ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​ប្រដាល់​ តែងតាំង​ព្រឹទ្ធាចារ្យ​២០​រូប ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​កីឡាប្រដាល់​គុន​ខ្មែរ​

លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានតែងតាំង​ព្រឹទ្ធាចារ្យ​កីឡាប្រដាល់​ចំនួន​២០​រូប ដើម្បី​ជួយផ្តល់​យោបល់​អប់រំ ពង្រឹងសមត្ថភាព​កីឡាប្រដាល់​គុន​ខ្មែរ។

ពិធី​ប្រកាស​តែងតាំង​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​ជួបជុំ​បាយ​សាមគ្គី​ក្នុង​គ្រួសារ​កីឡាប្រដាល់ ដែល​មាន​ថ្នាក់ដឹកនាំ សមាជិក​ប្រតិបត្តិ ទីប្រឹក្សា មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ក្នុង​សហព័ន្ធ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំកុរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ ទី​១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​ភោជនីយដ្ឋាន​កាដូ កាលពី​រាត្រី​ថ្ងៃទី​០៨ ខែ​​មេសា​ ឆ្នាំ​២០១៩។​

​ ​
ព្រឹទ្ធាចារ្យ​ទាំង​២០​រូបនោះ រួមមាន​ ១-​លោក ខុង គឹម​ស៊ិន ២-​លោក គង់ ឌៀប ៣-​លោក​ប៊ូ វិ​ឡុង ៤-​លោក​ឈិ​ត សារឹម ៥-​លោក​ខាត់ ភិន ៦-​លោក​ឆោម ឆា​រី ៧-​លោក​ញ៉ូ​វ ម៉ាក់ ៨-​លោក​សៅ ធិ​ន ៩-​លោក​ហង្ស ស៊ឺន ១០-​លោក​អ៊ូ សាត ១១-​សេក គឹម​សន ១២-​លោក​ហួត ហុក ១៣-​លោក​ផង់ ចិន្តា ១៤-​សឿ​ម សឿ​ប ១៥-​លោក​ចាន់ ប៊ុនធឿន ១៦-​លោក​ឈួន ណា​រិ​ទ្ធ ១៧-​លោក​ម៉ែន យូ​ហាក់ ១៨-​លោក​សុខ វិជ័យ ១៩-​លោក​តេង សុខ និង​២០-​លោក​ផុន ដាំ​ផា ។​

​ព្រឹទ្ធាចារ្យ​ទាំង​២០​រូប​ខាងលើនេះ ម្នាក់ៗ​សុទ្ធតែ​ឆ្លងកាត់​និង​ប្រឡូក​ជាមួយ​កីឡាប្រដាល់​សឹងតែ​មួយ​ជីវិត​របស់​ពួកគាត់ ដែល​បច្ចុប្បន្ន​មាន​អាយុ​ចាប់ពី​ក្រោម៧០​ឆ្នាំ ដល់ ជិត​៨០​ឆ្នាំ​ហើយ​នោះ​។​

​លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍ថា ក្រុម​ព្រឹទ្ធាចារ្យ​ទាំងនេះ បង្កើតឡើង​ដើម្បី​ជួយផ្តល់​យោបល់​អប់រំ ពង្រឹង​សមត្ថភាព​កីឡាប្រដាល់​គុន​ខ្មែរ ពោល​គឺមាន​សិទ្ធិ​ផ្តល់យោបល់ និង បទពិសោធន៍​ល្អៗ បានជា​មូលដ្ឋាន​ដល់​គ្រូបង្វឹក កីឡាករ កីឡាការិនី គ្រប់​បណ្ដា​សមាគម​ក្លិប​នូវ​ចំណេះដឹង ដើម្បី​ពង្រីក​គុណភាព​បច្ចេកទេស ក្បាច់គុន​ខ្មែរ ឲ្យ​មាន​ការ​អភិវឌ្ឍ​​ និង​រីកចម្រើន។​

​សូមបញ្ជាក់ថា នៅក្នុង​សេចក្តី​សម្រេច​របស់​សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ថ្ងៃទី​០៨ ​ខែ​មេសា ​ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ក្រុម​ព្រឹទ្ធាចារ្យ​ទាំងនេះ គឺ​បំពេញ​មុខងារ​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ៕