ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ចម្រៀង​ស្រី ធា រ៉ានី ប្រកាស​ចេញ​៤​បទ​ អបអរ​ឆ្នាំ​ថ្មី​ ក្រោយ​ល្បី​បទ អូន​ដឹង

​ភ្នំពេញ ​៖ តារា​ចម្រៀង​ស្រី​រូប​ស្រស់​វ័យក្មេង ​កញ្ញា ធា រ៉ានី ដែល​ត្រូវគេ​ស្គាល់​តាមរយៈ​ បទ​”​អូន​ដឹង​”​គ្រាន់តែ​ចេញ​Audio​ មាន​Views5M​នោះ ​ពេលនេះ ​តារា​ស្រី​រូប​នេះ ​បាន​ចេញ​៤​បទ​ថែមទៀត​ ដើម្បី​អបអរ​ឱកាស​ពិធីបុណ្យ​ឆ្នាំ​ថ្មី​នៅ​ផលិតកម្ម​ហ្គោល​មាន​ដូច​ជា ​៖​ បទ​”​ក្រមុំ​ស្រុកស្រែ​”,”​គន់មើល​ផ្កាយ​”,”​កម្ពុជា​សួស្ដី​”​ និង​បទ​”​គេ​ចាក់​បទ​អី​រាំ​បទ​ហ្នឹង”។

បើតាម​ការ​ឲ្យ​ដឹង​ពី​ កញ្ញា ធា រ៉ានី លើកឡើងថា​ កន្លងមក​នាង​ចូលចិត្ត​ច្រៀង​តែ​បទ​ស្លូតៗ ​ព្រោះ​សំឡេង​នាង​ស៊ី​បទ​សង់​ទី​ម៉​ង់​ តែ​ពេលនេះ​ នាង​បាន​ផ្លាស់ប្ដូរ​មក​ច្រៀង​បទ​ញាក់ ​និង រាំ​ទៀត​អញ្ចឹង​វា​មិន​ស្រួល​ប៉ុន្មាន​ទេ​ តែ​ជា​បទពិសោធន៍​ថ្មី​មួយ​ ហើយ​ក្នុងនាម​នាង​ជា​តារាចម្រៀង​ម្នាក់​ គឺ​ចង់​ច្រៀង​ឲ្យ​បាន​គ្រប់​ទម្រង់​ទាំងអស់​។ ​នាង​ថា ខ្ញុំ​នៅ​ឆ្គងៗ​ខ្លះ​ដែរ​ មិនទាន់​ស៊ាំ​ទេ​ការលេង​ក្បាច់​រាំ​អី​ហ្នឹងហើយ​មុន​ថ​ត​បទ​ញាក់​ហ្នឹង ​ខ្ញុំ​ហាត់​រាំ​បានតែ​កន្លះ​ម៉ោង​អីចឹង​ រាំ​មិនទាន់​រលូន​ទេ​។​ យ៉ាងណា​ខ្ញុំ​ពេញចិត្ត​បទ​ចម្រៀង​របស់ខ្ញុំ​ទាំង​៤​បទ​ ដែល​បានចេញ​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ឆ្នាំកុរ​នេះ ហើយ​បទ​ដែល​ពេញចិត្ត​ជាងគេ​ គឺ​បទ ​”​គេ​ចាក់​បទ​អី​រាំ​បទ​ហ្នឹង ដែល​និពន្ធ​ដោយ ​លោក​ លាង ស៊ា​ង​លីន​”​។​

កញ្ញា ធា រ៉ានី បាន​បន្តទៀតថា ​ទោះបី​នាង​នៅ​មិនទាន់​ស៊ប់​ទៅ​នឹង​ការលេង​ក្បាច់​រាំ​ក្ដី​តែ​តាមរយៈ​រូប​សម្រស់​គួរ​ឲ្យ​ទាក់ទាញ​អ្នកចម្រៀង​រូបនេះ ​ពិតជា​គួរ​ឲ្យ​ក្នក់ក្នាញ់​នៅ​ពេល​លេង​ក្បាច់​រាំ ​និង​មាន​ក្រុម​រាំ​អម​ ហើយ​កញ្ញា​ថា ​នឹង​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ថែមទៀត​ ខណៈពេល​នេះ​នាង​ជា​តារា​ចម្រៀង​ដែល​គ្មាន​កុងត្រា​ជាមួយ​ផលិត​កម្មណា​ឡើយ​។​

តារាចម្រៀង​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង ​កញ្ញា ធា រ៉ានី បន្ថែមទៀតថា​ នៅ​ឆ្នាំ​ថ្មី​នេះ​នាង​ក៏បាន​វិវត្តន៍​ខ្លួន​មក​ជា​អ្នកចម្រៀង​ដែលមាន​ក្រុម​រាំ​អម​ដូច​តារាចម្រៀង​ល្បីៗ​ផ្សេង​ទៀត​ដែរ​ដោយ​នាង​ថា​ នេះ​ជាទី​ផ្សារ​តម្រូវ​។​ ប៉ុន្ដែ​នៅពេល​សួរ​រឿង​ស្នេហា ​នាង រ៉ានី បែរជា​ថា​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​រឿង​បេះដូង​ទៅវិញ​៕