ព័ត៍មានទាន់​ហេតុការណ៏
Search

Malaysia FA Cup៖​ក្លិប​របស់ ចាន់ វឌ្ឍនាកា ប៉ះ​ក្រុម Johor ហើយ​ក្រុម​របស់ ធា​រី ចន្ថា​ប៊ី​ន ជួប​ក្រុម Kelantan United

នៅ​ឆ្នាំ​២០១៩ នេះ​មាន​កីឡាករ​សមា​ជិត​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​របស់​ក្លិប​Terengganu FA​។

ក្រៅពី​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី ក្រុម​របស់​កីឡាករ​ទាំង​២​សុទ្ធតែ​មានឱកាស​ប្រកួត​ក្នុង​ពានរង្វាន់ Malaysia FA Cup 2019 ដូចគ្នា​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ខណៈ​កាលពី​ជុំ​ទី​២​កន្លងទៅ​ក្រុម​Terengganu បាន​យកឈ្នះ​លើ​ក្រុម ៥​ទល់​០ ខណៈ​ក្រុម PKNS បាន​យកឈ្នះ​លើ​ក្រុម Melaka United ដោយ​លទ្ធផល​៣​ទល់​២ ហើយ​ជ័យជម្នះ​នេះដែរ​កីឡាករ ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​បាល់​១​គ្រាប់​ផងដែរ​។

​នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ​នៅសល់​ក្រុម​ចំនួន​១៦​ក្រុម​ដោយ​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​១៦-១៧ ខែមេសា ឆ្នាំ​២០១៩ ដោយ​ក្រុម​PKNS ប៉ះ​ម្ចាស់ផ្ទះ Johor Darul Ta’zim ហើយ​ក្រុម Terengganu FA ប៉ះ​ក្រុម Kelantan United​។ ចំណែក​ប្រកួត​ផ្សេងទៀត​ក្រុម Selangor ប៉ះ​ក្រុម Felda United ហើយ​ក្រុម Kedah ជួប​ក្រុម Petaling Jaya City ក្រុម Pulau Pinang ប៉ះ​ក្រុម Kuala Lumpur ហើយ​ក្រុម UKM ជួប​ក្រុម Pahang ក្រុម PKNP ប៉ះ​ក្រុម PDRM ឬ Sarawak និង​ក្រុម jerantut ជួប​ក្រុម Perak​។

យ៉ាង​ណា​ក្តី​នៅ​ចុង​សប្ដាហ៍​នេះ​ក្រុម​របស់​កីឡាករ​ទាំង​២​ត្រូវ​ប្រកួត​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី សិន​គឺ​ក្រុម​Terengganu FA ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Alor Setar ដោយ​ប៉ះ​ម្ចាស់ផ្ទះ Kedah នៅ​កីឡដ្ឋាន​Stadium Darul Aman​ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ខណៈ​ក្រុម PKNS វិញ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​Stadium Shah Alam ក្នុង​ទីក្រុង​Shah Alam របស់ខ្លួន​ទទួល​ក្រុម Pahang FA នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។

ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់​មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ដោយ​ក្នុង​នោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សាកិច្ច​សន្យា​រហូត​ដល់​ចប់​រដូវ​កាល​ព្រម​ទាំង​បន្ត​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ២០១៩នេះទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114