ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន លើកឡើង​ពី​បញ្ហា​ក្នុង​ក្រុម​ក្រោយ​ចប់​យុទ្ធនាការ​ជម្រើស​ជើងឯក​ជាតិ

ក្រុមបាល់ទាត់​នារី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ចប់​យុទ្ធនា​ការប្រកួត​ក្នុង​ពាន​បាល់ទាត់​ជម្រើស​ជើងឯក​នារី​កម្រិត ១ ឆ្នាំ​២០១៨-២០១៩ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ត្រឹម​វគ្គ​៦​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ ខណៈ​អ្នកគ្រូ ម៉ៅ សា​វីន ដែលជា​គ្រូបង្វឹក​បាន​សម្លឹង​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ក្រុម​ជាច្រើន​។

ឆ្លងកាត់​ការប្រកួត​ជាង​៤​ខែ​កន្លងមក​អ្នកគ្រូ ម៉ៅ សា​វីន បានបង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា​៖« ក្រោយពី​ចប់​ការប្រកួត​ពានរង្វាន់​នារី​ឆ្នាំ​២០១៨-២០១៩​នេះ ពួក​យើង​មាន​ភាព​រីកចម្រើន​ត្រឹមតែ​៥០%​ប៉ុណ្ណោះ ពិសេស​គឺ​ការយល់​ពី​ទម្រង់​លេង និង​ការការពារ​ជាដើម ហើយ​អ្វីដែល​យើង​ខ្វះខាត​ខ្លាំង​នោះ​គឺ​នៅ​តំបន់​ប្រយុទ្ធ ដោយ​យើង​ធ្វើ​មិន​បានល្អ​សោះ ពោលគឺ​តាមរយះ​ការប្រកួត​កន្លងមក​យើង​រក​គ្រាប់​បានតែ​១៦​គ្រាប់​ប៉ុណ្ណោះ​»​។

​គ្រូបង្វឹក​នារី​ខាងលើ​បាន​លើក​ឡើង​ពី​ផលវិបាក​មួយចំនួន​ក្នុងការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ថា « ក្រុម​របស់​យើង​ពិបាក​បន្តិច​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​ហ្វឹកហាត់​ព្រោះ​ពួកគាត់​ម្នាក់ៗ​មានការ​រវល់​ច្រើន​លើ​ការសិក្សា​និង​អ្នក​ខ្លះទៀត​គាត់​មាន​មុខរបរ​ផ្សេងៗ​របស់​ខ្លួន ដូច្នេះ​យើង​មិនសូវ​មាន​ពេល​ក្នុង​ការ​ហ្វឹកហាត់​ជុំគ្នា​នោះទេ។ ដើម្បី​ឲ្យ​ក្រុម​នារី​មាន​ភាព​រីកចម្រើន​ជាង​នេះ​ទៀត​នោះ​គឺ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ចំណាយ​ពេល​២​ម៉ោង​មក​ធ្វើការ​ហ្វឹកហាត់​បាន​ជុំគ្នា ហើយ​ព្យាយាម​ប្រឹងប្រែង​លើស​ពី​អ្វី​ដែល​ពួកគាត់​បានធ្វើ​នា​ពេល​កន្លងមក ទាំង​ការលេង​បាល់ទាត់ និង​ការសិក្សា​ខាងក្រៅ​»​។

សូម​បញ្ជាក់​ថា ​ក្រោយ​ប្រកួត​ចប់​ក្នុង​ការ​ប្រកួត​នៃ​ពានរង្វាន់​នារី​កម្រិត ១ ឆ្នាំ​២០១៨-២០១៩ ជើងឯក​បាន​ទៅ​ក្រុម​មកពី​ខេត្តស្វាយរៀង ខណៈ​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន វិញ​ក្រោយ​ចប់​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នេះ​ក៏​មាន​បេសកកម្ម​ថ្មី​មួយទៀត ដោយ​ត្រូវ​ចូលរួម​លេង​ក្នុង​ពានរង្វាន់ Smart Youth League 2019 ក្រោម​ការរៀបចំ​ពី​សំណាក់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងពេល​ឆាប់ៗ​នេះ​៕