Connect with us

ព័ត៌មានជាតិ

ការដោះលែងទាហាន១៨រូប កម្ពុជារំពឹងថា នឹងរួមចំណែកដល់ការស្ដារឡើងវិញទំនាក់ទំនងរវាងកម្ពុជា-ថៃ  

បានផុស

នៅ

ទាហានកម្ពុជាទាំង១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកវិញដោយសុខសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ការដោះលែងទាហានទាំង១៨រូប កម្ពុជារំពឹងថា នឹងចូលរួមចំណែកដល់ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងថៃ ដើម្បីឆ្ពោះទៅរកសុខសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ថា ការដោះលែងទាហានកម្ពុជាត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមការឯកភាពនេះ បានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញរយៈពេល៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជា១៨រូបដែលថៃចាប់ឃុំខ្លួនត្រូវដោះលែង។

បើតាមលោកស្រី ម៉ាលី សុជាតា ការដោះលែងទាហានទាំង១៨រូបនេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្រោមការធ្វើជាសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

រដ្ឋាភិបាលកម្ពុជា បានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនាថ្ងៃនេះ។ លោកស្រី ម៉ាលី សុជាតា ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។

គួរជម្រាបថា ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថារដ្ឋាភិបាលមិនទុកទាហានកម្ពុជាណាម្នាក់ចោលនោះឡើយ ដោយសម្ដេចបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីសម្រេចឱ្យបានការដោះលែងពួកគាត់ ដើម្បីឱ្យទាហានអាចមកជួបជុំក្រុមគ្រួសារ ដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម