ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ និមន្ដ​ព្រះសង្ឃ ៥៣​អង្គ សូត្រមន្ត ចម្រើន​សិរី​សួស្តី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ

ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោកស្រី លោក ម៉ម សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​មន្ត្រី នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ មេសា​នេះ​បាន​និមន្ដ​ព្រះសង្ឃ ៥៣​អង្គ សូត្រមន្ត ចម្រើន​សិរី​សួស្តី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​នៅ​ឆ្នាំ​ចាស់ និង​លើករាសី​សម្រាប់​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ខាងមុខនេះ​។

ពិធី​នេះ​ធ្វើឡើង​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយមាន​ការសូត្រ​មន្ត សមាទានសីល​ចំរើន​ព្រះ​ប​រឹត ប្រគេន​ទ័យ​វត្ថុ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ជីដូន​ជីតា ញាតិ​កា​ទាំង​៧​សន្តាន បុព្វបុរស​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​និង​ដើម្បី​សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ព្រះ​នាង ព្រះនាម ទុ​ង្សា​ទេវី​ដែល​និង​យាង​ចូល​មក​ថែរក្សា​គ្រប់​គ្រង់​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​ទេវតា​ឆ្នាំ​ចាស់​ប្រោះព្រំ​ពរជ័យ​ឲ្យសព្វសាធុការ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ទទួល​បាន​នូវ​ភាពជោគជ័យ​ថ្មីៗ​ទៀត​តាម​ការកែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

គួរ​បញ្ជាក់​ថា ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ខ្មែរ ជា​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ ដែល​តែង​ធ្វើឡើង​រៀងរាល់​ឆ្នាំ ដោយមាន​រយៈពេល​៣​ថ្ងៃ​នៅក្នុង​អំឡុង​ខែចេត្រ ហើយ​ឆ្នាំនេះ​សម្រាប់ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១៤,១៥​និង​១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114