ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pompeo ជំរុញ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​ដោះលែង​សកម្មជន​សិ​ទិ្ធ​នារី​សញ្ជាតិ​អាមេរិក​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ជំរុញ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោះលែង​ពលរដ្ឋ​អាមេរិក​ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុងការ​បង្ក្រាប​លើ​សកម្មជន​សិ​ទិ្ធ​នារី​នៅក្នុង​ប្រទេស​នេះ​។​

លោក Pompeo បាន​និយាយថា លោក​បាន​និយាយ​ផ្ទាល់​ទៅកាន់​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​អំពី​គ្រប់​ជនជាតិ​អាមេរិក​ដែល​លោក​ដឹងថា​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​។​

លោក Pompeo ប្រាប់​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា​ថា “​យើង​បាន​ជំរុញ​ពួកគេ​ឲ្យ​ធ្វើការ​សម្រេច​ចិត្តល្អ​ជាង​មុន​ដោយ​និយាយថា អ្នក​ទាំងនោះ​ចាំបាច់​ត្រូវតែ​ដោះលែង​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Pompeo បាន​បដិសេធ​ប្រាប់​ឈ្មោះ​ពលរដ្ឋ​អាមេរិក​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​។ ប៉ុន្តែ​លោក​ត្រូវបាន​សួរ​អំពី​លោក Salah al-Haidar ដែលជា​កូនប្រុស​របស់​សកម្មជន​សិទ្ធិនារី​ដ៏​លេចធ្លោ​ឈ្មោះ Aziza al-Yousef ដោយ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ឈ្មោះ​Tim Kaine ដែល​និយាយថា​លោក Haidar រស់នៅក្នុង​រដ្ឋ Virginia​។​

ក្រៅពី​លោក Haidar, សកម្មជន​បាន​និយាយថា កូនកាត់​អាមេរិក​-​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជាប់​ឃុំឃាំង​ម្នាក់ទៀត​គឺជា​អ្នកនិពន្ធ​និង​ជា​វេជ្ជបណ្ឌិត​ឈ្មោះ Bader al-Ibrahim ។​

រឿងហេតុ​ចុងក្រោយ​បំផុត​នេះ​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ស្ត្រី​ចំនួន​១១​នាក់​រួមទាំង Yousef ផងដែរ​បាន​វិល​ត្រលប់​ទៅ​តុលាការ​វិញ​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ដែល​រួមមាន​ទាំង​ពីបទ​ទាក់ទង​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស អ្នកការទូត​បរទេស​និង​ក្រុម​សិទ្ធិមនុស្ស​បរទេស​ផងដែរ​។ ស្ត្រី​មួយចំនួន​បាន​ចោទប្រកាន់ថា បាន​រង​ការធ្វើ​ទារុណកម្ម​រួមទាំង​ការរំលោភបំពាន​ផ្លូវភេទ​ផងដែរ​នៅក្នុង​ពន្ធនាគារ​។​

ស្ត្រី​ទាំងនោះ​បានធ្វើ​យុទ្ធនាការ​ដើម្បី​សិទ្ធិ​ក្នុងការ​បើកបរ​និង​ដើម្បី​លុបបំបាត់​ប្រព័ន្ធ​អាណាព្យាបាល​ដែល​ផ្តល់​សិទ្ធិអំណាច​ដល់​បុរស​ជាង​ស្ត្រី​។​

អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាង​ក្តៅគគុក​ពី​សមាជិកសភា​អាមេរិក​បន្ទាប់ពី​ការសម្លាប់​អ្នកកាសែត​ឈ្មោះ Jamal Khashoggi នៅក្នុង​ស្ថាន​កុងស៊ុល​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ខែតុលា​៕ AFP


TAG