ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​ខ្សោយ​តម្រងនោម គឺជា​បញ្ហា​ប្រឈម​នាំមុខគេ​ក្នុងចំណោម​ជំងឺមិនឆ្លង​ នៅលើ​ពិភពលោក​

ភ្នំពេញ​ ៖​ បច្ចុប្បន្ន​នេះ ​ជំងឺ​ខ្សោយ​តម្រងនោម គឺជា​បញ្ហា​ប្រឈម​នាំមុខគេ​ក្នុងចំណោម​ជំងឺមិនឆ្លង នៅ​លើ​ពិភពលោក ក៏ដូចជា​នៅ​ប្រទេស​ក្នុង​តំបន់​ ដែលមាន​កម្ពុជា​យើង​ផង​ដែរ​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ថ្លែង​ក្នុង​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក អង្គ​សន្និសីទ​ “​ដំណើរការ​ ឆ្ពោះ​ទៅ​កាន់ការ​ផ្សាំ​សរីរាង្គ​”​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​មេសា ​ឆ្នាំ​២០១៩​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​មានប្រសាសន៍​ទៀត​ថា​ អង្គ​សន្និសីទ “​ដំណើរការ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្សាំ​សរីរាង្គ ​”​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​នេះ​ជា​ជំហាន​ថ្មី​មួយ​បន្ថែមទៀត​ អំពី​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​កាល់ម៉ែត និង​សហ​ភាតរៈ​មកពី​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង​ ដែល​បាន​ចាប់ដំណើរការ​ប្រព្រឹត្តទៅ​មាន​រយៈពេល​០២​ថ្ងៃ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ ​ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ ជំងឺ​ខ្សោយ​តម្រងនោម គឺជា​បញ្ហា​ប្រឈម​នាំមុខគេ​ក្នុងចំណោម​ជំងឺ​មិនឆ្លង នៅលើ​ពិភពលោក ក៏ដូចជា​នៅ​ប្រទេស​ក្នុង​តំបន់​ ដែល​មាន​កម្ពុជា​យើង​ផង​ដែរ​។​ ថ្វីបើ​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ខ្សោយ​តម្រងនោម កាន់​តែ​មាន​ប្រសិទ្ធភាព​តាមរយៈ​ជំនាញ​ផ្សេងៗ​ និង​វិធី​សាស្ត្រ ចុងក្រោយ ​គឺ​ការ​លាង​ឈាម ដែល​ភាគច្រើន​នៅ​មន្ទីរពេទ្យ​ជាតិ​-​ខេត្ត ទាំង​រដ្ឋ​ និង​ឯកជន​មាន​នៅ​ក្នុងប្រទេស​កម្ពុជា​ក៏ដោយ វិធីសាស្ត្រ​បន្ថែម​ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​ជឿនលឿន ដូចជា ប្រទេស​បារាំង គឺ​ការ​ផ្សាំ​សរីរាង្គ​តម្រងនោម ជា​ជម្រើស​ថ្មី​មួយទៀត​សម្រាប់​អ្នកជំងឺ​យើង​ក្នុង​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា ​ការ​ផ្សាំ​សរីរាង្គ​តម្រងនោម​នេះ តម្រូវ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​បច្ចេកទេស​វេជ្ជសាស្ត្រ​ជាក់លាក់​តាម​ជំនាញ​ផ្សេងៗ ដូចជា ជំនាញ វះកាត់​តម្រងនោម ជំនាញ​តម្រងនោម ជំនាញ​មន្ទីរ​ពិសោធន៍ និង​សង្គ្រោះ​បន្ទាន់​ជាដើម​..។​..ល​..។​

​តាមរយៈ​អង្គ​សន្និសីទ​លើកទីមួយ​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា មិត្ត​បារាំង​មកពី​លី​យ៉ុង (Lyon) នឹង​ខិតខំ ពង្រឹង​សមត្ថភាព​ នៃ​ការបណ្តុះបណ្តាល ការរៀបចំ​រចនាសម្ព័ន្ធ​ផ្សាំ​សរីរាង្គ និង​ពិនិត្យ​លើ​ច្បាប់​ផ្សេងៗ​ដែល​កម្ពុ​ជាមាន ដើម្បី​ឈានទៅដល់​ការសម្រេចបាន​គម្រោង ​នៃ​ការ​ផ្សាំ​សរីរាង្គ​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

ជាមួយគ្នា​នោះដែរ​ លោក​សាស្ត្រាចារ្យ​ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​ បាន​មាន​ប្រសាសន៍​ថា ​សន្និសីទ​ដ៏​មាន​អត្ថប្រយោជន៍​នេះ មានការ​សហការ​រួម​គ្នា​រៀបចំ ដោយ​មន្ទីរពេទ្យ កាល់​ម៉ែត ជាមួយនឹង​ក្រុម​ជំនាញការ​បារាំង ដែល​មាន​ការ​គាំទ្រ​ពី​ក្រសួងសុខាភិបាល នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

​ប្រធានបទ​សំខាន់ៗ​ជាច្រើន ​នឹង​ត្រូវ​ចូលរួម​បង្ហាញ ​និង​ពិភាក្សា ដើម្បី​ស្វែង​បង្កើត ឲ្យ​ចេញ​នូវ​គោល​ដៅ​រួមមួយ ដោយ​សាស្ត្រាចារ្យ​ជំនាញ​បារាំង និង​ក្រុមគ្រូពេទ្យ​ពាក់ព័ន្ធ របស់​ប្រទេស​កម្ពុជា សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​នូវ​ការ​ផ្សាំ​សរីរាង្គ ដែល​អាច​ជួយ ដល់​អ្នកជំងឺ​ដែលមាន​បញ្ហា​នេះ មាន​សង្ឃឹម​ទៅ​អនាគត​។​

លោក​អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ បាន​មានប្រសាសន៍​ទៀតថា ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ខ្សោយ​តម្រង​នោម​បាន​ក្លាយ​ទៅជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល របស់​យើង​ការ​ខិតខំ​ប្រឹង​ប្រែង​រួម​សហការ គ្នា​ឲ្យ​មាន​ភាព​សន្និសីទ​នេះ​ឡើង​គឺជា​តម្រូវ​ការចាំបាច់​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​។

លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា ​ប្រធានបទ “​ដំណើរការ​ឆ្ពោះទៅ​កាន់ការ​ផ្សាំ​សរីរាង្គ​” ដែល​បាន​ជ្រើស​រើស​យក​មក​ដាក់​ក្នុង​សន្និសីទ​នេះ​ស្របគ្នា​ទៅនឹង​ការយកចិត្តទុកដាក់ នៃ​ការថែទាំ​សុខភាព​នា​ពេល​បច្ចុប្បន្ន​ដែល​ប្រទេស​ក្នុង​តំបន់​កំពុង​ប្រឈមមុខ​នឹង​ការ​ការពារ​ការត្រួតពិនិត្យ​ និង​ព្យាបាល​ដោយ​ផ្តោត​លើ​បច្ចេកទេស​កាន់តែ​ជឿនលឿន ឈានមុខ​ក្នុងការ​ព្យាបាល​ទាំង​គ្រូពេទ្យ​ទាំង​អ្នកជំងឺ​សុទ្ធតែ​ទទួល​បាន​នូវ​គុណ​តម្លៃ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​កម្រិត​ខ្ពស់​។​

សន្និសីទ​នេះ នឹង​បង្ហាញ​នូវ​ប្រធានបទ​ជាច្រើន​ រួមទាំង​បច្ចេកទេស​បទពិសោធន៍​ថ្មីៗ ព្រមទាំង​មាន​ការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​ផុលផុស​ជា​ទុន​មួយ​ដែលមាន​តម្លៃ​ធំធេង ជួយ​ដល់ វិស័យ​សុខាភិបាល​នៅ​កម្ពុជា ពិសេស​ជា​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ជួយ​ដល់​វេជ្ជបណ្ឌិត​ឯកទេស​ឲ្យ​កាន់​តែមាន ជំនឿ​ជាក់ ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕