ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​គីម​ ព្រមាន​កងកម្លាំង​សត្រូវ ​ដែល​ដាក់​ទណ្ឌកម្ម

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ធ្វើការ​កត់សម្គាល់​ព្រមាន​មួយ​លើ​កិច្ចប្រជុំ​កំពូល ​ដែល​ទទួល​បរាជ័យ​រប​ស់​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ និង​បាន​លើក​ឡើង​ថា ទីក្រុង​ព្យុងយ៉ាង​ នឹង​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម។

ការ​កត់សម្គាល់​នេះ​គឺជា​ការ​អត្ថាធិប្បាយ​ជា​ផ្លូវការ​លើកដំបូង​របស់​លោក​គីម​ស្តីអំពី​ជំហរ​របស់​ប្រទេស​កូរ៉េខាងជើង​ចាប់តាំង​ពី​កិច្ចចរចា​ស្តីពី​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បែកបាក់​នៅក្នុង​ប្រទេស​វៀតណាម​កាលពី​ខែកុម្ភៈ។

លោក​ត្រាំ​នឹងត្រូវ​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន​នៅឯ​សេត​វិមាន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ស្វះ​ស្វែងរក​ការពិភាក្សា​ជាមួយ​កូរ៉េខាងជើង​សាជាថ្មី​។​

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​និយាយថា លោក​គីម​បាន​ប្រាប់​ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ពលករ​កំពុង​កាន់អំណាច​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ជំរុញ​ជាមួយ​ការពឹង​ផ្អែកលើ​ខ្លួនឯង​ដើម្បី​បំផ្លាញ​ទណ្ឌកម្ម។

របាយការណ៍​បាន​និយាយថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមនិយម​នឹងធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​ចំពោះ​កងកម្លាំង​សត្រូវ​ដែល​គិតថា ការដាក់ទណ្ឌកម្ម​អាច​នាំ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ចុះចាញ់​។​

ទោះបីជា​យ៉ាងណាក៏ដោយ បើ​យោងតាម KCNA បាន​ឲ្យ​ដឹងថា លោក​គីម​មិនបាន​និយាយ​អំពី​អាវុធ​នុយក្លេអ៊ែរ​ឬ​រិះគន់​សម​ភាគី​អាមេរិក​របស់លោក​នោះទេ​។​

លោក​ត្រាំ​និង​លោក​គីម​បានរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ដែល​នៅ​ទីនោះ​អ្នក​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​មួយ​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។​

ប៉ុន្តែ​ការបរាជ័យ​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​នៅឯ​ជំនួប​កំពូល​លើក​ទី​២​របស់​ពួកគេ​ក្នុង​ទីក្រុង​ហាណូយ​ដែល​បញ្ចប់​ទៅដោយ​គ្មាន​សូម្បីតែ​កិច្ចព្រមព្រៀង​រួមមួយ​នោះបាន​លើក​ឡើងជា​សំណួរ​អំពី​អនាគត​នៃ​ដំណើរការ​ដ៏​ធំ​ទូលាយ​។​

ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុងការ​ពិភាក្សា​បន្ថែមទៀត​ហើយ​លោក​ត្រាំ​បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ចាប់តាំងពី​ពេលនោះ​មក​ថា លោក​បាន​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​សម​ភាគី​កូរ៉េខាងជើង​ដោយ​អួតអាង​ថា លោក​បាន​រារាំង​ការដាក់ទណ្ឌកម្ម​ថ្មី​ដែល​គ្រោងទុក​សម្រាប់​ទីក្រុង​ព្យុងយ៉ាង​៕ AFP