ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ ចាត់​ទុក​សុខភាព​របស់​ប្រជាពលរដ្ឋ គឺជា​ទ្រព្យធន​ដ៏​សំខាន់​មួយ ​ដែល​មិន​អាច​ខ្វះ​បាន

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល បានចាត់ទុក​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ គឺជា​ទ្រព្យធន​ដ៏​សំខាន់​មួយ​ដែល​មិនអាច​ខ្វះ​បានឡើយ នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​ចិ​រ​ភាព ពិសេស​សម្រាប់​ការរក្សា​ស្ថិរភាព នៃ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

ការផ្ដើម​ចេញពី​ទស្សនៈ វិស័យនេះ រាជរដ្ឋាភិបាល បាន​បង្កើត​ធនធាន​វិនិយោគ​យ៉ាងច្រើន លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន នៃ​ប្រព័ន្ធ​សុខាភិបាល មាន​ជាអាទិ៍ សំណង់​មូលដ្ឋាន​សុខា​ភិបាល ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​ផ្គត់ផ្គង់​ឱសថ​បរិក្ខារ បំពាក់​ឧបករណ៍​ពេទ្យ បច្ចេក​វិទ្យា​វេជ្ជសាស្ត្រ​។​

ថ្លែង​នៅក្នុង​ឱកាស​បិទ​វេទិកា​លើក​ទី​៣ ស្ដីពី​ការ​គ្របដណ្ដប់​សុខភាព ជាស​កល​នៅ​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​តស៊ូ​ប្ដូរផ្ដាច់ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ចិ​រ​ភាព ដោយបាន​នាំមក​នូវ​ការរីកចម្រើន​លូតលាស់ សេដ្ឋកិច្ច​គួរឲ្យ​ស្ញប់ស្ញែង និង​ការកាត់បន្ថយ​ជា​អតិបរមា នូវ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​។ ជា​ពិសេស​ ជានិច្ចកាល បានចាត់ទុក​ការលើកស្ទួយ​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​គ្រប់រូប ជា​អាទិភាព​មួយ ​នៃ​ការវិនិយោគ​ធនធាន ក្នុង​វិស័យ​សង្គមកិច្ច​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ដាក់ចេញ​ទិសដៅ​បន្ថែម ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក និង​លើកកម្ពស់​សុខភាព​រប​ស់​ពលរដ្ឋ ដោយ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ គឺ​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ ដែល​មក​ពិនិត្យ​ផ្ទៃពោះ មុន​សម្រាល និង​ក្រោយ​សម្រាល​រួម ទាំង​កុមារ​ផង​។​ ចំណែក​ស្ត្រី​ដែល​មក​ពិនិត្យ​ផ្ទៃពោះ ៤​លើក មុន​សម្រាល ពេល​សម្រាល និង​ក្រោយ​សម្រាល​១០​ដង នឹង​ផ្ដល់​ថវិកា​បន្ថែម ហើយ​កិច្ច​ការងារ​នេះ យើង​កំពុងតែ​រៀបចំ​ផង​ដែរ។​

លើសពីនោះ យើង​កំពុងតែ​ខិតខំ​បន្ថែមទៀត ដើម្បី​ផ្ដល់នូវ​សំណាញ់​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ធានាថា ថា​អ្នក​ណា​ដោយ នៅ​គ្រប់​ទីកន្លែង ត្រូវតែ​ទទួលបាន​នូវ​សេវា​ថែទាំ​សុខភាព​។​

សូមជម្រាបថា រាជរដ្ឋាភិបាល បាន​បង្កើន​ការចំណាយ​ក្នុងការ​ពង្រីក​ការ​គ្របដណ្ដប់ នៃ​កម្មវិធី​មូល​និធិ​សមធម៌ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ កម្មករ​និយោជិត ក្រៅ​ប្រព័ន្ធ និង​ប្រជាពលរដ្ឋ ជា​គោលដៅ​មួយចំនួន​ផ្សេងទៀត ឲ្យ​ជៀស​ផុត​ពី​ហានិភ័យ​ហិរញ្ញវត្ថុ នៅពេល​មកប្រើប្រាស់​សេវា​ថែទាំ​សុខភាព នៅពេល​មាន​ជំងឺ ឬ​បញ្ហា​សុខភាព។ ​ដោយឡែក របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព ក៏​ត្រូវ​បាន​ពង្រីក​ការ​គ្របដណ្ដប់ ដល់​មន្ត្រី​សាធារណៈ​អតីត​មន្ត្រីរាជការ និង​អតីត​យុវជន បន្ទាប់ពី​របប​សន្តិសុខ សង្គម​ផ្នែក​ថែទាំ​សុខភាព សម្រាប់​កម្មករ​និយោជិត ក្នុង​ប្រព័ន្ធ ត្រូវ​ដាក់​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំ​២០១៦ និង​កម្មវិធី​ជំនួយ​សង្គម សម្រាប់​ស្ត្រី​ក្រីក្រ ក្នុង​ការ​ទទួល​បាន​សេវា​ថៃ​ទាំ​គភ៌ សេវា​សម្រាល​មាន​សុវត្ថិភាព និង​សេវា​ពិនិត្យ​ថែទាំ​ក្រោយ​សម្រាល​ដែល​នឹង​ចាប់ផ្ដើម នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ប្រព័ន្ធ​ថែទាំ​សុខភាព ត្រូវ​ធានា​យ៉ាងហោចណាស់ ឲ្យ​មាន​សេវា​សុខ​ភាពជា​សារវន្ត សម្រាប់​ប្រជាពលរដ្ឋ ទាំងអស់​ប្រើប្រាស់ ពោលគឺ​កញ្ចប់​សេវា​មួយ ដែល​ឆ្លើយតប​ទៅ​នឹង​បន្ទុក​ជំងឺ ឬ​បញ្ហា​សុខ​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ទូទៅ ទាំង​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​គ្រប់​ថ្នាក់ ទាំង​នៅ​ទីប្រជុំជន និង​តំបន់​ជនបទ ហើយ​សេវា​ទាំងអស់​នោះ​ទៀតសោត ត្រូវ​មាន​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព។​

ទន្ទឹម​នឹង​នោះ ប្រព័ន្ធ​សុខាភិបាល ត្រូវ​ធានា​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិនបាន​ទទួល​សេវា​ថែទាំ​សុខភាព ពេល​មាន​ជំងឺ​ដង្កាត់ ដោយសារតែ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​នោះ​ទេ​។

លើស​ពី​នោះ រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជា​ច្រើន ក្នុងការ​ពង្រឹង​ប្រតិបត្តិការ ​នៃ​ប្រព័ន្ធ​សុខាភិបាល ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់ការ​គ្របដណ្ដប់​សុខ​ភាព​ជាស​កល មាន​ជាអាទិ៍ ការពង្រីក​ការ​គ្របដណ្ដប់​ នៃ​សេវា​សុខភាព និង​អន្តរាគមន៍ សុខភាព​សាធារណៈ កែលំអ​គុណភាព សេវា និង​ពង្រីក​យន្តការ​គាំពារ​ នៃ​សេវា​សុខភាព ដូចជា​កម្មវិធី​មូល​និធិ​សមធម៌ និង​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​»៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114