ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ល្បីៗ​ជិត​១០០​នាក់ ​នឹង​ចូលរួម​អបអរ​កម្មវិធី​សង្ក្រាន្ត​ច្បារអំពៅ​

ភ្នំពេញ​ ៖​ នៅ​វត្ត​វាល​ស្បូវ ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​ រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៤ ,១៥ ,១៦​លោក ចេង មុន្នី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ បាន​មានប្រសាសន៍ថា ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍ រីកចម្រើន​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​យើង​រស់នៅ​សុខ​ស្រួល និង​ចង់​ទៅ​ណា​មក​ណា​ក៏បាន ​គឺ​មិន​លំបាក ចង់ទៅ​ចូលរួម​កម្មវិធី​ណា​ក៏​ស្រួល​ធ្វើដំណើរ។​

លោក​បាន​បន្ត​ថា ​ដូច្នេះ​ស្របតាម​ទិសដៅ​ នៃ​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​យើង​ និង​ដើម្បី​អបអរ​សាទរ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យើង​នេះ ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ក៏បាន​ធ្វើ​កម្មវិធី​រយៈ​ពេល​៣​ថ្ងៃ​ គឺ​កម្មវិធី​សង្ក្រាន្ត​ច្បារអំពៅ និង​មាន​កម្មវិធី​ជាច្រើន​ដូចជា ពិធី​ស្រង់​ព្រះ ពិធី​រាប់បាត្រ លេងល្បែង​ប្រជាប្រិយ តំបន់​ត្រជាក់ចិត្ត ការ​រាំ​លេង​កម្សាន្ត ការ​ការ​ប្រគំ​តន្ត្រី សម្តែង​ប្លែកៗ​ដោយ​ ៖ មាន​ការដើ​បង្ហាញ​ម៉ូត ក្រុម​កំប្លែង និង​ តារា​ចម្រៀង​ល្បីៗ​ចូលរួម​ជាច្រើនរូប។

ជាមួយគ្នានេះ​ លោក​អភិបាលខណ្ឌ​ ក៏បាន​គោរព​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មក​ចូលរួម​កម្មវិធី​សង្ក្រាន្ត​ច្បារអំពៅ​នេះ​ឲ្យ​បាន​ច្រើន​កុះករ​។ ​ដោយឡែក ​លោក អ៊ឹម ជីវ៉ា ដែល​ជា​អ្នកចាត់ចែង​រៀបចំ​កម្មវិធី​ផ្នែក​សិល្បៈ​ក្នុង​សង្ក្រាន្ត ច្បារអំពៅ​បាន​និយាយថា​ នេះ​កម្មវិធី​សិល្បៈ​មាន​ច្រើន​ទម្រង់​មែនទែន​ដែលមាន​ការចូលរួម​ពី​សិល្បករ​គ្រប់ផ្នែក ក្នុងនោះ​យើង​មានការ​ការបង្ហាញ​ម៉ូត​ទៅតាម​សម័យកាល​។​

លោក​បន្ថែមថា​ ក្នុងនោះ​ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ​ចាប់ពី​ព្រឹក​ផងដែរ ហើយ​ការលេង​នៅ​តំបន់​ត្រជាក់ចិត្ត​ចាប់ផ្ដើម​ពី​ម៉ោង​០១​រសៀល ការ​ប្រគំ​តន្ត្រី​ និង​ការ​ចាប់ផ្ដើម​ពី​ម៉ោង​៦ ​ដល់​ម៉ោង​១០​យប់ និង​មាន​កម្មវិធី​សប្បាយ​ជាច្រើន​ទៀត​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114