម៉ា ក្នុង​ទឹក​ទី​២​ម្តង ។

បើ​ធៀប​ជាមួយ​ឡៅ ចិ​ត្រា វិញ គឺ​លើស​ចិ​ត្រា​ប្រមាណ​៣០​លើក ដោយ​ ចិ​ត្រា​ គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨២​លើក ក្នុងនោះ​ឈ្នះ​៧៤​លើក ចាញ់​០៥​លើក និង ស្មើ​០២​លើក។

ទោះជា​យ៉ាងនេះ​ក្តី បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា ឡៅ ចិ​ត្រា ចាញ់ រិ​ទ្ធ អៃរ៉ា​នោះទេ ដោយសារ ​ចិ​ត្រា គេ​មាន​ផ្លែ​ល្អ​ជាង។

យ៉ាងណា ឡៅ ចិ​ត្រា មិនអាច​មើលស្រាល​រិ​ទ្ធ អៃរ៉ា នោះដែរ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មក​ប្រកួត​លើកចុងក្រោយ​(៣១​មីនា​២០១៩)​បាន​វាយ​ឈ្នះ​រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ ។ ចាំមើល ឡៅ ចិ​ត្រា គេ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ជើងចាស់​រិ​ទ្ធ អៃរ៉ា បាន​ឬ​អត់​នោះ​? ។​
​ ​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ ពោធិ​សែន​ជ័យ នឹង​ជួប​សងសឹក​ជាមួយ​ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

កាលពី​ជួបគ្នា​លើក​មុន ឡូញ វ៉ាន់ឌី ត្រូវ​ជ័រ ពៅ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ ចាំមើល ឡូញ វ៉ាន់ឌី អាច​សងសឹក​ជ័រ ពៅ បានសម្រេច​ឬ​អត់?៕