ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ៖​ ការនឿយហត់​នេះហើយ​ បាន​ជំរុញ​ខ្ញុំ​ឲ្យ​ជោគជ័យ​ និង​ធ្វើ​ឲ្យ​អ្នក​ធ្លាប់​មើលងាយ​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ បាន​ភ្លឺ​ភ្នែក​

​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ស្រី​ មាន​ដើមកំណើត​មកពី​ខេត្តស្វាយរៀង ​កញ្ញា សួស វី​ហ្សា ថ្មីៗ​នេះ​ បាន​បញ្ចេញ​នូវ​សារ​បង្កប់​អត្ថន័យ​ផ្លែផ្កា​ដល់​បុគ្គល​មួយចំនួន​ ដែល​ធ្លាប់​មើលងាយ ​និង​មិន​ឲ្យ​តម្លៃ​គ្រួសារ​ខ្លួន ​ខណៈដែល​នាង​បានលើកឡើង​ថា ​ភាព​តស៊ូ នឿយហត់​នេះហើយ ​ទើប​ធ្វើ​ឲ្យ​អ្នក​​ធ្លាប់​មើល​ងាយ​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ បាន​ភ្លឺ​ភ្នែក​។​

តារា​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស កញ្ញា សួស វី​ហ្សា បាន​សរសេរ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​បែប​នេះ​ថា​ ថ្ងៃនេះ​ មុខ​រៀង​នឿយហត់​បន្តិច​ហើយ​សុខភាព​ក៏​មិនសូវ​ស្រួល​….​វល់​ពេក អ្នកផ្ទះ​ចង់​ភ្លេច​មុខ​ហើយ ​តែ​ក៏​អរគុណ​អ្នក​បាត់ដំបង​បំផុត​សម្រាប់​កម្លាំងចិត្ត​យប់​នេះ ​តែ​ទោះជា​នឿយ​ជាង​នេះ​មួយ​រយ​ដង​មួយ​ពាន់​ដង ​ក៏​គ្មាន​បញ្ហា ព្រោះតែ​ការ​នឿយ​រាល់ថ្ងៃ​នេះហើយ ដែល​បានធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ផ្លាស់ប្ដូរ​១០០​ភាគរយ​។​

កញ្ញា សួស វី​ហ្សា បាន​បន្តទៀតថា ​ព្រោះតែ​ការ​នឿយ​នេះ​ហើយ ​ដែល​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ជោគជ័យ ហើយ​ភាព​នឿយ​ទាំងនេះហើយ ដែល​បានធ្វើ​ឲ្យ​អ្នក​ធ្លាប់​មើលងាយ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​កន្លងមក​បាន​ភ្លឺ​ភ្នែក​។​

រាល់ថ្ងៃ​មានបាន​គ្រប់យ៉ាង ​ក៏​ព្រោះតែ​ភាព​នឿយហត់​នេះហើយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​សម្រេច​ក្តី​សុបិន​ធំៗ​របស់ខ្ញុំ​បានជា​បន្តបន្ទាប់​ទាំងនេះ ​គឺ​គ្រាន់តែ​ចង់​ចែករំលែក ថា​រាល់​ការនឿយហត់​របស់​យើង​ម្នាក់ៗ​ គឺ​សុទ្ធតែ​នឿយហត់​ដោយមាន​តម្លៃ​ដូច​ពាក្យចាស់​ពោល​ថា ស៊ូ​ពិបាក​មុន ស្រណុក​ក្រោយ​។​

តាមរយៈ​ការ​បង្ហោះ​សារ​របស់​តារា​ស្រី​ កញ្ញា​ សួស វី​ហ្សា ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ​ និង​លើក​សរសើរ​ចំពោះ​ការ​ខិតខំ​របស់​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​ កញ្ញា សួស វី​ហ្សា។ ​មិនតែប៉ុណ្ណោះ ​តាមរយៈ​ខ្លឹមសារ​បង្កប់​ន័យ​បំផុស​ដល់​មហាជន​របស់​ កញ្ញា សួស វី​ហ្សា នេះដែរ ​ក៏​ជា​គំនិត​ដ៏​គំរូ​ចំពោះ​អ្នកគាំទ្រ​ផងដែរ៕