ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ចូលកាន់​មុខតំណែង​ជា​ប្រធាន​ផ្នែក និង​អនុប្រធាន​ផ្នែក នៃ​ការិយាល័យ​ប្រជាជន នាយករង​ទីចាត់ការ ប្រធាន​ការិយាល័យ ​និង​អនុប្រធាន​ការិយាល័យ​ នៃ​រដ្ឋបាល​ខេត្ត​

បន្ទាយមានជ័យ ៖ អស់​រយៈពេល​ពេញ​១​ឆ្នាំនេះ ​មន្ត្រី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន​១៧​នាក់​ដែល​មាន​ស្នាដៃ​ល្អៗ​ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ ត្រូវបាន​លោក​អភិបាលខេត្ត​ធ្វើ​ពិធី​ប្រកាស​ចូលកាន់​មុខ​ដំណែង​ថ្មី​ជា​ប្រធាន​ផ្នែក និង​អនុប្រធាន​ផ្នែក នៃ​ការិយាល័យ​ប្រជាជន នាយក​រង​ទីចាត់ការ ប្រធាន​ការិយាល័យ ​និង​អនុប្រធាន​ការិយាល័យ ​នៃ​រដ្ឋបាល​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សាយ​ប្រជុំ​សាលាខេត្ត​។

​ក្នុង​ពិធី​ប្រកាស​នោះ​ លោក​ ណង ​វុទ្ធី នាយក​ទីចាត់ការ​ធនធានមនុស្ស​បាន​ឡើង​អាន​ដីកា​របស់​រដ្ឋបាល​ខេត្ត​លេខ ០០១ ១៩ ដក ត​ត ស្ដីពី​ការប្រកាស​តែងតាំង​ លោក ​ស្រេង ​សុផល​ ជា​ប្រធាន​ផ្នែក​ច្បាប់ ​និង​ស៊ើបអង្កេត នៃ​ការិយាល័យ​ប្រជាពលរដ្ឋ និង ​លោក​ ថោង​ ចន្ទ​រិទ្ធី​ ជា​ប្រធាន​ផ្នែក​ទទួល​ពាក្យបណ្ដឹង និង​កិច្ចការ​រដ្ឋបាល ​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ និង​១៥​នាក់​ទៀត ​ទៅជា​នាយក​រង​ទីចាត់ការ ប្រធាន​ការិយាល័យ​ និង​អនុប្រធាន​ការិយាល័យ ​នៃ​រដ្ឋបាល​ខេត្ត​។​

លោក​ សួន ​បវរ​ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​ទាំង​១៧​រូប​ ដែល​ទើប​នឹង​ប្រកាស​ចូលកាន់​មុខតំណែង​ហើយ​ថ្មីៗ​នេះ ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជូន​ពួកគាត់​ឲ្យ​បាន​ល្អ​។ ​ត្រូវ​ប្រឹងប្រែង​កសាង​ខ្លួន បង្កើន​សមត្ថភាព ក្នុង​កិច្ច​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ឆន្ទៈ​ស្មោះត្រង់​ជូន​ប្រជាពលរដ្ឋ​ និង​ធ្វើការ​ទប់ស្កាត់​រាល់​ការ​ញុះញង់ ឲ្យ​ប្រជាពលរដ្ឋ​ងាកក្បាល​ប្រឆាំង​និង​រដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​មកពី​ប្រជាពលរដ្ឋ​បោះឆ្នោត​ជិត​មួយ​នគរ​ឲ្យ​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មន្ត្រី​ដែល​ទើប​នឹង​ប្រកាស​តែងតាំង​ទាំងអស់ ​ត្រូវ​បំពេញ​ការងា​រ​ប្រតិបត្តិការ ចាត់ចែង​បែងចែក​ការងារ​តាម​តួនាទី​ភារកិច្ច ចាត់តាំង​ប្រចាំការ​ជានិច្ច​នៅ​ការិយាល័យ​មិន​ឲ្យ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាដាច់ខាត​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114