ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ចប់​ការប្រកួត​ហែល​ទឹក​ពានរង្វាន់​សម្ដេច​ក្រឡា​ហោម​ លើក​ទី​៦ ឆ្នាំ​២០១៩

ការប្រកួត​កីឡាហែលទឹក​ដណ្ដើមពាន​រង្វាន់ ​សម្ដេច​ក្រឡាហោម​ ស ខេង លើក​ទី​៦ ឆ្នាំ​២០១៩​ បន្ទាប់ពី​ដំណើរការ​ប្រកួត​ពេញ​មួយ​ថ្ងៃទី​១១​មេសា នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នោះ បានបញ្ចប់​ដោយ​ជោគជ័យ ​និង​ទទួលបាន​លទ្ធផល​ល្អ។ ព្រឹត្តិការណ៍​នេះ ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង។​

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រ​ចិត្តបាន​ឲ្យ​ដឹងថា ការប្រកួត​កីឡាហែលទឹក​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម ​ស ខេង លើក​ទី​៦ ឆ្នាំ​២០១៩​នេះ មាន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ចំនួន​៧០​នាក់ ដែល​ក្នុង​នោះ​មាន​កីឡា​ការិនី​១៩​នាក់ និង​កីឡាករ​ជន​ពិការ​មកពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ចំនួន​៩​នាក់ មកពី៩ សមាគម​-​ក្លិប​។​

​វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​១៥ គឺ​ជនពិការ​មួយ​វិញ្ញាសា កុមារ​អាយុ​ក្រោម​១៣​ឆ្នាំមាន​កុមារា​២​វិញ្ញាសា​ និង​កុមារី​២​វិញ្ញាសា។ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ មាន​បុរស​២​វិញ្ញាសា នារី​២​វិញ្ញាសា និង កីឡា​ជំនាញ ​គឺ​បុរស​៤​វិញ្ញាសា និង នារី​២​វិញ្ញាសា។​

​ចំពោះ​លទ្ធផល​ក្រោយ​បញ្ចប់​ការប្រកួត ក្រុមកីឡា​ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​នាំមុខគេ គឺ​ដណ្ដើមបាន​មេដាយមាស​ចំនួន​៥​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​២​គ្រឿង។​ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​ដេញតាម​ពីក្រោយ​នោះ បាន​មេដាយមាស​៤​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មេដាយមាស​២​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង។ សាលា​ខេ​ម​វីដ បាន​មេដាយមាស​២​គ្រឿង និង​ប្រាក់​២​គ្រឿង ក្រសួង​ពត៌មាន​បាន​មេដាយមាស​២​គ្រឿង ប្រាក់​១​គ្រឿង សំរឹទ្ធ​១​គ្រឿង។ ជនពិការ​មកពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង។​
​ ​
សូមបញ្ជាក់ថា សម្រាប់​មេដាយមាស​បានទទួលរ​ង្វាន់​អម​មេដាយ​ចំនួន​៣០០.០០០​រៀល មេដាយ​ប្រាក់​២០០.០០០​រៀល និង​មេដាយ​សំរឹទ្ធ​បាន​១០០.០០០​រៀល។ ចំពោះ​អ្នក​ដែល​មិនបាន​ចំណាត់​ថ្នាក់​បាន​រង្វាន់​លួង​ចិត្ត​ម្នាក់ៗ​២០.០០០​រៀល​ដែរ។​

លោក​ឧត្ដមសេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត បាន​អះអាង​ថា លោក​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ ឲ្យ​បាន​មុន​ថ្ងៃ​ចូលឆ្នាំ​ជា​រៀងរាល់ឆ្នាំ៕