ព័ត៍មានទាន់​ហេតុការណ៏
Search

ជាមួយនឹង​សារ​អបអរសាទរ​ឆ្នាំ​ថ្មី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​រំលេច​ឲ្យ​ឃើញ​នូវ​សមិទ្ធផល​ឆ្នាំ​ចាស់ និង​បន្ដ​ជំរុញ​ការអភិវឌ្ឍ​សម្រាប់​ឆ្នាំ​ថ្មី

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស​រំលេច​អំពី​សមិទ្ធផល​ឆ្នាំ​ចាស់​និង​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ជា​បន្តទៀត​ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​កាន់តែ​រឹងមាំ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម​ស្របតាម​បាវចនា​ជាតិ សាសនា​ព្រះមហាក្សត្រ និង ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ទាំងមូល​សម្រេចបាន​នាពេល​កន្លងទៅ។ ​បន្ត​ធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​តាម​អភិក្រម “​ឆ្លុះកញ្ចក់​ងូតទឹក ដុះក្អែល ព្យាបាល​និង​វះកាត់​”​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលេច​នូវ​សមិទ្ធផល​ឆ្នាំ​ចាស់ និង ការប្តេជ្ញា​ឆ្នាំ​ថ្មី​នេះ​នៅក្នុង​សារលិខិត​ជូន​ជនរួមជាតិ​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​ដែល​បានប្រសូត​ចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​ កន្លងទៅ​ក្នុង​លក្ខណៈ​សេរី​យុត្តិធម៌​ត្រឹមត្រូវ​តម្លាភាព​និង​ក្នុង​បរិយាកាស​ស្ថិរភាព នយោបាយ ស្រប​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​រហូតដល់ ៨៣,០២​ភាគរយ​នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​នឹងកំពុង​បន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាមួយនិង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឥត​រាថយ​នឹង​កាន់តែ​ស្វាហាប់​ជាង​ពេលណាៗ​ទាំងអស់​ក្នុងការ​បម្រើប្រជាជន​ធ្វើ​ដង​ក៏ដូចជា​កា​រព​ន្លឿ​ន​កិច្ចអភិវឌ្ឍន៍​និង​ជំរុញ​អនុវត្ត​ការកែទម្រង់​កាន់តែ​ស៊ី ជម្រៅ និង​ទូលំទូលាយ​ក្នុង​គ្រប់​វិស័យ​ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង​ស្របតាម​ឆន្ទៈ​និង​បំណង ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ បើ​ទោះ​បី​កម្ពុជា​បាន​ប្រឈម​នឹង​ឧបសគ្គ​គ្រប់បែបយ៉ាង​ទាំង​ក្នុង​និង​ក្រៅប្រទេស​ក៏ដោយ​ក៏​រាជរដ្ឋាភិបាល​បន្ត​កសាង​ប្រទេសជាតិ​ឲ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​ការពារ​ឲ្យ​បាន​ឯករាជ្យ​ជាតិ សន្តិភាព​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ការពារ​សមិទ្ធផល​សង្គមជាតិ​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ឬ​ការ​ញុះញង់​ណាមួយ​បង្ក​ឲ្យ​មាន​អស្ថេរភាព​នយោបាយ​ ឬ​ ចលាចល​នៅក្នុង​សង្គមជាតិ​កម្ពុជា​។ ជា​លទ្ធផល​កម្ពុជា​រក្សា​បាន​នូវ​សុខ​សន្តិភាព​ឯករាជ្យ​ជាតិ​និង​អធិបតេយ្យភាព​របស់​ខ្លួន​ព្រមទាំង​បញ្ជា​បាន​នូវ​គ្រោះមហន្តរាយ​ជាថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​និង​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ដោយ​ឈរ​លើ​មូលដ្ឋាន​ដែល​ប្រទេសជាតិ​មាន​សន្តិសុខ​និង​សន្តិភាព​ពេញលេញ​នេះ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅតាម​ការប៉ាន់ស្មាន​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន ៧,៥%​។​ កំណើន​ដ៏​រឹងមាំ​នេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម កម្ម​ន្ត សាល សំណង់​កសិកម្ម​និង​សេវាកម្ម​ដូចជា​ទេសចរណ៍​និង​អចលនទ្រព្យ​ជាដើម។ គួរ​កត់សម្គាល់​ថា​ កម្ពុ​ជា​កំពុងតែ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​។ កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ហើយ​បាន​ជំរុញ​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ភាព​ប្រកួតប្រជែង​ព្រមទាំង​ការផលិត​និង​ការប្រើប្រាស់​ក្នុងស្រុក​។ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ប្រមាណ​ជាង ២៩.៨០០ លាន​ដុល្លារ​ចំណែកឯ​ការនាំចេញ​មាន​ប្រមាណ​ជាង ១២.៨០០​លាន​ដុល្លារ​។ អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​អត្រា​អតិផរណា​ស្ថិតក្នុង​កំរិត​ទាប​និង​អាច​គ្រប់គ្រង​បាន​ទុនបម្រុង​អន្តរជាតិ​បាន​កើន​ជា​រៀងរាល់​ឆ្នាំ​អាស្រ័យ​ដោយ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​មាន​កំណើន​ល្អ​និង​តុល្យភាព​ជញ្ជីងទូទាត់​ក៏មាន​ភាព​កាន់តែ​ប្រសើរឡើង​ដែរ​។

កម្រិតជីវភាព​របស់​ប្រជាជន​កាន់​តែ​មាន​ភាពល្អប្រសើរ​ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​សូចនាករ​សង្គម ជាពិសេស​ការកើនឡើង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​)​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​១០៤២​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​ដល់​១៥៦៣ ដុល្លារ​អាមេរិច​ក្នុង​ឆ្នាំ ២០១៨​។ អត្រា​ផ្កាយ​ក្រោយ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៥៣,៥%​ក្នុង​ឆ្នាំ ២០០៤ បាន​ធ្លា​ក់​មក​ក្នុង​រង្វង់ ៩% ក្នុង​ឆ្នាំ ២០១៨ នឹង​បន្ត​ធ្លាក់ចុះ​ថែមទៀត​នៅ​ឆ្នាំ​២០១៩ នេះ ហើយ​គម្លាត​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ក៏មាន​ការធ្លាក់ចុះ​ជា​លំដាប់​ផង​ដែរ​។​ ទន្ទឹមនេះ​រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​បង្កើន​ប្រាក់ចំណូល​ជូន​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ទទួលបាន​នូវ​ប្រាក់បៀវត្ស​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល​ក្នុង​ឆ្នាំ ២០១៨ កន្លងទៅ​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ​និង​កងកម្លាំងប្រដាប់អាវុធ​បាន​កើត​ដល់​ជាង ១ លាន​រៀល​ហើយ​ការបើក​បៀវត្ស​បានធ្វើ​ទាន់ពេលវេលា​គឺ​បើក​ពីរដង​ក្នុង​មួយខែ​តាម​ប្រព័ន្ធ​ធនាគារ​។

ក្នុង​ឆ្នាំ​កន្លងទៅ​រាជរដ្ឋាភិបាល​សម្រេចបាន​ការងារ​ធំៗ​ជាច្រើន​វិស័យ​ក្នុងនោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពាន​ត្រូវបាន​បន្ត​អនុវត្ត​ជាប់​ជាប្រចាំ​ស្របតាម​ការអនុវត្ត​យុទ្ធ សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​រហូតមកដល់​បច្ចុប្បន្ន​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចបាន​ក្នុងនោះ​មាន​ផ្លូវជាតិ​ផ្លូវ​ខេត្ត​ផ្លូវលំ​ជនបទ​ស្ពាន​ឆ្លងកាត់​ទន្លេ​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ​។​ល​។

​ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ​រដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​ផ្លូវជាតិ​លេខ ៦ ដែលមាន​ប្រវែង​វែង ២៤៨ ,៥៣​គីឡូម៉ែត្រ​ចាប់ពី​ថ្នល់កែង​ខេត្តកំពង់ចាម​ដល់​អង្ក្រង​ខេត្តសៀមរាប ,​ផ្លូវជាតិ​លេខ ៥៨ ដែលមាន​ប្រវែង​១៧៤,១៦​គីឡូម៉ែត្រ​ចាប់​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ដល់​ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ ចំណត​កំពង់ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ស្ពាន​ឆ្លងកាត់​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង ព្រះរាជាណាចក្រ​ថៃ​ពី​ភូមិ​ស្ទឹង​បត់​ក្រុង​ប៉ោយ ប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅ​ភូមិ ណង​អៀន ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ដែលមាន​ប្រវែង ១៣០​ម៉ែត្រ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្ពាន​(​ជ្រោយចង្វារ​ទី​១)​ដែលមាន​ប្រវែង​៩៧១​ម៉ែត្រ​ថ្មីៗ​នេះ​និង​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​ដែលមាន​ប្រវែង ១៩០ គីឡូម៉ែត្រ​ដែល​ភ្ជាប់​ពី​ភូមិ​១​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ដល់​ភូមិ ១ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ២២ ខែមីនា​ឆ្នាំ ២០១៩ ហើយ​ចំណាយ​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្រោមរូបភាព​សាងសង់​ធ្វើ​អាជីវកម្ម​និង​ផ្ទេរ (B.O.T) ដែល​នឹង​ក្រុង​បញ្ចប់​រយៈពេល ៤៨​ខែ​។

ចំពោះ​វិស័យ​ថាមពល​អគ្គិសនី​វិញ​នៅ​ឆ្នាំ ២០១៨ កន្លងទៅ​បរិមាណ​ផ្គត់ផ្គង់​ដោយ​វា​រី​អគ្គិសនី​និង​រោង ចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ដែលជា​ប្រភព​ថាមពល​ផ្ទាល់​របស់​កម្ពុជា សម្រេចបាន​ជាង ៩,៦ ពាន់​លាន​គីឡូវ៉ាត់ម៉ោង បាន​កើនឡើង​ប្រមាណ ២៤,៨៩ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៧ ។​ការតភ្ជាប់​ខ្សែបណ្តាញ​ចរន្ត​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​អគ្គិសនី​រហូតមកដល់​ឆ្នាំ​២០១៨ នេះ​ចំពោះ​គេហដ្ឋាន​ប្រជាពលរដ្ឋ​សុទ្ធសាធ បាន​កើន​ដល់​ប្រមាណ ២,៥៥ លាន​ខ្នង​ផ្ទះ​ត្រូវជា​ប្រមាណ ៧២ ,១៦% នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ ៣,៣៨​លាន​ខ្នង​និង​គ្រប់​ដណ្ដប​ដោយ​ភូមិ​ប្រមាណ ៨៧ ភាគរយ​នៃ​ចំនួន​ភូមិ​សរុប ១៤,៣៨៣ ភូមិ​នៅ​ទូទាំង​ព្រះរាជា ណា​ចក្រ​កម្ពុជា​។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨ កន្លង ទៅ​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ មាន​អានុភាព ៤00 មេ​ហ្គា​វ៉ា​ត់​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​។

​សម្រាប់​ការបង្កបង្កើន​ផលដំណាំ​ស្រូវ​នៅ​ទូទាំងប្រទេស​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ឲ្យ​បរិមាណ​ផលិតផល​ស្រូវ​រដូវវស្សា​និង​ស្រូវ​រដូវប្រាំង​សម្រេចបាន​ប្រមាណ​ជាង​១០,៦ លាន​តោន​កើនឡើង​ជាង​ផលិតផល​ស្រូវវស្សា​និង​ស្រូវ​រដូវប្រាំង​ក្នុង​ឆ្នាំ​កន្លង​ប្រមាណ​២,៦៣%​និង​សល់​ស្រូវ​ជាង ៦,២​លាន​តោន​គិត​ជា​អង្ករ​ប្រមាណ​ជា ៤ លាន​តោន​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​។ រីឯ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​បរទេស​បាន​ជាង ៦២ ម៉ឺន​តោន​។

រហូតមកដល់​បច្ចុប្បន្ន​នៅ​កម្ពុជា​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​លេច​ឡើងជា​បន្តបន្ទាប់។ រោងចក្រ​សរុប​ចំនួន​ជាង​១.៥០០​រោងចក្រ​ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ស្បែកជើង​និង​មាន​ឧស្សាហកម្ម​មធ្យម​និង​សិប្បកម្ម​ជាង ១៥៦,៨៩០ មូលដ្ឋាន​ហើយ​ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជាង ១ លាន​នាក់​។ ស្រប​នឹង​ការ​រីកចម្រើន​វិស័យ​ឧស្សាហកម្ម​និង​សិប្ប កម្ម​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ជីវភាព រស់នៅ​ចំពោះ​កម្មករនិយោជិត​ដោយ​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង កើនឡើង ដល់ ១៨២ ដុល្លារ​អាមេរិក​ហើយ​បើក​ពីរដង​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ ២០១៩ ដែល​មិនទាន់​គិតដល់​ការទទួលបាន​នូវ​អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត​ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​។

​ជា​មួយ​នេះ​រាជរដ្ឋាភិបាល​បាន​គិត​គូរ​និង​ដោះស្រាយ​ជូន​បងប្អូន​និយោជិត​កម្មករ​កម្មការិនី​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដូចជា​ការពិនិត្យ​សុខភាព​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ ការ​ផ្ដល់​នូវ​របប​ឧបត្ថម្ភ​មាតុភាព​ចំនួន ៤0 ម៉ឺន​រៀល​សម្រាប់​ការ​សម្រាល​បានកូន ១ និង​ការធ្វើដំណើរ​តាម​រថយន្តក្រុង​សា​ធា រណៈ​ដោយ​មិន​គិតថ្លៃ​ផងដែរ​។ ទន្ទឹមនេះ​រាជរដ្ឋាភិបាល​ក៏​បាននឹងកំពុង​ជួយ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​បរទេស​មាន​ប្រមាណ​ជាង ១,២ លាន​នាក់​មាន​ជាអាទិ៍​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ​ប្រទេស​ម៉ាឡេស៊ី ជប៉ុន សិង្ហ​បុរី និង ហុងកុង ក្នុងការ​ធានា​នូវ​ផលប្រយោជន៍​ស្របច្បាប់​និង​មុខ​ជំនា ញ​បច្ចេកទេស​។

វិស័យ​សំណង់​រីកលូតលាស់​ដោយមាន​អគារ​ខ្ពស់​ប្រមាណ​ជាង ១,០៨០ អគារ​ចាប់ពី ៥ ជាន់​ទៅ ៤0 ជាន់ឡើង ក្នុង​រាជធានី​ភ្នំពេញ​និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ ភ្ញៀវទេសចរ​អន្តរជាតិ​ក៏បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន​ប្រមាណ ៦,២​លាន​នាក់​កើនឡើង​ប្រមាណ​១០,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៧ បាន​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់​និង​ដោយ​ប្រយោល​ប្រមាណ​ជាង ១ លាន​នាក់​។ ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ប្រមាណ ៤,៤៥៦ លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង ១៥.១៣​ភាគរយ ហើយ​ចំណូល​ពី​ការ​លក់​ប័ណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ទទួលបាន​ប្រមាណ ១១៦ លាន​ដុល្លារ​អាមេរិក ដែលមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ប្រមាណ ២,៦​លាន​នាក់​កើន ៥,៤៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៧ ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការរក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​និង​សន្តិភាព​នៅ​ទូទាំងប្រទេស​ដោយ​អនុវត្ត​នូវ​វិធានការ​ច្បាប់​ដោយ​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​។​

ចំពោះ​ការងារ​ការបរទេស​វិញ​រាជរដ្ឋាភិបាល​បាន​ខិតខំ​បំពេញបេសកកម្ម​ការទូត​នៅលើ​ឆាក​អន្តរ ជាតិ​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​គ្រប់​វិស័យ ដោយ​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជាអាទិ៍​កិច្ចប្រជុំ​ទូទៅ​លើក​ទី ៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​និង​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី ១២​កាលពី​ថ្ងៃទី ១៨ ដល់​១៩​ខែតុលា ២០១៨​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក ហើយ​កិច្ចប្រជុំ​នេះ​ក៏បាន​អនុម័ត​គាំទ្រ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ ឆ្នាំ ២០២០​។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចូល​រួម​ចំណែក​បញ្ជូន​ក​ង​យោធពលខេមរភូមិន្ទ​ជា​បន្តបន្ទាប់​ទៅ​ចូលរួម​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​លី​បង់​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​ម៉ាលី និង សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន ៨១៣​នាក់​ក្នុងនោះ​ស្រី ៦៦ នាក់​។

រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​កន្លង​ទៅ​នេះ​គឺ​អាស្រ័យ​ដោយមាន​ការដឹកនាំ​ខាង​នយោបាយ​ត្រឹមត្រូវ​ប្រកបដោយ​ឆន្ទៈ​មោះមុត​មានការ​ចូលរួម​គាំទ្រ​ពី​សមាជិក​សមាជិកា​នៃ​ស្ថាប័ន​នីតិ​បញ្ញត្តិ​សមាជិក​សមាជិកា​រាជរដ្ឋាភិបាល​មន្ត្រីរាជកា​រ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ព្រម​ជាមួយនឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ដោយ​ចិត្ត​ស្មោះស​ពី​បណ្ដា​ប្រទេស​ជា​មិត្ត​ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​អន្តរជាតិ​ផងដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បន្តថា សម្រាប់​ឆ្នាំ​ថ្មី​នេះ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ជា​បន្តទៀត​ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​រឹងមាំ​ការពារ​រដ្ឋធម្មនុញ្ញ​ការពារ​របបរាជានិយម​ស្របតាម​បាវចនា​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ​និង​ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ទាំ​មូល​បានសម្រេច​កន្លងទៅ​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​នឹង​បន្ត​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​តាម​អភិក្រម «​ឆ្លុះកញ្ចក់ ងួ​ត​ទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ក្នុង​នោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ​តាមរយៈ​ការពង្រឹង​ស្ថាប័ន​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ការអភិវឌ្ឍ​ធនធានមនុស្ស​កែលម្អ​ប្រព័ន្ធ​អប់រំ​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ការលើកកម្ពស់​ប្រព័ន្ធ​ការពារ​សង្គម​ការលើក​កម្ពស់​គុណភាព​សេវា​សុខាភិបាល​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត សំណង់ ផ្លូវ ស្ពាន ធារាសាស្ត្រ​ព្រមទាំង​បង្កើន​ប្រភព​ថាមពល​អគ្គិសនី ដើម្បី​បន្ត​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម​ដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​កសិកម្ម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114