ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ស៊ី​ណាត ជួប លិ​ង​ឡុ​ម ឯ អ៊ូច ធា​រិ​ទ្ធ ជួប ផេ​ត វិ​មុត​ទី នៅ​សង្វៀន​ស្ទឹងមានជ័យ

​ប្រដាល់ ៖ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង​អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ។​

ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​នឹងត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​លិ​ង​ឡុ​ម ប៉​.​យុទ្ធភូមិ ( Linglom Por.Yuthphumi) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​ដែល​មក​កម្ពុជា​នោះទេ​កន្លងមក។ ជា​លើក​ទី​១​ហើយ ដែល លិ​ង​ឡុ​ម ប៉​.​យុទ្ធភូមិ មកជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​នោះ។​

ស៊ី​ណាត ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា។ គេ​មាន​កណ្ដាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ តែ​អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ឆាប់​អស់​កម្លាំង​ស៊ុ​ហ្វ តែ​ស៊ូ​ចំពោះ​ការប្រកួត។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១០៥​លើក ក្នុងនោះ​វាយ​ឈ្នះ​៩២​លើក​ចាញ់ ១៣​លើក និង​ស្មើ​០៧​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​​សន្លប់​បាន​៣២​លើក​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា ចាន់ ស៊ី​ណាត មិនអាច​មើល​ស្រាល​លិ​ង​ឡុ​ម ប៉​.​យុទ្ធភូមិ បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កល​ល្បិច​ខ្ពស់​ផងដែរ​។​

លិ​ង​ឡុ​ម ប៉​.​យុទ្ធភូមិ ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៦​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ ចាំមើល ចាន់ ស៊ី​ណាត តើ​គេ​អាច​យកឈ្នះ​លិ​ង​ឡុ​ម ប៉​.​យុទ្ធភូមិ បាន​ឬ​អត់​?។​

ចំពោះ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត វិ​មុត​ទី ( Petchvimutti MTF Club Muaythai ) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក។ ដូច្នេះ​ការជួបគ្នា​លើក​នេះ មិនដឹងថា នរណា​ជា​អ្នកឈ្នះ​នោះ​ឡើយ សម្រាប់​ជំនួប​លើកដំបូង​នេះ។

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១៤​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី១៥ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (០៣​មីនា​២០១៩) គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ហ្វា​ម៉ៃ (Fa Mai) ដោយ​ពិន្ទុ។​

ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦៤​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៥​លើក ចាញ់​១៤ លើក និង​ស្មើ ០៥​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ​ អាច​យកឈ្នះ​ ផេ​ត វី​មុត​ទី បាន​ឬក៏​អត់​នោះ​ទេ​?។​

​ផេ​ត វី​មុត​ទី តាម​ការ​ឲ្យ​ដឹង​នោះ គេ​ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ ដូច្នេះ អ៊ូច ធា​រិ​ទ្ធ​ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្ដូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យ​ជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ និង ផេ​ត វី​មុត​ទី តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ? ។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឯម សុធី ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។​

រវាង ឯម សុធី និង នី​ម នន នេះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ចាំមើល តើ​ ឯម សុធី ឬ នី​ម នន ដែលជា​អ្នកឈ្នះ​ក្នុង​ការជួប​ប្រកួត​លើក​នេះ?។​

ចំណែក អ្នក​ប្រដាល់​ជើង​ថ្មី ព្រំ សំ​អូន ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ គន គុន អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយ​អ្នក​ប្រដាល់​វ័យក្មេង​នួន សុវណ្ណ​រាជ ក្លិប​រាជសីហ៍​ខេត្តរតនគិរី ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​វ័យក្មេង ធន់ ស៊ី​ហុង ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114