ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​ប្លន់​ប្រដាប់​អាវុធ​ ស្ទាក់​ប្លន់​យក​ម៉ូតូ​ថ្មី​ពី​កម្មការិនី​រោងចក្រ ​រួច​ទុក​ម៉ូតូ​វ៉េវ​យួន​កញ្ចាស់​ជា​ថ្នូរ

ភ្នំពេញ ​៖​ ជន​សង្ស័យ​ជា​ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់ ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​យួន​ កញ្ចាស់​១​គ្រឿង ដេញ តាម​ប្លន់​ម៉ូតូ​ពី​កម្មការិនី​រោងចក្រ​ម្នាក់ នៅ​ពេល​ជិះ​ហួស​បន្តិច បាន​ឈប់​ម៉ូតូ​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​នាង​ឲ្យ​ចុះចេញ​ពីលើ​ម៉ូតូ​ តែ​នាងរង​គ្រោះ​ថា សូម​លោក​ចោរ​ចាក់​បើក​កែបម៉ូតូ​ទុក​កាត​រោង ចក្រ​ឲ្យ​នាង​ផង ចោរ​បានធ្វើ​តាម​ រួច​យក​ម៉ូតូ​នាង​ជិះ​គេចខ្លួន​ទៅ​បាត់​ បន្សល់ទុក​ម៉ូតូ​វ៉េវ​កញ្ចាស់​មួយ គ្រឿង​ជា​ថ្នូរ​គ្រាន់​ទុកជា​ភស្ដុតាង​សម្រាប់​ប្ដឹង​សមត្ថកិច្ច​ផង​ដែរ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ដី​វាល​ខាង​ជើងវត្ត​តា​ភេ​ម ភូមិ​តា​ភេ​ម សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ស៊ឹម ចាន់ថន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ សា​ព្រី​ណា មាន​ប្តី​ឈ្មោះ សាក់ សិទ្ធ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​រំដួល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​ម៉ូតូ ដែល​ចោរប្លន់ យក​ទៅ​បាត់ ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GY-9538 ជា​កម្មសិទ្ធិ​របស់​ឪពុក ​ឈ្មោះ កាន សាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា។​

ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​ចេញពី​ធ្វើការ ឈប់​ទិញ​ម្ហូប​មុខ​រោងចក្រ​ ហើយ ជិះ​ម៉ូតូ​ឆ្ពោះ​ទៅផ្ទះ តាមផ្លូវ​បេតុង ជាប់​ប៉ុស្តិ៍​កំបូល ឆ្ពោះ​ទៅ​វត្ត​តា​ភេ​ម លុះ​ទៅដល់ ដី​វាល​ខាងជើង​វត្ត ក្រៅ​ភូមិ ជិត​ឡើង​ដល់​ផ្លូវ​ចូល​ភូមិ​រំ​ដូ​លហើយ​នោះ ស្រាប់តែ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ ម៉ាក​វ៉េវ កញ្ចាស់ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1C-1388 វ៉ា​ជែង​ទៅ​ឈប់​ស្ទាក់​ពីមុខ ឃាត់​ឲ្យ​ឈប់ រួច​ដក​កាំភ្លើងខ្លី ពណ៌​ខ្មៅ​ប្រផេះ ដែល​នាង​មិន​ស្គាល់​ម៉ាក មិនដឹងថា ជា​កាំភ្លើង ជ័រ កាំភ្លើង​ដែកកេះ ឬ​កាំ​ភ្លើង​មែនទែន​ទែន​នោះទេ ភ្ជង់​គំរាម​ឲ្យ​ចុះ​ពីលើ​ម៉ូតូ តែ​ត្រូវបាន​នាង​សូម​អង្វរ សុំ​យក​កាត​ក្រោម​កែប​ម៉ូតូ ជនសង្ស័យ​យល់ព្រម ចាក់សោ​បើក​កែប យក​កាត​រោងចក្រ​គ្រវែង​ចោល​នៅ​លើ​ដី ​ហើយ​បើក​ម៉ូតូ​រត់គេច​ទៅ​បាត់ ដោយ​បន្សល់ទុក​ម៉ូតូ​អា​វ៉េវ​កញ្ចាស់ នៅ​កន្លែងកើតហេតុ។​

នាងរង​គ្រោះ​ប្រាប់ថា​ កន្លងមក​ នាង​មិនដែល​មានទំនាស់​ជាមួយ​អ្នកណា​ទេ បើ​ថា​ជាការ​គុំកួន​ក៏មិន​ត្រូវ​ដែរ ព្រោះ​នាង​ក៏​មិនដែល​ស្គាល់មុខ​ចោរ​នោះឡើយ។​

ក្រោយ​កើតហេតុ​មួយសន្ទុះ​ ទើប​ដំណឹង​នេះ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះទៅ​សាកសួរ ពិនិត្យ​ដល់​កន្លែង​កើតហេតុ រួច​នាំ​ជនរងគ្រោះ រួមជាមួយ​ម៉ូតូ​ជនល្មើស​មួយ​គ្រឿង មក​បន្ត​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​កំបូល ដើម្បី​បន្ត​ធ្វើ​ការស្រាវជ្រាវ ក្រែង​អាច​រកមុខ​ឃើញ ​ព្រោះ​មាន​តម្រុយ​ខ្លះ​ដែរ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114