ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉េអឹម​ ចាប់​ខ្លួន​បាន​ហើយ​ បុរស​ដែល​ទះកំផ្លៀង​លើ​ស្ត្រី​ម្នាក់​ឲ្យ​ដួល​ដាច់​ផ្ងារ

ភ្នំពេញ ​៖​ ទីបំផុត​បុរស​ ដែល​បាន​ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​ដាច់​ផ្ងារ​នោះ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ហើយ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា បន្ទាប់ពី​កម្លាំង​ជំនាញ ​បានធ្វើ​ការកំណត់​អត្តសញ្ញាណ​រថយន្ត​របស់​ជន​បង្ក ដឹង​ថា​ ជា​រថយន្ត​របស់​ក្រុមហ៊ុន​មួយ ​កម្លាំង​ក៏បាន​ស្នើ​ទៅ​ក្រុមហ៊ុន​ឲ្យ​ចេញមុខ​ទទួលខុសត្រូវ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ​ ក្រុមហ៊ុន​ បាន​សហ​ការ​​ជាមួយ​សមត្ថកិច្ច​កងអាវុធហត្ថ ដោយ​នាំ​យក​ជនសង្ស័យ​ទៅ​ប្រគល់​ដល់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដោយ​ជនសង្ស័យ​រូបនោះ​មានឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន កំពុង​ត្រូវបាន​កម្លាំង​ជំនាញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ បុរស​ម្នាក់​ បាន​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុកគូទ​ទៅនឹង​ថ្នល់ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​។ ហេតុការណ៍​ហិង្សា​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ ទាំង​ប៉ូលិស​និង​ជាពិសេស​កម្លាំង​កងរាជអាវុធហត្ថ​ បានកំណត់​មុខសញ្ញា​ច្បាស់​ហើយ​នោះ ​ក៏​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តា​ឲ្យ​ដួល​ដាច់​ផ្ងារ​នោះ​តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114