Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នាំសារនាយករដ្ឋមន្ត្រីប្រាប់ជនភៀសសឹក ថា គ្មានឡើយរដ្ឋាភិបាលកាត់ដីដូរសន្តិភាព

បានផុស

នៅ

ថ្លែងចេញពីជំរុំភៀសសឹក ក្នុងខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងពីសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋភៀសសឹក ថា ពុំមាននោះឡើយដែលថារដ្ឋាភិបាលកាត់ដីឱ្យថៃ ដើម្បីដូរនឹងសន្តិភាព តាមរយៈបទឈប់បាញ់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត រិទ្ធ បាននិយាយថា បទឈប់បាញ់ពេលនេះ មិនមែនជាការចុះចាញ់ ឬជាការកាត់ដីដូរយកសន្តិភាពនោះទេ តែជាការបើកផ្លូវទៅរកសន្តិភាព និងស្វែងរកដំណោះស្រាយសន្តិវិធីតាមយន្តការ និងអនុលោមតាមកិច្ចព្រមព្រៀង ដែលមានជាធរមាន ក៏ដូចជាច្បាប់អន្តរជាតិ។

គួរឱ្យដឹងថា យោងតាមការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងពីរបានយល់ព្រមឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់ពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អះអាងថា មិនមែនកម្ពុជាចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ តែជាការបញ្ចៀសការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ ដោយងាកមករកយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយម្យ៉ាងគឺដើម្បីបើកផ្លូវឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយគ្មានឧបសគ្គ និងសុវត្ថិភាព។

សម្ដេចធិបតី សង្កត់ធ្ងន់ថា លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវយ៉ាងទទូចឱ្យមានសាមគ្គីភាពជាតិ និងស្មារតីខ្មែរជួយខ្មែរ ក្នុងសង្គមកម្ពុជា ជាពិសេសរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាខែលការពារជាតិដ៏រឹងមាំ ហើយសង្ឃឹមថា ប្រជាពលរដ្ឋភៀសសឹកទាំងអស់នឹងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញក្នុងពេលឆាប់ៗខាងមុខ។ លោក កើត រិទ្ធ លើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកជាង ២០០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៥ ក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម